អន្តរជាតិ
ឥណ្ឌូណេស៊ី ស្នើថវិកាជាតិ២១៦ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤
18, Aug 2023 , 9:19 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។ រូបភាព AP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។ រូបភាព AP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៦ ខែសីហា បានស្នើផែនការថវិកាជាតិទំហំ២១៦,២៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ ដើម្បីឱ្យសភាអនុម័ត។ នេះជាកញ្ចប់ថវិការជាតិចុងក្រោយរបស់លោកវីដូដូ ដែលត្រូវផុតអាណត្តិ ពីតំណែងប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។

 
ប្រឈមបមុខញ្ហាសេដ្ឋកិច្ច និងសន្តិសុខស្បៀង រួមទាំងអតិផរណា ប្រធានាធិបតីឥណ្ឌូណេស៊ី បានស្នើផែនការថវិកាជាតិសម្រាប់ឆ្នាំ២០២៤ ទៅសភា ទំហំ ២១៦,២៤ ពាន់លានដុល្លារ។ សំណើនេះ គឺកើនឡើងប្រមាណ៦ភាគរយ បើធៀបនឹងឆ្នាំមុន។ 
 
«ផែនការថវិកាជាតិឆ្នាំ២០២៤ ត្រូវតែអាចឆ្លើយតបនឹងសេដ្ឋកិច្ច, បញ្ហាប្រឈម និងគាំទ្រការអភិវឌ្ឍ រួមទាំងសេវាសង្គម»។ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះនៅក្នុងសភានៅថ្ងៃទី១៦ ខែសីហា នៅមុនថ្ងៃខួបឯករាជ្យជាតិឥណ្ឌូណេស៊ីមួយថ្ងៃ។ 
 
បើតាមប្រមុខរដ្ឋឥណ្ឌូណេស៊ីរូបនេះ ផែនការថវិកាជាតិឆ្នាំ២០២៤ នឹងជួយដោះស្រាយលើបញ្ហាសន្តិសុខស្បៀង និងថាមពល, ការកសាងឧស្សាហកម្មការពារជាតិ ប្រកបដោយលក្ខណៈប្រកួតប្រជែង ស្របពេលមានការបង្អាក់ច្រវាក់ផលិតកម្ម និងភាពតានតឹងភូមិសាស្រ្តនយោបាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទន្ទឹមនេះ មេដឹកនាំឥណ្ឌូណេស៊ី បានរំពឹងថា កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២៤ នឹងកើនឡើង៥,២ភាគរយដែលទាបជាងឆ្នាំ២០២៣ដែលមានចំនួន៥,៣ភាគរយ។ ចំណែកឱនភាពថវិកាក្នុងឆ្នាំ២០២៤ មានទំហំ២,២៩ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានទំហំ២,២៨ភាគរយ។ 
 
ក្នុងផែនការថវិកាជាតិឆ្នាំ២០២៤ ទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារ នឹងត្រូវចំណាយលើសន្តិសុខស្បៀង, រក្សាតម្លៃទំនិញឱ្យមានស្ថិរភាព, បង្កើនទិន្នផលកសិកម្ម ក៏ដូចជាអភិវឌ្ឍកម្មវិធីសៀងអាហាររបស់រដ្ឋាភិបាល។ លើសពីនេះ ទំហំថវិកាចំនួន២៧,៥ ពាន់លានដុល្លារ នឹងត្រូវចាក់បញ្ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កសាងរដ្ឋធានីថ្មី នូសានតារា។ 
 
សូមបញ្ជាក់ថា នេះជាការស្នើផែនការថវិកាជាតិលើកចុងក្រោយរបស់លោកវីដូដូ មុនពេលលោកផុតអាណត្តិជាប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤ខាងមុខ។ ប្រធានាធិបតីឥណ្ឌូណេស៊ី កាន់តំណែងបានត្រឹម ពីរអាណត្តិប៉ុណ្ណោះ ខណៈលោក វីដូដូ កាន់តំណែងសំខាន់មួយនេះបានពីរអាណត្តិរួចហើយ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com