អន្តរជាតិ
មីយ៉ាន់ម៉ា នឹងបោះបង់តំណែងប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៦
16, Aug 2023 , 3:19 pm        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ី។ រូបភាព AFP
កិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ី។ រូបភាព AFP
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងដកខ្លួនពីប្រធានផ្លាស់វេនអាស៊ាន នៅក្នុងឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ប្រភពមន្រ្តីទូតរបស់អាស៊ាន។ ការបោះបង់នេះ ធ្វើឡើងស្របពេលមីយ៉ាន់ម៉ា កំពុងមានវិបត្តិនយោបាយ និងមានការប៉ះទង្គិចនៅក្នុងប្រទេស ខណៈកន្លងមក មីយ៉ាន់ម៉ា​ មិនបានបញ្ជូនតំណាងមិនមែននយោបាយទៅកិច្ចប្រជុំអាស៊ាន។

 
ជាគោលការណ៍ សមាជិកអាស៊ានត្រូវផ្លាស់ប្តូរគ្នាធ្វើជាប្រធានផ្លាស់វេនមួយឆ្នាំម្តង។ ឆ្នាំ២០២៣ ឥណ្ឌូណេស៊ីជាប្រធាន ឯប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៤ ខាងមុខ គឺឡាវ, ២០២៥ គឺម៉ាឡេស៊ី និង២០២៦ គឺមីយ៉ាន់ម៉ា ហើយហ្វីលីពីននៅឆ្នាំបន្ទាប់។ 
 
ពេលនេះ ស្ថានភាពមីយ៉ាន់ម៉ា មានភាពស្មុគស្មាញយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសជាដើម ប្រធានផ្លាស់វេន តែងអញ្ជើញតំណាងមិនមែននយោបាយឱ្យមកចូលរួមប៉ុណ្ណោះ ចាប់តាំងពីមានរដ្ឋប្រហារយោធា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។
 
តាមការបញ្ជាក់ពីប្រភពនៅក្នុងអង្គការអាស៊ាន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេច បោះបង់ចោលប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៦ ស្របពេលប្រទេសកំពុងមានជម្លោះប្រដាប់អាវុធ និងមិនទាន់រៀបចំការបោះឆ្នោតថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
ប្រសិនបើមីយ៉ាន់ម៉ាដកខ្លួនមែន ហ្វីលីពីន ត្រូវបានរំពឹងថានឹងជាប្រធានផ្លាស់វេនអាស៊ាន នៅក្នុងឆ្នាំ២០២៦។ 
 
មីយ៉ាន់ម៉ាចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ១៩៩៧។ នៅក្នុងឆ្នាំ ២០០៦ ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ ក៏ត្រូវធ្វើជាប្រធានផ្លាស់វេនដែរ ប៉ុន្តែបានដកខ្លួនចេញ ដើម្បីឆ្លើយតបនឹងការប្រឆាំងរបស់អឺរ៉ុប អាម៉េរិក និងប្រទេសផ្សេងទៀត។ កាលនោះ មីយ៉ាន់ម៉ា ក៏ស្ថិតនៅក្រោមការដឹកនាំរបស់យោធាដែរ។ 
 
នៅក្នុងឆ្នាំ២០១៤ មីយ៉ាន់ម៉ា បានធ្វើជាប្រធានផ្លាស់វេនអាស៊ានលើកដំបូង ក្រោយមានការបោះឆ្នោតនៅក្នុងឆ្នាំ២០១០។ កាលពីបោះឆ្នោតឆ្នាំនោះ បក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា បានបដិសេធមិនចូលរួមឡើយ៕ 
 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com