ជាតិ
ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលនឹងចរចាគ្នា៦លើកទៀត ដើម្បីសម្រេចប្រាក់ខែគោលកម្មករឆ្នាំ២០២៤
16, Aug 2023 , 8:19 pm        
រូបភាព
កិច្ចប្រជុំចរចាប្រាក់ខែគោលកម្មកររោងចក្រ សម្រាប់ឆ្នាំ២០២៤។ រូបពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
កិច្ចប្រជុំចរចាប្រាក់ខែគោលកម្មកររោងចក្រ សម្រាប់ឆ្នាំ២០២៤។ រូបពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បើកកិច្ចប្រជុំដំបូង នៅព្រឹកថ្ងៃទី១៦សីហា ដោយភាគីពាក់ព័ន្ធបានលើកពីការប្រែប្រួលបរិបទសង្គម និងសេដ្ឋកិច្ច ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការចរចាប្រាក់ឈ្នួលគោលកម្មករ។ 

 
កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានលោក អ៊ិត សំហេង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីភាគីតំណាងរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត។ ជាលទ្ធផល ពួកគេសម្រេច ឱ្យលោក គីម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ហើយលោក ណាង សុធី ​អនុប្រធាន CAMFEBA ជាអនុប្រធនាតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។ 
 
តំណាងភាគីទាំង៣នេះ បានធ្វើបទបង្ហាញពីស្ថានភាពសង្គមនិងសេដ្ឋកិច្ច ពិសេសក្នុងវិស័យកាត់ដេរ។ តែយ៉ាងណា ពួកគេពុំទាន់សម្រេចបានតួលេខផ្លូវការ ជុំវិញប្រាក់ខែគោលកម្មករ សម្រាប់ឆ្នាំ២០២៤ នៅឡើយទេ ដោយសុំពិភាក្សាគ្នាបន្ថែមទៀត។ នេះបើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ ។
 
ទាក់ទងនឹងការដំឡើងប្រាក់ខែគោលនេះ លោក អាត់ ធន់ បានលើកឡើងពីស្ថានភាពកម្មករសព្វថ្ងៃ មានតម្រូវការចំណាយច្រើន ដូចជាម្ហូបអាហារ ការធ្វើដំណើរ និងការជួលផ្ទះជាដើម ខណៈអតិផរណាបន្តកើនឡើង។ លោកអះអាងថា កម្មករកាត់ដេរ ទទួលបានប្រាក់ខែគោល ចាប់ពី ២៥០ដល់៣០០ដុល្លារ ទើបអាចរស់នៅបានសមរម្យ។ 
 
កិច្ចប្រចុំចរចាប្រាក់ខែគោលកម្មរកាត់ដេរ សម្រាប់ឆ្នាំ២០២៤ នឹងបន្តប្រជុំជាបន្តបន្ទាប់៦លើកទៀត ទើបសម្រេចជាផ្លូវការ។ ការចរចារលើកទី២ នឹងប្រព្រឹត្តនៅថ្ងៃទី២៨សីហា, លើកទី៣ ថ្ងៃទី៤កញ្ញា, លើកទី៤ ថ្ងៃទី១១កញ្ញា, លើកទី៥ ថ្ងៃទី១៨ កញ្ញា និងលើកទី៦ ថ្ងៃទី ២៥ កញ្ញា។ សម្រាប់ការប្រជុំសម្រេចលើកចុងក្រោយ គឺនៅថ្ងៃទី២តុលា។ នេះបើតាមសេចក្ដីថ្លែងការរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា៕ 
 
 

Tag:
 កម្មករ
  ប្រាក់ខែគោល
© រក្សាសិទ្ធិដោយ thmeythmey.com