អន្តរជាតិ
លោក Srettha Thavisin មានលទ្ធភាពខ្ពស់ធ្វើជានាយករដ្ឋមន្រ្តីថៃ ក្រោយបក្សជាតិថៃរួបរួមចូលរួម
18, Aug 2023 , 10:02 am        
រូបភាព
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ (ឆ្វេង) និងកូនស្រីរបស់លោកថាក់ស៊ីន ស៊ីណា
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ (ឆ្វេង) និងកូនស្រីរបស់លោកថាក់ស៊ីន ស៊ីណា
បក្សជាតិថៃរួបរួម ដែលមានលោកប្រាយុទ្ធ ចន្ទអូចា ជាបេក្ខជននាយករដ្ឋមន្រ្តី នៅថ្ងៃទី១៧ ខែសីហា បានប្រកាសទទួលសំណើរបស់បក្សភឿថៃដើម្បីចូលរួមសម្ព័ន្ធបក្សនយោបាយថ្មីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ការចូលរួមរបស់បក្សជាតិថៃរួបរួម បង្កើនភាគរយក្លាយជានាយករដ្ឋមន្រ្តីរបស់លោក Srettha Thavisin បេក្ខជនរបស់បក្សភឿថៃ។

 
ពេលនេះ សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ កាន់តែរីកធំ និងកាន់តែមានទឹកមាត់នៅក្នុងសភា ក្រោយបក្សជាតិថៃរួបរួមបានប្រកាសចូលរួមដែរ។ 
 
តាមការប្រកាសរបស់អ្នកនាំពាក្យបក្សជាតិថៃរួបរួម លោក Akaradej Wongpitakroj នៅថ្ងៃទី១៧ ខែសីហា បក្សនឹងចូលរួមសម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ រួមទាំងបោះឆ្នោតគាំទ្រការតែងតាំងបេក្ខជននាយករដ្ឋមន្រ្តី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
បើតាមលោក Akaradej ការចូលរួមរបស់បក្សជាតិថៃរួបរួមនេះ គឺដោយសារសម្ព័ន្ធបក្សនយោបាយនេះ មិនមានគោលនយោបាយកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។
 
ការប្រកាសខាងលើ ជាការវិវដ្តដ៏សំខាន់មួយនៅក្នុងនយោបាយថៃ ដែលអាចជួយឱ្យលោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ កាន់តែមានលទ្ធភាពខ្ពស់ ក្នុងការក្លាយជានាយករដ្ឋមន្រ្តីថៃទី៣០ នៅក្នុងការបោះឆ្នោតសភារួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភាខាងមុខ។ បានន័យថា ការចូលរួមរបស់បក្សជាតិថៃរួបរួម ក៏ជាការត្រួតត្រាយផ្លូវសម្រាប់ឱ្យសមាជិកព្រឹទ្ធសភា ដែលភាគច្រើនតែងតាំងដោយយោធា បោះឆ្នោតគាំទ្រលើលោក Srettha។ 
 
ជាការពិតបក្សភឿថៃ តែងតែប្រកាសជាញឹកញាប់ថា លោក Srettha នឹងត្រូវតែងតាំងជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្ស។ ចំណែកលទ្ធភាពរបស់លោកប្រាយុទ្ធ ចន្ទអូចា ក្នុងការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី គឺមានតិចណាស់ ដោយសារតែលោកធ្លាប់ប្រកាសចូលនិវត្តន៍ពីនយោបាយ។ 
 
សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃមានសំឡេងនៅក្នុងសភាចំនួន ២៣៨អាសនៈរួមមកហើយ។ ការចូលរួមរបស់បក្សជាតិថៃរួបរួម ដែលមានកៅអីនៅក្នុងសភា ៣៦អាសនៈផងនោះអាចជួយឱ្យរដ្ឋាភិបាលថៃថ្មីមានសំឡេងភាគច្រើននៅក្នុងសភាបាន។ ពេលនេះ សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃមានកៅ ២៧៤អាសនៈ ក្នុងចំណោមកៅអីរដ្ឋសភាសរុប ៥០០អាសនៈ។ 
 
មិនតែប៉ុណ្ណោះ បក្សផ្សេងទៀត ក៏បានប្រកាសគាំទ្របេក្ខជននាយករដ្ឋមន្រ្តីមកពីបក្សភឿថៃផង ក្នុងនោះមានដូចជាបក្ស Palang Pracharath របស់លោក Prawit Wongsuwan ផង។ បក្សនេះមានសំឡេង ៤០អាសនៈនៅក្នុងរដ្ឋសភា។ 
 
យ៉ាងណាមិញ បើទោះលោក Srettha អាចក្លាយជានាយករដ្ឋមន្រ្តី ប៉ុន្តែទំនុកចិត្តរបស់ប្រជាជនលើបក្សភឿថៃ ក៏ត្រូវធ្លាក់ចុះផងដែរ នៅក្នុងសង្គមថៃ ដោយសារបក្សជាតិថៃរួបរួម គឺគាំទ្រដោយយោធា និងមានលោកប្រាយុទ្ធ ចន្ទអូចាជាបេក្ខជននាយករដ្ឋមន្រ្តីថែមទៀត។ កន្លងមក លោកប្រាយុទ្ធ ជាអ្នកធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ នៅក្នុងឆ្នាំ២០១៤៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com