អន្តរជាតិ
សភាថៃ នឹងបើកកិច្ចប្រជុំរើសនាយករដ្ឋមន្រ្តីថ្មីនៅថ្ងៃទី២២ ខែសីហា
17, Aug 2023 , 9:54 am        
រូបភាព
ប្រធានរដ្ឋសភា លោក  Wan Muhamad Noor Matha។ រូបភាព AFP
ប្រធានរដ្ឋសភា លោក Wan Muhamad Noor Matha។ រូបភាព AFP
ការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីថៃថ្មី នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា។ ប្រធានរដ្ឋសភា លោក  Wan Muhamad Noor Matha បានប្រកាសបែបនេះ នៅថ្ងៃទី១៦ ខែសីហា ក្រោយតុលាការធម្មនុញ្ញថៃ បដិសេធមិនទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងការឈរឈ្មោះរបស់លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្រ្តី។

 
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១៦ ខែសីហា បានសម្រេចជាឯកច្ឆន្ទ មិនទទួលពាក្យបណ្តឹងរបស់ការិយាល័យស៊ើបអង្កេតថៃ ពាក់ព័ន្ធនឹងការជំទាស់របស់សភាថៃលើលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីជាថ្មី។ បន្ថែមពីនេះ តុលាការធម្មនុញ្ញ ក៏បានបដិសេធមិនលើកថ្ងៃបោះឆ្នោតរបស់សភា ក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តីផង។ 
 
បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញខាងលើ លោក Wan Muhamad Noor Matha ប្រធានរដ្ឋសភាថៃ បានប្រកាសរៀបចំការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីជាថ្មី​នៅថ្ងៃទី២២ ខែសីហា ។ 
 
ពេលនេះ ស្ថានភាពនយោបាយថៃ កំពុងមានភាពស្មុគស្មាញ ក្រោយបក្សភឿថៃ បានដោះដៃពីបក្សឆ្ពោះទៅមុខ។ នៅពេលកន្លងទៅ បក្សភឿថៃ បានចងសម្ព័ន្ធភាពជាមួយបក្ស Bhumjaithai និងបក្សផ្សេងទៀត ដែលមានកៅអីតិចតួចប៉ុណ្ណោះ នៅក្នុងសភា។ ប៉ុន្តែបក្សភឿថៃ រំពឹងថា សមាជិករដ្ឋសភាផ្សេងទៀត អាចនឹងចូលរួមជាមួយខ្លួន។ 
 
ពេលនេះ សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ ដែលមានចំនួន ៩បក្សចូលរួម មានត្រឹម អាសនៈ ២៣៨ប៉ុណ្ណោះ នៅក្នុងរដ្ឋសភា។ បានសេចក្តីថា សម្ព័ន្ធនយោបាយនេះ មិនទាន់ទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាឡើយ ខណៈកៅអីសរុបក្នុងសភាមានចំនួន ៥០០។
 
ប្រសិនបើរដ្ឋាភិបាលមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា គឺវាពិបាកក្នុងការអនុម័តច្បាប់ ក៏ដូចជាផែនការថវិកាផ្សេងៗ។ 
 
យ៉ាងណាមិញ ការចងសម្ព័ន្ធភាពរបស់បក្សភឿថៃចុងក្រោយនេះ អាចនឹងទទួលបានការឯកភាពពីសមាជិកព្រឹទ្ធសភា ដែលភាគច្រើនតែងតាំងដោយយោធាថៃ ដោយសារបក្សភឿថៃ បានបង្ហាញជំហរទន់ភ្លន់ជាង បក្សឆ្ពោះទៅមុខ។ ទន្ទឹមនេះ បក្សភឿថៃ នៅតែបន្តតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្រ្តីដដែល ដោយបេក្ខជនរូបនេះ បានប្រកាសមិនប៉ះច្បាប់ប្រមាថព្រះមហាក្សត្រឡើយ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com