ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ប្រកាសជំហរប្រឆាំងការដាំកញ្ឆានៅកម្ពុជា
16, Aug 2023 , 2:46 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត ប្រកាសជំហរប្រឆាំងដាច់ណាត់ចំពោះការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជា។ នេះបើតាមវីដេអូឃ្លីបប្រមាណ១នាទី ដែលបានស្រង់សម្តីនាយករដ្ឋមន្រ្តីតែងតាំងនាអាណត្តិទី៧ ថ្លែងក្នុងវេទិកាសាធារណៈមួយ។



«កន្លងទៅមានការ Lobby (បញ្ចុះបញ្ចូល) ឱ្យមានការដាំកញ្ឆានៅស្រុកខ្មែរ។ ខ្ញុំមិនដឹងថា ពីណាធ្វើ (ដាំកញ្ឆា) ស្រុកណាធ្វើទេ តែសម្រាប់ខ្ញុំ ទស្សនៈខ្ញុំ គឺប្រឆាំងដាច់ខាត» ។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះហើយ ឆ្លៀតបន្ថែមទៀតថា ដំណាំកញ្ឆានេះ គឺគ្មានផ្ដល់ផលចំណេញដល់ជាតិឡើយ ។ 
 
ដំណាំកញ្ឆានេះ ត្រូវបានគេប្រើប្រាស់នៅក្នុងផ្នែកវេជ្ជសាស្រ្ត ដោយផលិតចេញជាឱសថជាដើម។ ជាក់ស្ដែងនៅក្នុងប្រទេសថៃ បានអនុញ្ញាតឱ្យមានការដាំកញ្ឆា ដើម្បីយកទៅចម្រាញ់ជាឱសថ សម្រាប់ព្យាបាលមនុស្ស។
 
ទោះជាមានអត្ថប្រយោជន៍ក្នុងវេជ្ជសាស្រ្ត និងអាចផ្ដល់ចំណូលចូលជាតិក្តី តែនាយករដ្ឋមន្រ្តីតែងតាំងនាអាណត្តិទី៧នេះ នៅតែរក្សាជំហរប្រឆាំងការដាំកញ្ឆានៅកម្ពុជា។ «ខ្ញុំសូមនិយាយជាចំហអ‍៊‍ីចឹងហ្មង ជាជំហរគឺអត់មានថយក្រោយ (មិនអនុញ្ញាតឱ្យដាំកញ្ឆា)ទេ»។ នេះបើតាមលោក ហ៊ុន ម៉ាណែត ដែលបានចោទជាសំណួរវិញថា ដំណាំមានច្រើនប្រភេទ ហេតុអ្វីមិននាំគ្នាដាំ បែរជាចង់ដាំកញ្ឆាទៅវិញ?
 
ជាទស្សនៈលោក ម៉ាណែត ការដាំកញ្ឆានៅកម្ពុជា នឹងនាំឱ្យវឹកវរដល់សង្គមជាតិ ជាពិសេសយុវជនជំនាន់ក្រោយ។ 
 
កាលពីខែមេសាកន្លងមក ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចុះដុតកម្ទេចដើមកញ្ឆាជាង១ម៉ឺនដើម លើផ្ទៃដីជាង១ហិកតា ក្នុងភូមិម៉េប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា។ ដីសម្រាប់ដាំដើមកញ្ឆានោះ គឺជនជាតិវៀតណាម២នាក់ ជួលពីប្រជាពលរដ្ឋខ្មែរ។ ជនជាតិវៀតណាមទាំង២នាក់ ដែលត្រូវចាប់ខ្លួន មានម្នាក់អាយុ៣២ឆ្នាំ និងម្នាក់ទៀតអាយុ២៧ឆ្នាំ។ 
 
កញ្ឆា គឺជារុក្ខជាតិ​មួយ​ប្រភេទ មាន​ដើមកំណើត​ក្នុង​ទ្វីបអាស៊ី​ត្រជាក់​មធ្យម ហើយ​ត្រូវបាន​គេ​យកមក​ដាំ​ស្ទើរ​គ្រប់​ប្រទេស​។ នៅ​ឥណ្ឌូចិន ប្រទេស​ដែល​ដាំរុក្ខជាតិ​នេះច្រើនជាងគេ គឺ​​​ប្រទេសឡាវ និង​វៀតណាម ដែល​ភាគច្រើន​ដាំ​នៅលើ​ភ្នំ​។
 
​កញ្ឆា​នេះ គឺជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ជាតិ​ស្រវឹង នៅ​ដើម​ទាំងមូល ប៉ុន្តែ​នៅ​ចុង​ធាង​ផ្កា​មាន​ជាតិ​ស្រវឹង​ខ្លាំង​ជាង​។ គេ​តែងតែ​យក​ស្លឹក​មក​ហាន់ ហើយ​ហាល​ឲ្យ​ស្ងួត លាយ​ជាមួយ​ស្លឹក​ថ្នាំជក់។ ពេល​ជក់​ដំបូង កញ្ឆា​ធ្វើ​ឲ្យ​មានការ​សប្បាយចិត្ត តែបើ​ជក់​ច្រើន ការសប្បាយ​ចិត្ត​នោះ​បាត់​ទៅវិញ ហើយអ្នកខ្លះ​ឈានដល់​ទ្រហោយំ​វិញ ​ក៏មានដែរ​៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com