ជាតិ
វិចារណកថា៖ តើតួនាទីរដ្ឋបាលសាធារណៈមានសារសំខាន់យ៉ាងណាក្នុងដំណើរការសេដ្ឋកិច្ច និងការទាក់ទាញអ្នកវិនិយោគក្នុងស្រុកនិងបរទេស?
18, Aug 2023 , 3:26 pm        
រូបភាព
លោក ឆាយ បូរ៉ា នាយកគ្រប់គ្រងក្រុមហ៊ុន  Bower Group Asia ប្រចាំកម្ពុជា
លោក ឆាយ បូរ៉ា នាយកគ្រប់គ្រងក្រុមហ៊ុន  Bower Group Asia ប្រចាំកម្ពុជា
នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ  លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការនៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧។   គណៈរដ្ឋមន្ត្រីថ្មីដឹកនាំដោយលោក បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេរំពឹងថានឹងបន្តបេសកកម្មជំរុញឱ្យកំណើនសេដ្ឋកិច្ចប្រទេសមានសន្ទុះ កាន់តែលឿន  រឹងមាំ និងចីរភាព ដើម្បីសម្រេចបានប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅចន្លោះឆ្នាំ ២០២៧ - ២០៣០។

 
ស្ថិរភាពសង្គម  និងនយោបាយជាកត្តាគ្រឹះក្នុងការផ្តល់ជំនឿចិត្ត ដើម្បីទាក់ទាញវិនិយោគិនឱ្យងាកមកចាប់អារម្មណ៍លើទីផ្សារកម្ពុជា។  ជាងនេះទៅទៀត   ការបង្កើតបរិយាកាស និងភាពជឿជាក់លើការផ្តល់សេវាសាធារណៈនឹងទទួលបាននូវការពេញចិត្តពីវិស័យឯកជន សហគ្រាស អ្នកវិនិយោគិន ប្រជាជនទូទៅ ជាការលើកស្ទួយមុខមាត់របស់កម្ពុជាទាំងថ្នាក់ជាតិ និងអន្តរជាតិ។   
 
ជាទូទៅ គុណភាពនៃរដ្ឋបាលសាធារណៈរបស់ប្រទេសមួយ គឺជាកត្តាសំខាន់ក្នុងការកំណត់ភាពជោគជ័យនៃដំណើរការជំរុញសេដ្ឋកិច្ចប្រកបដោយនិរន្តភាព ការទាក់ទាញវិនិយោគិន  និងជាការបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល័យរបស់ខ្លួន។ 
 
ដើម្បីឱ្យកម្ពុជាដើរបានលឿនជាងមុន និងមានសន្ទុះសេដ្ឋកិច្ចខ្លាំងជាងមុន ទោះបីជាមានការងារអាទិភាពជាច្រើនដែលត្រូវធ្វើ រដ្ឋាភិបាលអាណត្តិថ្មី គួរពិចារណាក្នុងការកែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យប្រសើរជាងមុន ចំពោះវិស័យរដ្ឋបាលសាធារណៈ ដែលបច្ចុប្បន្ន មានក្បាលធំជាងខ្លួន ដែលបង្កើតតួនាទីត្រួតស៊ីគ្នា និងដែលអាចបង្កនូវភាពរអាក់រអួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច  សង្គម  និងពិបាកធ្វើដំណើរបានលឿន និងរលូន។  ជាងនេះទៅទៀត ការណ៍នេះនឹងបង្កើតជាបន្ទុកធ្ងន់ ក្នុងការចំណាយថវិកាជាតិ និងក៏អាចបង្កឱ្យមានសកម្មភាពអសកម្ម ជាការរំខាន ជាទម្រង់ការិយាធិបតេយ្យ ក្នុងការផ្តល់សេវាសាធារណៈដល់សាធារណជន  អាជីវកម្ម ការវិនិយោគ និងវិនិយោគិន ព្រមទាំងការងារទំនាក់ទំនង រវាងស្ថាប័នរដ្ឋផ្សេងគ្នា ។
 
