អន្តរជាតិ
សេដ្ឋី Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ មានប្រវត្តិបែបណា?
18, Aug 2023 , 3:59 pm        
រូបភាព
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ។ រូបភាពបាងកកប៉ុស្តិ៍
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ។ រូបភាពបាងកកប៉ុស្តិ៍
ពេលនេះ លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ មានលទ្ធភាពខ្ពស់ក្នុងការក្លាយជានាយករដ្ឋម​ន្រ្តីថៃទី៣០ ក្រោយបក្សជាតិថៃរួបរួម បានប្រកាសចូលរួមជាមួយសម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ។ តើលោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ មានប្រវត្តិបែបណា?

 
លោក Srettha Thavisin ដែលបានកើតនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣ បានបញ្ចប់អនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចនៅសកលវិទ្យាល័យ Claremont Graduate University នៅអាម៉េរិក។ ក្រោយពីបញ្ចប់ការសិក្សា បុរសរូបនេះ បានចាប់ផ្តើមការងារជាជំនួយការអ្នកគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន P&G Thailand មុនពេលផ្លាស់ប្តូរទៅវិស័យអចលទ្រព្យ នៅក្រុមហ៊ុន Sansiri Plc ក្នុងឆ្នាំ១៩៩៤។ 
 
ពេលនោះ លោក Srettha បានកាន់ការងារជានាយកផ្នែកមួយនៅក្នុងក្រុមហ៊ុន។ ក្នុងវ័យ ៦០ឆ្នាំ លោក Srettha ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Sansiri Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ។ នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនេះ រកចំណូលបាន ៨៣៨លានដុល្លារ ខណៈប្រាក់ចំណេញបានប្រមាណ ៥៦លានដុល្លារ ដោយក្រុមហ៊ុនទទួលគម្រោងអភិវឌ្ឍប្រមាណ ៤០០កន្លែង នៅក្នុងខេត្តចំនួន ២០នៅថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
នៅក្នុងខែមីនាកន្លងទៅ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Sansiri រូបនេះ បានធ្វើជាទីប្រឹក្សារបស់បក្សភឿថៃ មុនពេលលោកលាលែងពីតំណែងជាប្រធានប្រតិបត្តិ​ នៅមួយខែបន្ទាប់ដើម្បីចូលរួមជាមួយបក្សភឿថៃជាផ្លូវការ ដោយលោកបានឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីលំដាប់ទី១ របស់បក្សថែមទៀត។
 
នៅគ្រាដែលលោក Pita Limjaroenrat របស់បក្សឆ្ពោះទៅមុខមិនអាចក្លាយជានាយករដ្ឋមន្រ្តី បក្សភឿថៃក៏មានសិទ្ធិបង្កើតរដ្ឋាភិបាលវិញ។​ ជាមួយនឹងសម្ព័ន្ធភាពថ្មីដែលមានទាំងបក្សគាំទ្រដោយយោធាផង បេក្ខភាពរបស់លោក Srettha មានភាគរយខ្ពស់។
 
ពេលនេះ សម្ព័ន្ធបក្សនយោបាយ ដឹកនាំដោយបក្សភឿថៃ មានចំនួន ១០បក្ស និងមាន ២៧៤អាសនៈ នៅរដ្ឋសភា ក្នុងចំណោមកៅអីសរុប ៥០០អាសនៈ។ ឱកាសរបស់លោក Srettha មានកាន់តែខ្ពស់ថែមទៀត ដោយសារលោកអាចទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភា ដែលភាគច្រើនតែងតាំងដោយយោធានៅក្នុងឆ្នាំ ២០១៩ កន្លងទៅ។ បានន័យថា លោក Srettha អាចទទួលបានការគាំទ្រលើសពី៣៧៥សំឡេងនៅក្នុងការបោះឆ្នោតរួមគ្នារវាងព្រឹទ្ធសភា​ និងរដ្ឋសភា ថ្ងៃទី២២ ខែសីហាខាងមុខ។ 
 
កន្លងមក បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃរូបនេះ បានសន្យាដោះស្រាយបញ្ហាសេដ្ឋកិច្ចមានកំណើនយឺត, លើកទឹកចិត្តការវិនិយោគរបស់បរទេសនៅក្នុងប្រទេស, បង្កើនកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងដាក់ចេញវិធានការសេដ្ឋកិច្ចជាច្រើនទៀត ដើម្បីជួយប្រជាជន៕ 
 

Tag:
 ថៃ
  ភឿថៃ
© រក្សាសិទ្ធិដោយ thmeythmey.com