ជាតិ
សមត្ថកិច្ចកំពុងស្វែងរកក្រុមរំដោះអ្នកទោសជនជាតិចិន ក្នុងក្រុងសៀមរាប
17, Aug 2023 , 4:03 pm        
រូបភាព
រថយន្តដែលខ្មាន់កាំភ្លើងប្រើសម្រាប់រំដោះអ្នកទោសជនជាតិចិន យកមកទុកចោលនៅលើដីមួយកន្លែងនាភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
រថយន្តដែលខ្មាន់កាំភ្លើងប្រើសម្រាប់រំដោះអ្នកទោសជនជាតិចិន យកមកទុកចោលនៅលើដីមួយកន្លែងនាភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សៀមរាប៖ មកដល់រសៀលថ្ងៃទី១៧ សីហានេះ សមត្ថកិច្ចមិនទាន់មានពន្លឺពីអ្នកទោសជនជាតិចិន ដែលបានរត់គេចពីពន្ធនាគារនៅឡើយ ដោយសមត្ថកិច្ចចម្រុះបានបែងចែកគោលដៅគ្នាដើម្បីស្វែងរក យ៉ាងយកចិត្តទុកដាក់។

 

ទាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងអ្នកនាំពាក្យខេត្តសៀមរាប មិនទាន់អាចសុំការបញ្ជាក់ នៅឡើយទេ ជុំវិញករណីអ្នកទោសជនជាតិចិនត្រូវបានខ្មាន់កាំភ្លើងមួយក្រុម​រំដោះពេលកំពុងចូល​ពេទ្យធ្មេញមួយកន្លែងក្នុងក្រុងសៀមរាប។ ខ្មាន់កាំភ្លើង បានបិទមុខជិតនិងប្រដាប់ដោយអាវុធ បានចូលមករំដោះជនជាតិក្នុងពេទ្យធ្មេញមួយ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ នាភូមិតាភុល សង្កាត់ស្វាយដង្គំ។ ក្រោយមករថយន្តដែលរំដោះនោះ ត្រូវបានសមត្ថកិច្ចប្រទះ​ឃើញ​ទុកចោល លើដីទំនេរមួយនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ និងមានវត្ថុតាងមួយចំនួន ដូចជាអាវុធ ខោអាវ និងរបាំងមុខ ជាដើម។ 
 
ពេទ្យធ្មេញ ជុំ ចិន្តា ដែលអ្នកទោសជនជាតិចិនមកព្យាបាលធ្មេញនាព្រឹកថ្ងៃទី១៧ សីហា។ 

តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក។ អ្នកទោសជនជាតិចិនដែលបានរត់គេចនោះកំពុងអនុវត្តន៍ទោសចំនួន៥២ឆ្នាំ ពីបទជួញដូរ​គ្រឿងញៀន និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី១១ សីហា ឆ្នាំ២០០៩។ 
 
យ៉ាងណាមិញ ព័ត៌មានលម្អិតជាងនេះមិនទាន់អាចបញ្ជាក់ពីក្រុមសមត្ថកិច្ចនៅឡើយ។ សារព័ត៌មានឌីជីថលថ្មីៗនឹងព្យាយាមសុំការបំភ្លឺពីស្នងការខេត្តសៀមរាប ក៏ដូចជាអ្នកនាំពាក្យខេត្តបន្ថែមទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com