នេះ ជាការលំបាកក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  ថាតើគួរត្រូវធ្វើការសម្រេចចិត្តកែទម្រង់រដ្ឋបាលសាធារណៈដែលមានក្បាលធំជាងខ្លួនក្នុងអាណត្តិនេះ  ឬចាំអាណត្តិក្រោយៗ   ឬក៏ធ្វើតាមតំណាក់កាល ជាសន្សឹមៗ ដែលជាយុទ្ធសាស្ត្រអាចមានប្រសិទ្ធភាព  កាត់បន្ថយការមិនសប្បាយចិត្តពីសំណាក់មន្ត្រីមានឋានៈ ដែលទទួលផលប៉ះពាល់ពីការធ្វើកំណែទម្រង់  ក៏ដូចជាដើម្បីរក្សាស្ថិរភាពនយោបាយក្នុងអាណត្តិថ្មីដែរ? ព្រោះរាល់ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនឹងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ជាលក្ខណៈបុគ្គល ដល់មន្ត្រីរដ្ឋបាលសាធារណៈដែលមានឋានៈខ្ពស់នៅតាមស្ថាប័នរដ្ឋនានា ដែលជាសមាជិកគណបក្សប្រជាជន ដែលមានគុណសម្បត្តិ បានជួយជ្រោមជ្រែងឱ្យបក្សឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី  និងទទួលបានអាសនៈក្នុងរដ្ឋសភានីតិកាលទី៧ រហូតដល់ ១២០កៅអីកាលពីថ្ងៃ ២៣កក្កដាកន្លងទៅ។     
 
ដូចនេះ រដ្ឋាភិបាលបន្តវេនថ្មីគួរមានការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងគោលបំណងបម្រើដល់ការធ្វើឱ្យប្រសើរឡើងលើការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព  ទាន់ពេលវេលា និងមានភាពងាយស្រួលដល់ប្រជាជន សាធារណជន ក្រុមហ៊ុន និងវិនិយោគិននានា។ ទាំងនេះគឺជាការបង្ហាញ ពីជំហររបស់ខ្លួនដល់ប្រជាជនកម្ពុជា  ជាពិសេសអ្នកគាំទ្របោះឆ្នោតឱ្យគណបក្សប្រជាជនដែលចង់ទទួលបានការផ្តល់សេវាសាធារណៈប្រសើរជាងមុន  ផ្តល់ផលប្រយោជន៍ឱ្យគេប្រសើរជាងមុន ហើយជាពិសេសផ្តល់ការងារ និងបង្កើតការងារដែលមានប្រាក់កម្រៃខ្ពស់ដល់យុវជនជំនាន់ក្រោយៗ ដែលជាកូនចៅយើងទាំងអស់គ្នា  ផ្តល់ការបណ្តុះបណ្តាលកម្លាំងជំនាញឱ្យបានច្រើន  ជាពិសេសកម្មករជំនាញប្រកបដោយគុណភាពដែលជាចលករ ទាក់ទាញវិនិយោគិនបរទេស និងជាកត្តាជួយដល់ការពង្រីក និងចីរភាពវិស័យឧស្សាហកម្មដើម្បីនាំចេញ។
 
សរុបមក  នេះជាកំណែទម្រង់ដើម្បីទាំងអស់គ្នា ទទួលបានផលពីកំណើនវិនិយោគ  និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ៕
 
លោក ឆាយ បូរ៉ា៖  អ្នកជំនាញខាងកិច្ចការទំនាក់ទំនងរវាងវិស័យឯកជន-វិស័យសាធារណៈ  និងគោលនយោបាយសាធារណៈ  និងជានាយកគ្រប់គ្រងក្រុមហ៊ុនផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ អាជីវកម្មដែលគាំទ្រការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក  Bower Group Asia (BGA) ប្រចាំនៅកម្ពុជា។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com