កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Ten Hag បន្ទោសខ្សែប្រយុទ្ធខ្ជះខ្ជាយគ្រាប់បាល់ ខណៈ Man Utd ចាញ់ Spurs ២-០
20, Aug 2023 , 11:39 am        
រូបភាព
ក្រុម Manchester United ប្រកួតចាញ់ Tottenham hotspur ២-០ ក្នុងការប្រកួតលីគ Premier League សប្តាហ៍ទី២ នៅយប់ថ្ងៃទី១៩ ខែសីហា។ Erik ten Hag អ្នកចាត់ការបិសាចក្រហមបន្ទោសខ្សែប្រយុទ្ធដែលខ្ជះខ្ជាយឱកាសសម្រេចទី ចំពោះបរាជ័យនេះ។ ម្ចាស់ការពារជើងឯក Manchester City បន្តរកបាន៣ពិន្ទុ តាមរយៈការយកឈ្នះ Newcastle United ១-០។



Spurs ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Ange Postecoglou រកបានជ័យជម្នះលើកដំបូងក្រោយឆ្លងកាត់ការប្រកួតពីរលើកនៅលីគកំពូលអង់គ្លេស។ នៅកីឡដ្ឋាន Tottenham hotspur ក្រុមរហស្សនាមមាន់ខ្នាយមាសរកបានពីរគ្រាប់លើក្រុម Man Utd ដែលធ្វើបានដោយ Pape Matar Sarr និងធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Lisandro Martinez។
 
លោក Ten Hag បន្ទោសខ្សែប្រយុទ្ធ Man Utd ដែលខ្ជះខ្ជាយរកគ្រាប់បាល់ចំពោះបរាជ័យ ២-០ នេះ ខណៈអ្នកចាត់ការសញ្ជាតិហូឡង់ អះអាងថានេះជាមូលហេតុដែលខ្លួនទិញខ្សែប្រយុទ្ធ Rasmus Hojlund ក្នុងតម្លៃ ៩១លានដុល្លារ ដើម្បីពង្រឹមតំបន់ប្រយុទ្ធ។
 
នៅវគ្គទី១ ក្រុមបិសាចក្រហមពិតជាមានឱកាសចម្រេចទីច្រើនគ្រាប់ តាមរយៈការវាយសម្រុកជាច្រើនលើកច្រើនសារលើក្រុមម្ចាស់ផ្ទះ Spurs ប៉ុន្តែធ្វើមិនបានសម្រេច។ 
«ខ្ញុំ និងអ្នកទាំងអស់គ្នាបានឃើញហើយ នៅតង់ទីមួយគឺល្អណាស់ ប៉ុន្តែយើងគ្មានគ្រាប់បាល់សោះ ព្រោះខ្សែប្រយុទ្ធរបស់យើងធ្វើមិនបាន»។ នេះជាការលើកឡើងរបស់ Ten Hag ក្រោយចប់ប្រកួត។
 
ស្របពេលគ្នានេះ អ្នកចាត់ការហូឡង់បន្ថែមថា លោកមើលឃើញការខ្វះខាតតំបន់ប្រយុទ្ធតាំងពីរដូវកាលមុន ហើយការណ៍នេះជាមួលហេតុដែលលោក Ten Hag សម្រេចទិញចូលខ្សែប្រយុទ្ធ Hojlund ពី Atalanta នៃលីគកំពូលអ៊ីតាលី ក្នុងតម្លៃ ៩១លានដុល្លារ។ Hojlund ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ សញ្ជាតិដាណឺម៉ាក់គ្មានឈ្មោះក្នុងបញ្ជីរបស់ Man Utd ពីរប្រកួតដំបូងដោយសាររបួស។
 
ម្ចាស់ការពារជើងឯក Man City នៅតែរកបាន៣ពិន្ទុបន្ថែមនៅជំនួបទី២របស់ពួកគេ តាមរយៈការយកឈ្នះ Newcastle ១-០។ Liverpool, Brentford, Brighton និង Nottingham Forest សុទ្ធតែរកបានជ័យជម្នះរៀងខ្លួន។
 
Brighton ស្ថិតនៅកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នមាន៦ពិន្ទុ ស្មើក្រុមលេខ២ Man City។ Brentford, Liverpool និង Spurs មាន៤ពិន្ទុដូគ្នា ស្ថិតក្នុងលេខរៀងបន្តបន្ទាប់៕
 

Tag:
 Manchester United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com