អន្តរជាតិ
លោកម៉ូឌីថា ឥណ្ឌាមានសមត្ថភាពអាចផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក
15, Aug 2023 , 5:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព Twitter_Narendra Modi
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព Twitter_Narendra Modi
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នៅថ្ងៃទី១៥ ខែសីហា បានលើកឡើងថា ឥណ្ឌា ស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ និងមានសមត្ថភាព ក្នុងការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលលេចឡើងក្រោយផ្ទុះជំងឺកូវីដ-១៩។

 
ឥណ្ឌានៅថ្ងៃទី១៥ ខែសីហា បានបារព្ធទិវាឯករាជ្យភាពលើកទី៧៧ ពីទីលាន Red Fort នៅក្នុងក្រុងញូវដែលី។ ក្នុងសុន្ទរកថាជិត ៩០នាទី លោក នារិន្ទ្រា ម៉ូឌី ប្រមុខរដ្ឋាភិបាលឥណ្ឌា បានលើកឡើងថា​ ឥណ្ឌាពេលនេះ មិនអាចត្រូវបញ្ឈប់បានឡើយ។ បើតាមលោក ម៉ូឌី ឥណ្ឌា ស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ដែលអាចផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកថ្មី ក្រោយជំងឺកូវីដ-១៩។ 
 
«ដោយសណ្តាប់ធ្នាប់ពិភពលោកថ្មីលេចឡើងក្រោយសង្រ្គាមលោកលើកទីពីរ ខ្ញុំអាចមើលឃើញច្បាស់ថា សណ្តាប់ធ្នាប់ពិភពលោកថ្មី ភូមិសាស្រ្តនយោបាយថ្មី បានផ្លាស់ប្តូរយ៉ាងរហ័សក្រោយជំងឺកូវីដ-១៩។ ខ្ញុំអាចឃើញពីកម្លាំងរបស់ប្រជាជនឥណ្ឌា ១,៤ពាន់លាននាក់ក្នុងការផ្លាស់ប្តូរពិភពលោក»។ លោក ម៉ូឌី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ឥណ្ឌា មានប្រជាសាស្រ្ត ប្រជាធិបតេយ្យ និងភាពចម្រុះ ដែលជាសក្តានុពលក្នុងការធ្វើឱ្យក្តីសុបិន្តក្លាយជាការពិត។ នេះបើតាមការចុះផ្សាយរបស់ Times of India។ 
 
បន្ថែមពីនេះ លោក ម៉ូឌី ក៏បានថ្លែងពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរបស់លោកក្នុងរយៈពេល ១០ឆ្នាំមកនេះដូចជា សន្តិសុខរបស់ប្រទេស, សុខមាលភាពសង្គម និងការពង្រឹងតួនាទីរបស់ស្រ្តីផង។ ទន្ទឹមនេះ មេដឹកនាំឥណ្ឌា ក៏បានទទួលស្គាល់ពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេស ខណៈពេលបច្ចុប្បន្ន ឥណ្ឌាជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥។ 
 
មិនតែប៉ុណ្ណោះ លោកម៉ូឌី បានអំពាវនាវឱ្យប្រជាជាតិអាស៊ីខាងកើតមួយនេះ លុបចោលអំពើពុករលួយ បក្សពួកនិយម និងការថមថយ ដើម្បីដឹកនាំប្រទេសបន្ត។ ប្រមុខរដ្ឋាភិបាលឥណ្ឌា ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕ 
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com