កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
មេដឹកនាំ​ជប៉ុន​និង​អ៊ីរ៉ង់ ​នឹង​ជួប​គ្នា​នៅ​ខែ​កញ្ញា​ក្នុង​ទីក្រុង​ញូវយ៉ក
21, Aug 2023 , 9:55 am        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ និងប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi នឹងជួបប្រជុំគ្នានៅទីក្រុង ញូវយ៉កក្នុងខែកញ្ញាដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាសំខាន់ផ្សេងៗទៀត។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Kyodo នាថ្ងៃទី២០ ខែសីហា។

 
បើតាម Kyodo អ៊ីរ៉ង់មានបំណងលើកកម្ពស់ទំនាក់ទំនងជាមួយជប៉ុនដើម្បីជៀសវាងភាព​ឯកោលើឆាកអន្តរជាតិ ខណៈដែលកិច្ចពិភាក្សាជាមួយអាម៉េរិក និងអឺរ៉ុបជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន នៅតែជាប់គាំង។
 
ក្នុងជំនួបនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ មេដឹកនាំប្រទេសទាំងពីរ ក៏​រំពឹង​នឹង​ពិភាក្សា​អំពី​ការផ្តល់ដ្រូនពីសំណាក់អ៊ីរ៉ង់ឱ្យរុស្ស៊ីផងដែរ។ ទីភ្នាក់ងារព័ត៌មាន Kyodo រាយការណ៍ទៀតថា លោក Raisi នឹងអញ្ជើញលោក គីស៊ីដា ឱ្យធ្វើដំណើរទស្សនកិច្ចទៅអ៊ីរ៉ង់ និងស្វែងរកការឈប់បង្កកទ្រព្យ សម្បត្តិរបស់អ៊ីរ៉ង់នៅជប៉ុនដែលមានតម្លៃប្រហែល៣ពាន់លានដុល្លារក្រោមទណ្ឌកម្មរបស់អាម៉េរិក។ 
 
ឯជប៉ុនទំនងលើកឡើងពីការធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ដែលជាសរសៃ​ឈាម​សំខាន់​សម្រាប់ការដឹកជញ្ជូនប្រេងឆៅទៅជប៉ុន។ 
 
ទាក់ការបង្កកប្រាក់នេះដែរ​ ទីភ្នាក់ងារព័ត៌មាន Reuters ក៏រាយការណ៍ថា អ៊ីរ៉ង់អាចដោះលែងពលរដ្ឋ អាម៉េរិកចំនួន៥នាក់ដែលត្រូវបានឃុំខ្លួន ជាថ្នូរនឹងការដកប្រាក់ចំនួន៦​ពាន់​លាន​ដុល្លារ​របស់​អ៊ីរ៉​ង់​នៅ​កូរ៉េខាងត្បូង៕
 
សូមរំឭកថា លោក គីស៊ីថា  និង លោក Raisi ក៏​បាន​ជួប​គ្នា​កាល​ពី​ខែ​កញ្ញាឆ្នាំ​មុន​ដែរ នៅ​ពេល​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ញូវយ៉ក​សម្រាប់​មហាសន្និបាត​ដូចគ្នា 
 
កិច្ចចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់ដើម្បីស្តារឡើងវិញកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ គ្មានដំណើការអ្វីតាំងពីខែកញ្ញាឆ្នាំមុនបើទោះបីជាប្រទេសទាំងពីរកំពុងព្យាយាមបន្ធូរ​បន្ថយភាពតានតឹងក៏ដោយ។ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន និយាយកាលពីសប្ដាហ៍មុនថា លោកស្វាគមន៍រាល់វិធានការរបស់អ៊ីរ៉ង់ដើម្បីកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរ​ដែល​កើន​ឡើ​ង៕
 
 

Tag:
 ជប៉ុន
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com