ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ ៖ ច្បាប់ទាំងឡាយ ដែលរដ្ឋសភាអនុម័ត ជាឧបករណ៍គតិយុត្តិ សម្រាប់រដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ
21, Aug 2023 , 9:12 am        
រូបភាព
ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលជំរុញឱ្យតំណាងរាស្រ្តប្រឹងប្រែងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានស្មើភាពគ្នា។ ជាពិសេសរដ្ឋាភិបាល ត្រូវអនុវត្តតាមច្បាប់គតិយុត្តិ ដើម្បីលើកកម្ពស់នីតិរដ្ឋ។



ព្រះបាទសម្ដេច នរោត្តម សីហមុនី មានព្រះរាជបន្ទូលបន្តថា ៣០ឆ្នាំមកហើយ ដែលកម្ពុជា ប្រែក្លាយពីប្រទេសបែកបាក់គ្នា និងការបែងចែកទឹកដី មកជាមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍គ្រប់វិស័យ ដែលធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

ទន្ទឹមនឹងនេះ ព្រះអង្គ ក៏មានព្រះរាជបន្ទូលជំរុញឱ្យរដ្ឋសភា ដែលជាអំណាចអង្គនីតិប្បញ្ញត្តិ បន្តបំពេញភារកិច្ចខ្លួន ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងកម្ពុជា ជារដ្ឋរឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ដើម្បីធានាការអនុច្បាប់ដោយស្មើភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។

«តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យ ទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន»។ នេះជាព្រះរាជបន្ទូលព្រះមហាក្សត្រ។

ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏មានបន្ទូលជំរុញឱ្យរដ្ឋាភិបាលអនុវត្ត តាមច្បាប់ដែលរដ្ឋសភាបានអនុម័ត ដើម្បីលើកកម្ពស់នីតិរដ្ឋ និងស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពរឹងមាំនៃអត្តសញ្ញាណជាតិ។ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។ នេះជាព្រះរាជឱង្ការ ដែលជំរុញឱ្យប្រជាជាតិកម្ពុជា ត្រូវមានសាមគ្គភាព ដោយឈរលើស្មារតីបង្រួបង្រួមជាតិ។ 

រដ្ឋសភាបើកសម័យដំបូង នីតិកាលទី៧ ក្រោមព្រះរាជធិបតីព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី នាព្រឹកថ្ងៃទី២១ សីហានេះ។ សម័យប្រជុំដំបូង មានការចូលរួមពីឥស្សរជនជាន់ខ្ពស់ អង្គទូត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលចាត់ទុកជាប្រវត្តិសាស្រ្តមួយដែរ។

ក្រោយបើកសម័យប្រជុំហើយ សម្ដេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នឹងដឹកនាំកិច្ចការងារពិភាក្សាសម្រេចលើសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នាអាណត្តិទី៧នេះ។ តំណាងរាស្រ្តដែលត្រូវបានផ្ដល់សុពលភាព នឹងត្រូវទៅស្បថនៅក្នុងព្រះបរមរាជវាំង នៅពេលរសៀល។

ដោយឡែកនៅថ្ងៃទី២២ សីហា សម័យប្រជុំសភាលើកទី១ អាណត្តិនេះ នឹងបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ក្នុងរដ្ឋសភា និងផ្ដល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។

សម្រាប់សមាភាពថ្នាក់ដឹកនាំស្ថាប័នធំៗវិញ ត្រូវបានសម្ដេច ហ៊ុន សែន ប្រកាសកន្លងមកហើយថា លោកស្រី ឃួន សុដារី នឹងជាធ្វើប្រធានរដ្ឋសភា។ លោក ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្ត្រី។ ចំណែកសម្ដេច ហ៊ុន សែន នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយនឹងធ្វើប្រជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ ដែលសុំសម្រាកពីកិច្ចការងារ៕    
 

Tag:
 ព្រះមហាក្សត្រ
 តំណាងរាស្រ្ត
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com