ជាតិ
អង្គរវត្ត ទីតាំងល្អដាច់គេ​លើលោក​សម្រាប់មើល​ថ្ងៃរះ និងស្ថិតនៅ​ Top 10 សម្រាប់មើលថ្ងៃលិច
16, Aug 2023 , 8:59 am        
រូបភាព
ដោយ: រួបរួម
ទស្សនា​ព្រះអាទិត្យរះ (ថ្ងៃរះ) និងទស្សនា​ព្រះអាទិត្យអស្ដង្គត (ថ្ងៃលិច)! អង្គ​រវត្ត​គឺជាទីតាំង​ដ៏សក្តិសម​​បំផុត​សម្រាប់អ្នកទេសចរទាំងឡាយ។ នេះ​បើផ្អែក​តាម​ចំណាត់ថ្នាក់​របស់គេហទំព័រ Morning Life។


 
មានមូលដ្ឋាននៅ​ក្រុងឡុងដ៍ ចក្រភពអង់គ្លេស Morning Life ជាប្រភព​ដែល​ផ្តល់​ព័ត៌មាន និង​ផ្តល់​ចំណាត់ថ្នាក់​ផ្សេងៗ​ទាក់ទង​នឹង​គុណភាពជីវិតជាពិសេស​ភាព​ស្កប់ស្កល់​នៃដំណេក​រហូត​ដល់ព្រឹក​ព្រលឹម​ដ៏ស្រស់ស្រាយ។
 
ព្រលឹម​ដ៏មាន​សុភមង្គលជាមួយ​ថ្ងៃរះ និង​ព្រលប់ដ៏មានន័យជា​មួយថ្ងៃលិច Morning Life ដែល​បាន​ប្រើ​ប្រាស់ទិន្នន័យ​របស់គេហទំព័រ​ដំណើរ​កម្សាន្ត Tripadvisor បាន​ឈាន​ដល់​ការកំណត់ចំណាត់ថ្នាក់​ទីតាំង​ដ៏ល្អ​បំផុត​សម្រាប់មើល​ថ្ងៃរះ (Sunrise) និងថ្ងៃលិច (Sunset)។ ទីតាំងទាំងនោះ មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ទីសាធារណៈ តំបន់ភ្នំ តំបន់ឆ្នេរ អគារបុរាណ និងទំនើប​នានា។
 


ពិត​ជាអស្ចារ្យ​ណាស់សម្រាប់អង្គរវត្តរបស់កម្ពុជា ដែលមាន​ការ​គាំទ្រ​ដាច់គេ​ក្នុងនាមជាទីតាំងដ៏ល្អបំផុត​សម្រាប់​ទស្សនាថ្ងៃរះ ( Best Places to See the Sunrise in the World)។ ចំនួន​ដែលបាន​លើកឡើង (Mentions) ​អំពីអង្គរវត្ត គឺ​មាន​ជាង​១ម៉ឺន ខណៈតំបន់​ភ្នំភ្លើង Haleakala Crater នៃកោះហាវ៉ៃ សហរដ្ឋអាម៉េរិក ស្ថិតនៅ​លំដាប់ទីពីរ ដោយមាន​ការ​លើកឡើងជិត៤០០០។
 
ចំពោះ​ទីតាំង​ដ៏ល្អបំផុត​សម្រាប់មើល​ថ្ងៃ​លិច​ (Best Places to See the Sunset in World) វិញ អង្គរវត្តស្ថិតនៅ​លេខ​រៀងទី៦ ដោយមានការ​លើកឡើង​ជា២៥០០ ខណៈ​ទីតាំងលំដាប់​លេខ​១ គឺ​ តំបន់ផ្សារទំនើប Mollory Square ក្នុងរដ្ឋហ្វ្លរីដា សហរដ្ឋអាម៉េរិក ដោយមាន​ការលើកឡើង​ជាង​៩៨០០។
 


ចំណាត់ថ្នាក់​តំបន់​ល្អបំផុត​ដើម្បីមើល​ថ្ងៃរះទាំង១០ 
១. អង្គរវត្ត (កម្ពុជា)
២. Haleakala Crater (សហរដ្ឋអាម៉េរិក)
៣. Taj Mahal (ឥណ្ឌា)
៤. Borobudur Temple (ឥណ្ឌូណេស៊ី)
៥. Uluru (អូស្ត្រាលី)
៦. Sarangkot (ណេប៉ាល់)
៧. Bagan Temples (មីយ៉ាន់ម៉ា)
៨. Adam's Peak (Sri pada) (ស្រីលង្កា)
៩. Charles Bridge (សាធារណរដ្ឋឆេក)
១០. Santuario Historico de Machu Picchu (ប៉េរូ)
 


ចំណាត់ថ្នាក់​តំបន់​ល្អបំផុត​ដើម្បីមើល​ថ្ងៃលិច​ទាំង១០ 
១. Mallory Square (សហរដ្ឋអាម៉េរិក)
២. Burj Khalifa (អេមីរ៉ាត អារ៉ាប់រួម)
៣. Piazzale Michelangelo (អ៊ីតាលី)
៤. Tanah Lot Temple (ឥណ្ឌូណេស៊ី)
៥. Mindil Beach (អូស្ត្រាលី)
៦. អង្គរវត្ត (កម្ពុជា)
៧. Eiffel Tower (បារាំង)
៨. Shwedagon Pagoda (មីយ៉ាន់ម៉ា)
៩. Sugarloaf Mountain (ប្រេស៊ីល)
១០. London Eye (អង់គ្លេស)៕
 


Tag:
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com