ជាតិ
លោក Srettha Thavisin ប្តេជ្ញាកាត់បន្ថយភាពក្រីក្រក្នុងសង្គមថៃ ប្រសិនបើក្លាយជានាយករដ្ឋមន្រ្តី
18, Aug 2023 , 5:49 pm        
រូបភាព
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ ថ្លែងក្នុងវីដេអូថតទុក ចេញផ្សាយថ្ងៃទី១៨ ខែសីហា។ រូបភាព Facebook_Srettha Thavisin
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ ថ្លែងក្នុងវីដេអូថតទុក ចេញផ្សាយថ្ងៃទី១៨ ខែសីហា។ រូបភាព Facebook_Srettha Thavisin
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ នៅថ្ងៃទី១៨ ខែសីហា បានប្តេជ្ញាកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ប្រសិនបើលោកក្លាយជានាយករដ្ឋមន្រ្តីថៃទី៣០ ក្នុងកិច្ចប្រជុំសភាខាងមុខ។ លោក Srettha ត្រូវបានមើលឃើញថា មានលទ្ធភាពខ្ពស់ ក្នុងការក្លាយជាប្រមុខរដ្ឋាភិបាលថៃថ្មី ក្រោយបក្សជាតិថៃរួបរួម បានចូលរួមជាមួយសម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ។



បន្ទាប់ពីបក្សជាតិថៃរួបរួមប្រកាសចូលរួមសម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តី ត្រូវបានមើលឃើញថា មានលទ្ធភាពក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីទី៣០។មុនកិច្ចប្រជុំរួមគ្នារវាងសភាទាំងពីរនៅសប្ដាហ៍ក្រោយលោក Srettha បានប្រកាសកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅក្នុងសង្គម រួមទាំងច្រានចោលការប្រព្រឹត្តអំពើពុករលួយ។ 
 
«ខ្ញុំចង់បញ្ជាក់ជាថ្មីថា សត្រូវរបស់ខ្ញុំគឺភាពក្រីក្រ និងវិសមភាព»។ បេក្ខជននាយករដ្ឋមន្រ្តីទីមួយរបស់បក្សភឿថៃ បានបញ្ជាក់បែបនេះ នៅក្នុងវីដេអូថតទុកចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ដោយបន្តសន្យាថា លោកមានបំណងធ្វើឱ្យជីវិតប្រជាជនថៃកាន់តែប្រសើរ។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។ 
 
បន្ថែមពីនេះ លោក Srettha ក៏បានច្រានចោលការចោទប្រកាន់ពីសំណាក់លោក Chuvit Kamolvisit ជុំវិញអំពើពុករលួយក្នុងការទិញដីពីរកន្លែង ពីសំណាក់ក្រុមហ៊ុន Sansiri នៅក្នុងប្រទេសថៃផង។ លោក Srettha ជាប្រធានប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Sansiri មុនពេលលោកចូលរួមជាមួយបក្សភឿថៃនៅក្នុងខែមេសា​ កន្លងមក។ 
 
បើតាមលោក Srettha​ ការងាររបស់លោកមានតម្លាភាព និងផ្អែកទៅតាមច្បាប់។ 
 
ការបោះឆ្នោតសភាទាំងពីរថ្នាក់ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហាខាងមុខ។ លោក Srettha អាចនឹងទទួលបានការគាំទ្រភាគច្រើនពីសភា និងអាចក្លាយជានាយករដ្ឋមន្រ្តីថៃទី៣០។ យ៉ាងណាមិញ បក្សឆ្ពោះទៅមុខ ដែលធ្លាប់ស្ថិតក្នុងសម្ព័ន្ធបក្សនយោបាយជាមួយគ្នា បានប្រកាសមិនបោះឆ្នោតគាំទ្រ លោក Srettha ឡើយ។ ពេលនេះ សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃមានកៅអី ២៧៤អាសនៈ នៅក្នុងរដ្ឋសភារួចទៅហើយ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com