ជាតិ
វីដេអូ
អ្នកស្រី ខៃ ចិន្តា អំពាវនាវដល់ពលរដ្ឋគ្រប់រូបចូលរួម​បរិច្ចាគថវិកា​ជួយ​សង្រ្គោះ​ដំរីស្រុកនៅរតនគិរី
19, Aug 2023 , 4:09 pm        
រូបភាព
អ្នក​ស្រី​ ខៃ​ ចិន្តា​ ប្រធាន​សមាគម​អៃរាវត្តា
អ្នក​ស្រី​ ខៃ​ ចិន្តា​ ប្រធាន​សមាគម​អៃរាវត្តា
ភ្នំពេញ៖ នៅ​ថ្ងៃទី​១៨ ខែ​សីហា អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អៃ​រាវត្តា បាន​រៀបចំ​កម្មវិធី​រាត្រី​សមោសរសប្បុរសធម៌​​រៃអង្គាស​ថវិកាដើម្បីអភិរក្ស​ដំរីខ្មរ​ ដែល​ត្រូវការការ​ជួយ​សង្រ្គោះ​នៅ​ខេត្ត​រតនគិរី។ បើតាម​អ្នកស្រី ខៃ ចិន្តា បច្ចុប្បន្ន​សមាគមអៃរាវត្តា មាន​ដំរី​៤ក្បាល ដែល​ជិត​ផុតពូជ។ ក្នុង​មួយ​ឆ្នាំ​ សមាគមរបស់​អ្នកស្រីចំណាយ​ថវិកា​ប្រមាណ ១០ម៉ឺន​ដុល្លារលើ​ការ​អភិរក្សសត្វដំរី និង​ការងារ​វប្បធម៌ អប់រំ រួមទាំងកសិកម្ម នៅតំបន់​ជនជាតិដើមភាគតិចនាខេត្ត​រតនគិរី។



សូមអញ្ជើញទស្សនា​បទសម្ភាស​រវាង​អ្នកសារព័ត៌មាន និង​អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អៃ​រាវត្តា នៅ​ក្នុង​កម្មវិធី​រាត្រី​សមោសរសប្បុរសធម៌​​រៃអង្គាស​ថវិកាដូចតទៅ៖



អ្នកស្រី​ ខៃ ចិន្តា លើ​កឡើងថា រាត្រី​សមោសរនេះ បាន​រៃ​អង្គាសថវិកា​ពី​សប្បុរសជន​ ដើម្បី​បន្ត​​​ការ​អភិរក្ស​សត្វ​ដំរី​។ បើតា​ម​អ្នកស្រី ចិន្តា ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ សមាគម​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សប្បុរសជនកាន់តែច្រើន ក្នុងការ​ចូលរួម​ជួយសង្រ្គោះ​ដំរី​ស្រុក​នៅ​ខេត្ត​រតនគិរី ដែល​ជិត​ផុត​ពូជ។​
 
ថវិកា​ដែល​ប្រមូល​បាន​ សមាគម​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី, ការ​បង្កាត់​ពូជ​សត្វ​ដំរី, ការ​ដាំដើម​ឈើដើម្បី​ផ្ដល់ជា​ជម្រក​សត្វ​ រួមទាំង​ការ​ងារ​សង្គម​ផ្សេងៗនៅ​ក្នុង​តំបន់​ជនជាតិដើមភាគតិច។ ​ក្នុង​មួយឆ្នាំសមាគម​អៃរាវត្តា បាន​ចំណាយ​ថវិកា​ប្រមាណ​ ១០ម៉ឺន​ដុល្លារ​។​
 
បច្ចុប្បន្ន​សមាគម​អៃរាវត្តា មាន​សត្វ​ដំរីពេញ​វ័យ​​ចំនួន ៣ក្បាល និង​កូន​ដំរី ១ក្បាល។ ជាមួយ​គ្នានេះ នា​ពេលថ្មីៗនេះ សមាគម​បាន​ព្យាយាម​បង្កាត់​ពូជ​ដំរី​បន្ថែមទៀត​ផងដែរ។ តាមរយៈការ​បង្កាត់​ពូជនេះ អ្នកស្រី ចិន្តា សង្ឃឹម​ថា​នឹង​ទទួល​បាន​ភាព​វិជ្ជមាន​ បើមិនទាន់​បាន​លទ្ធ​ផលអ្នកស្រី​នៅតែ​បន្ត​បង្កាត់​រហូត​ទទួល​បាន​ជោគជ័យ។ ប្រធាន​សមាគម​រូបនេះ ក៏​អំពាវនាវដល់​ពលរដ្ឋ​គ្រប់រូបចូលរួមបរិច្ចាគថវិកាជួយសង្រ្គោះដំរីស្រុកនៅរតនគិរីផងដែរ៕
 














Tag:
 អភិរក្សដំរី
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com