អន្តរជាតិ
ថៃ មានករណីស្លាប់ពាក់ព័ន្ធនឹងជំងឺអុតស្វាលើកដំបូង
14, Aug 2023 , 5:29 pm        
រូបភាព
រូបភាពនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ
រូបភាពនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ
ថៃ បានរាយការណ៍ពីករណីស្លាប់ពាក់ព័ន្ធនឹងជំងឺអុតស្វាលើកដំបូងនៅក្នុងប្រទេស នៅសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃទី១៤ ខែសីហា។ អ្នកជំងឺវ័យ ៣៤ឆ្នាំរូបនេះ ក៏មានផ្ទុកមេរោគហ៊ីវ និងរោគស្វាយផង។

 
តាមការបញ្ជាក់របស់លោវេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយកគ្រប់គ្រងជំងឺឆ្លងនៅថ្ងៃទី១៤ ខែសីហា ថៃមានករណីស្លាប់ពាក់ព័ន្ធនឹងជំងឺអុតស្វាលើកដំបូងនៅក្នុងប្រទេស។ 
 
អគ្គនាយកគ្រប់គ្រងជំងឺឆ្លង បានបន្តថា អ្នកជំងឺបានចេញរោគសញ្ញាដូចជា គ្រុន, ឈឺក្បាល, រមាស់ និងកន្ទួលនៅលើរាងកាយ នៅថ្ងៃទី៣ ខែកក្កដា។ នៅថ្ងៃទី១១ ខែកក្កដា អ្នកជំងឺរូបនេះ បានរកការព្យាបាលនៅពេទ្យឯកជនមួយកន្លែង ក្នុងខេត្តChon Buri ដោយលទ្ធផលពិនិត្យបានរកឃើញថា អ្នកជំងឺវ័យ ៣៤ឆ្នាំរូបនេះ មានផ្ទុកជំងឺអុតស្វា, មេរោគហ៊ីវ និងកាមរោគផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
យ៉ាងណាមិញ អ្នកជំងឺបានចាកចេញពីមន្ទីរពេទ្យឯកជននោះ ក្រោយព្យាបាលជាច្រើនសប្តាហ៍។ ដោយ អ្នកជំងឺមានសភាពហត់ខ្លាំង និងពិបាកដកដង្ហើម នៅថ្ងៃទី៩ ខែសីហា គ្រួសារ បានបញ្ជូនអ្នកជំងឺទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi។ បើទោះមានការផ្តល់ថ្នាំព្យាបាលជំងឺអុតស្វា និងប្រឆាំងមេរោគក៏ដោយ សុខភាពអ្នកជំងឺនៅតែចុះថយ និងបានទទួលមរណភាពនៅថ្ងៃទី១១ ខែសីហា។ 
 
តាមការបញ្ជាក់របស់លោក Tares ជំងឺអុតស្វា ជាជំងឺឆ្លងមួយ ដែលទើបតែលេចឡើងនៅថៃ និងមានករណីឆ្លងជាបន្តបន្ទាប់។ អ្នកជំងឺអុតស្វាប្រមាណ ៤៣ភាគរយនៃករណីសរុប ក៏ផ្ទុកមេរោគហ៊ីវផង។ ករណីឆ្លងភាគច្រើន គឺកើតចេញពីការរួមភេទរវាងបុរស និងបុរស។ គិតត្រឹមថ្ងៃទី៨ ខែសីហា ករណីឆ្លងជំងឺអុតស្វានៅថៃ មានចំនួន ១៨៩ករណី ដោយប្រជាជនថៃមានចំនួន ១៦១ករណី និងបរទេសមាន ២៨ករណី៕ 
 

Tag:
 (ថៃ
  អុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com