ជាតិ
ផុត៣ដំណាក់កាលសិន ទើប​អ្នកផ្តល់សេវាទូរសព្ទ អាច​ដកហូតលេខអ្នកប្រើប្រាស់យកទៅលក់
15, Aug 2023 , 3:26 pm        
រូបភាព
ដោយ: រួបរួម
ហេតុអ្វីលេខទូរសព្ទរបស់អ្នក បែរជាត្រូវបានអ្នកដទៃប្រើប្រាស់? ហេតុអ្វីបានជាបញ្ចូលទឹកលុយសាជាថ្មីហើយ តែពុំមានការបូកយោងបន្តទឹកប្រាក់ក្នុងគណនីគោល? និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) តែងតែបានសង្កេតឃើញ និងទទួលបានការតវ៉ានូវបញ្ហាទាំងនេះ ពីសំណាក់អ្នកប្រើប្រាស់។ ដើម្បីចៀសវាងនូវបាតុភាពដដែល ស្ថាប័នថ្នាក់ជាតិមួយនេះ បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករ ជាមួយនឹងការបែងចែកដំណាក់កាលច្បាស់លាស់ មុននឹងឈានដល់ការដកហូតលេខយកទៅលក់។

 
បីដំណាក់កាលសំខាន់ៗ ដែលប្រតិបត្តករផ្តល់សេវាទូរសព្ទ ដើម្បីអនុវត្ត តាមសេចក្តីណែនាំដែលចុះហត្ថលេខដោយ លោក អូក ដូរ៉ានី ប្រធានស្តីទីនិយ័តករទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ក្នុងគោលបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់។
 
ក្រោយផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ត្រូវបានណែនាំឱ្យកំណត់រយៈពេល នៃការបន្តបើកដំណើរការលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់។ «ត្រូវកំណត់រយៈពេល៦០ថ្ងៃ សម្រាប់ផ្អាកបណ្តោះអាសន្ន នូវការហៅទូរសព្ទចេញ ការផ្ញើសារខ្លី SMS ចេញ និងការប្រើប្រាស់»។ នេះជាសេចក្តីណែនាំសម្រាប់ដំណាក់កាលទី១។
 
ដំណាក់កាលទី២ ន.ទ.ក. ឱ្យកំណត់រយៈពេល៣០ថ្ងៃបន្ថែមទៀត សម្រាប់ការផ្អាកបណ្តោះអាសន្ន នូវការហៅចេញ និងផ្ញើ SMS។ ហើយដូចដំណាក់កាលដំបូងផងដែរ អ្នកប្រើប្រាស់នៅតែអាចហៅទូរសព្ទចេញ ទៅកាន់លេខសង្គ្រោះបន្ទាប់ ១១៧ (នគរបាល), ១១៨ (រថយន្តពន្លត់អគ្គិភ័យ) និង១១៩ (រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។
 
ឈានដល់ដំណាក់កាលទី៣ និយ័តករណែនាំឱ្យប្រតិបត្តិករបញ្ឈប់ការហៅចេញ និងផ្ញើ SMS និងបន្តរក្សាទុកលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេល៩០ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខអាចស្នើសុំបើកដំណើរការ លេខរបស់ខ្លួនសាជាថ្មី។ បើផុតទាំង៣ដំណាក់កាលនេះ ហើយគ្មានការសុំបើកលេខជាថ្មីទេនោះ ប្រតិបត្តិករផ្តល់សេវា អាចដកហូត​លេខ និងអាចដាក់លក់ឡើងវិញសាជាថ្មី។
 
ជាមួយគ្នានេះ ប្រតិបត្តិករ មានកាតព្វកិច្ចរក្សាទុកកំណត់ត្ រានៃអត្តសញ្ញាណរបស់គ្រប់អ្នកចុះឈ្មោះប្រើប្រាស់ ទាំងថ្មីទាំងចាស់ឱ្យបានច្បាស់លាស់ ក្នុងកិច្ចសន្យាជាវសេវា។ ទាក់ទងនឹងការបូកយោងសុពលភាព នៃគណនីគោល និយ័តករ ណែនាំឱ្យមានការកំណត់លក្ខខណ្ឌច្បាស់លាស់ ដោយគិតចាប់ពីសុពលភាពចុងក្រោយ នៃទឹកប្រាក់ក្នុងគណនីគោល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com