អន្តរជាតិ
កូរ៉េខាងត្បូង សាទរទណ្ឌកម្មអាម៉េរិកប្រឆាំងពាណិជ្ជកម្មអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី
17, Aug 2023 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu (ស្តាំ) ជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu (ស្តាំ) ជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែសីហា បានប្រកាសពីការគាំទ្រទណ្ឌកម្ម ដែលប្រកាសដោយអាម៉េរិកនៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងកិច្ចព្រៀមព្រៀងលក់អាវុធខុសច្បាប់រវាងរុស្ស៊ី និងកូរ៉េខាងជើង។

 
ក្រសួងហិរញ្ញវត្ថុអាម៉េរិក នៅថ្ងៃទី១៦ ខែសីហា បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៣ ក្នុងនោះមាន ក្រុមហ៊ុន Verus LLC, ក្រុមហ៊ុន Defense Engineering LLP និងក្រុមហ៊ុន Versor SRO ក្រោមហេតុផលជួយសម្របសម្រួលការលក់អាវុធពីកូរ៉េខាងជើងឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ អាម៉េរិក ចុចឈ្មោះលោក Ashot Mkrtychev​​ ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងបី ជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើថែមទៀត។ 
 
លើសពីនេះ អាម៉េរិក បានព្រមានដាក់ទណ្ឌកម្មលើប្រទេសទីបីដែលគាំទ្រសង្រ្គាមនៅអ៊ុយក្រែន រួមទាំងប្រទេសដែលចង់គេចពីទណ្ឌកម្មរបស់ខ្លួនថែមទៀត។ ក្រោយទណ្ឌកម្មរបស់អាម៉េរិកខាងលើ កូរ៉េខាងត្បូង បានប្រកាសគាំទ្រយ៉ាងខ្លាំង។ 
 
«រដ្ឋាភិបាលរបស់យើង សូមស្វាគមន៍សកម្មភាពថ្មីៗដាក់ចេញដោយអាម៉េរិក»។ លោក Lim Soo-suk អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែកក្កដា។
 
មន្រ្តីទូតកូរ៉េខាងត្បូងរូបនេះ បានបន្ថែមថា រដ្ឋាភិបាលក្រុងសេអ៊ូលមានបំណងបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើបញ្ហាកូរ៉េខាងជើង រួមទាំងជំរុញការអនុវត្តសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានការសម្របសម្រួលជាមួយប្រទេសជាមិត្តផង។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានឆ្លើយសំណួរពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលក្រុងសេអ៊ូលជាឯកតោភាគីលើកូរ៉េខាងជើង។ បើតាមលោក Lim កូរ៉េខាងត្បូង គ្រោងពិនិត្យលើទណ្ឌកម្មជាឯកតោភាគី ដើម្បីដាក់លើកូរ៉េខាងជើងដែលជាផ្នែកមួយនៃចំណាត់ការឆ្លើយតបនឹងការអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែរខុសច្បាប់។ 
 
គិតត្រឹមខែកក្កដា រដ្ឋបាលរបស់លោក យូន សុកយ៉ល បានដាក់ទណ្ឌកម្មជាឯកតោភាគីចំនួន ១០លើកមកហើយ ចាប់តាំងពីលោកកាន់តំណែងនៅក្នុងឆ្នាំ២០២២៕ 
 

Tag:
 កូរ៉េខាងត្បូង
  រុស្ស៊ី
  កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com