ជាតិ
១៩ឆ្នាំមកនេះអាជ្ញាធរអប្សរាដាំកូនឈើបានជាង២លានដើម
19, Aug 2023 , 2:09 pm        
រូបភាព
លោក ហង់ ពៅ និងគ្រួសារដាំដើមឈើនៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី១៦ សីហា ឆ្នាំ២០២៣។ រូបភាព៖ ថោង ប្រណី
លោក ហង់ ពៅ និងគ្រួសារដាំដើមឈើនៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី១៦ សីហា ឆ្នាំ២០២៣។ រូបភាព៖ ថោង ប្រណី
សៀមរាប៖ ក្នុងឆ្នាំ២០២៣នេះ គឺមានរយៈពេល១៩ឆ្នាំហើយដែលអាជ្ញាធរជាតិអប្សរាបានបង្កើត នាយកដ្ឋានទឹក និងព្រៃឈើ (ឈ្មោះនៅពេលនោះ) គឺនៅខែ សីហា ឆ្នាំ២០០៤។ ១៩ឆ្នាំមកនេះ ស្ថាប័ននេះបានដាំដើមឈើក្នុងរមណីយដ្ឋានអង្គរបានជាង២លានដើម ដើម្បីរក្សាទេសភាពវប្បធម៌ ក្នុងតំបន់បេតិកភណ្ឌមនុស្សជាតិ។

 
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានថ្លែងដោយក្ដីមោទនដែលស្ថាប័ននេះមានលទ្ធភាព ដាំដើមឈើបានច្រើន។ យ៉ាងណាលោកអគ្គនាយកយល់ថា ចំនួននេះមិនច្រើនប៉ុន្មានទេក្នុង​រយៈពេល១៩ឆ្នាំ ហើយបេសកកម្មរបស់អាជ្ញាធរនឹងបន្តធ្វើយ៉ាងណាដាំ និងជំរុញការដាំកូនឈើ កាន់តែច្រើនថែមទៀត។ 
 
លោក ហង់ ពៅ បញ្ជាក់ថា ជាង២លានដើម គឺមិនរាប់ដើមឈើដែលបានចែករាយដល់ពលរដ្ឋនៅ​តំបន់ដទៃ ដែលសុំយកទៅដាំទេ។ ហើយត្រឹមពេលដ៏ខ្លីគិតជាចុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំផ្ទៃដី និងដាំដើមឈើបានជាង ៤៧,០០០ដើម គឺនៅលើផ្ទៃរបស់​​ប្រជាពលរដ្ឋ ដែលចេញទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង។ ការចាកចេញរបស់ពួកគេ ក្រោយរដ្ឋាភិបាលរៀបចំ គោលនយោបាយ​ដោយមានក្រុមការងារតម្រង់ទិស​រៀបចំតំបន់​រមណីយដ្ឋានអង្គរឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ក្នុងតំបន់អង្គរ។ នេះជាការលើកឡើង​របស់លោក ហង់ ពៅ។
 
ថ្លែងចំពោះមុខមន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាប្រមាណ៣០០នាក់នៅបរិវេណខាងមុខ​ប្រាសាទអង្គរវត្ត នាឱកាសដាំដើមឈើអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី១៦ សីហា អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលជាអ្នកជំនាញទឹក បានបន្តរំឭកពីគុណសម្បត្តិរបស់ដើមឈើក្នុងតំបន់អង្គរ។ លោកពន្យល់ថា  ទឹក ព្រៃឈើ និងប្រាសាទមិនអាចខ្វះគ្នាបានទេ។ លោកពន្យល់ថា៖« បញ្ហាប្រាសាទរបស់យើង​ទាក់ទង​នឹង​ស្ថេរភាពរបស់ប្រាសាទ ហើយស្ថេរភាពប្រាសាទទាក់ទងនឹងទឹកក្រោមដី ទឹកក្រោមដីនេះ​បើសិនយើង​ដាំដើមឈើ តួនាទីទីមួយកាត់បន្ថយនូវរំហួត ទីពីរ ដើមឈើបញ្ចេញនូវសំណើម ទីបី កាត់បន្ថយល្បឿន​ខ្យល់​ដែលអាចប៉ះពាល់ប្រាសាទ…»។
 
នាឆ្នាំនេះអាជ្ញាធរជាតិអប្សរាបានកាត់បន្ថយការចែកចាយដើមឈើដល់ប្រជាពលរដ្ឋទូទៅ ដ្បិតមានតម្រូវការដាំច្រើននៅតំបន់ជុំវិញ។ លោក ហង់ ពៅ បានបន្តលើកទឹកចិត្តដល់ពលរដ្ឋទូទៅ ចូលរួមដាំដើមឡើងវិញនៅតំបន់អង្គរ គឺនៅតាមផ្ទៃដីដែលបានរៀបចំរួចដោយពួកគេអាចស្នើសុំ​ដាំជាក្រុមៗបាន។ លោក ហង់ ពៅ លើកឡើងដូច្នេះថា​«សូមអំពាវនាវមហាជនមកជាលក្ខណៈគ្រួសារ​អាច​មកដាំបាន​និងចង់ឱ្យពលរដ្ឋ​មានអនុវស្សាវរីយបន្សល់ទុកដើមឈើយ៉ាងតិច​មួយដើម​ក្នុងតំបន់អង្គរដែរ»។ 
 
សូមបញ្ជាក់ថា ដើមឈើដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាដាំនាឱកាស ខាងលើសរុប ១០១៨ដើម នៅបរិវេណអតីតការដ្ឋានជួសជុលមុខប្រាសាទអង្គរវត្ត ដែលត្រូវបានរៀបចំ និងរើសម្ភារដាក់ទៅទីតាំងថ្មី។ លោក ហង់ ពៅ ចាត់ទុកថា​ទីតាំងនេះគឺល្អបំផុតនៅខាងមុខ​ប្រាសាទអង្គរវត្ត៕
 

Tag:
 រមណីយដ្ឋានអង្គរ
  ហង់ ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com