ជាតិ
តើកម្ពុជាកំពុងតែដើរតាមមាគ៌ានៃការគ្រប់គ្រងបែបផ្តាច់ការរបស់ប្រទេសកូរ៉េខាងជើងដែរទេ?
21, Aug 2023 , 2:06 pm        
រូបភាព
នេះជាលើកទីមួយហើយក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយដែលប្រជាជនកម្ពុជាបានមើលឃើញការផ្លាស់ប្តូរ​ដ៏សំខាន់មួយ ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ហើយកូនប្រុសច្បងរបស់សម្ដេចនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ ការឡើងកាន់តំណែងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្នុងរង្វង់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសភ្លាមៗថាសម្ដេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីទៀតទេ បន្ទាប់ពីការបោះឆ្នោតរួចភ្លាមៗនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣។​ សមាសភាពរដ្ឋាភិបាលថ្មីភាគច្រើនកើតចេញពីយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។​​



ការផ្លាស់ប្តូរអំណាចនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដែលមានការលើកឡើងខ្លះថានេះជាការបន្តអំណាចតាមវង្សត្រកូល។​​ មានអ្នកខ្លះលើកឡើងថាការផ្ទេរអំណាចនេះគឺស្រដៀងគ្នាទៅនឹងការផ្ទេរអំណាចនៅប្រទេសកូរ៉េខាងជើង។
 
វាពិតជាមិនអាចប្រកែកបានឡើយដែលថាកម្ពុជា ជាប្រទេសមួយដែលមានភាពវ័យក្មេងខាងប្រជាធិបតេយ្យ ដែលវាមិនល្អឥតខ្ចោះនោះទេ។ មានការខ្វះខាតជាច្រើនដែលត្រូវបំពេញដូចជាការគោរពទៅតាមនីតិរដ្ឋ ការផ្តល់សេវាសាធារណៈ សិទ្ធិនៅក្នុងការបញ្ចេញមតិ និងការប្រឆាំងអំពើពុករលួយ ជាដើម។ ទោះបីជាយ៉ាងនេះក្តី បើប្រៀបធៀបកម្ពុជាទៅនឹងកូរ៉េខាងជើង គឺជារឿងដែលមិនអាចទទួលយកបានឡើយ ហើយវាផ្ទុយពីការពិតយ៉ាងខ្លាំង។ 
 
និយាយមែនទែនទៅ រឿងនេះមិនគួរជាប្រធានបទសម្រាប់ពិភាក្សានោះទេ ពីព្រោះប្រទេសទាំងពីរខុសគ្នាឆ្ងាយដូចមេឃហើយនិងដី។ កូរ៉េខាងជើងជាប្រទេសផ្តាច់ការ ដែលអំណាចទាំងអស់ត្រូវបានក្តោបក្តាប់ដោយលោក គីម ជុងអ៊ុន។ នៅពេលដែលលោកបានឡើងកាន់អំណាចជាមេដឹកនាំកូរ៉េខាងជើងភ្លាមនៅឆ្នាំ ២០១១ លោកចាប់ផ្តើមប្រមូលអំណាចទុកនៅក្នុងដៃរបស់ខ្លួន ហើយបានធ្វើទុក្ខបុកម្នេញដល់មន្ត្រីចាស់ៗ និងសមាជិកក្រុមគ្រួសាររបស់លោកដែលត្រូវបានជឿថាមានអំណាចនយោបាយ និងឥទ្ធិពលនៅក្នុងកូរ៉េខាងជើង។
 
ជាឧទាហរណ៍ នៅឆ្នាំ២០១៣ លោកគីម ជុងអ៊ុន បានកាត់ទោសលោក ចាង ស៊ុងធាក់ ដែលជាមន្ត្រីចាស់វស្សានៅក្នុងជួររដ្ឋាភិបាល ហើយក៏ត្រូវជាពូខ្លួនឯងដោយកាំភ្លើងយន្ត។ ស្រដៀងគ្នានេះដែរ នៅឆ្នាំ ២០១៧ លោកគីម ជុងអ៊ុន បានបញ្ជាឱ្យធ្វើឃាតលោក គីម ចុងណាម ដោយប្រើប្រាស់អាវុធគីមី។ លោកគីម ចុងណាម​ ត្រូវជាបងប្រុសរបស់ លោក គីម ជុងអ៊ុន តែម្តាយផ្សេងគ្នា។ ការសម្លាប់មន្ត្រីចាស់ៗ និងក្រុមគ្រួសារខ្លួនឯងបានបញ្ជាក់យ៉ាងច្បាស់ថាអ្នកដែលមានឥទ្ធិពលផ្នែកនយោបាយនៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវតែគាំទ្រនយោបាយរបស់លោក គីម ជុងអ៊ុន។​
 
កូរ៉េខាងជើងក៏ជាប្រទេសមួយដែលមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ផងដែរ។ នៅឆ្នាំ ២០២៣ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញរបាយការណ៍មួយ ដែលបានបង្ហាញថាមានការរំលោភសិទ្ធិមនុស្ស​យ៉ាងគំហុកនៅក្នុង​ប្រទេសមួយនេះដែលមនុស្សភាគច្រើនបានបាត់បង់នៅសិទ្ធិមូលដ្ឋាន​ក្នុងការរស់នៅ​ដូចជាតុលាការមិនអព្យាក្រឹត មិនមានសេរីភាពក្នុងការបញ្ចេញមតិ និងការកាត់ទោសប្រហារជីវិតកុមារ ជាដើម។
 
របាយការណ៍នេះបានចងក្រងនិងប្រមូលចេញពីជនភៀសខ្លួនប្រហែលជា ៥០០ នាក់ដែលបានចាកចេញពីកូរ៉េខាងជើងនៅចន្លោះឆ្នាំ ២០១៧ ដល់ ២០២២។ លើសពីនេះទៅទៀត ប្រជាជនកូរ៉េខាងជើងក៏មិនត្រូវបានអនុញ្ញាតឱ្យស្តាប់ មើលចម្រៀង និងរឿងដែលផលិតដោយបរទេស រួមបញ្ចូលទាំងរឿង និងចម្រៀងដែលផលិតដោយប្រទេសកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងជើងក៏បានដាក់ច្បាប់យ៉ាងតឹងរ៉ឹងផងដែរ ចំពោះអ្នកដែលលួចនាំចូលរបស់ទាំងនោះចូលក្នុងប្រទេស ដែលទោសរួមមានដាក់ពន្ធនាគារដល់ ១៥ ឆ្នាំ ប្រសិនបើធ្ងន់បំផុតអាចដល់ប្រហារជីវិត។​ 
 
លើសពីនេះទៅទៀត របបក្រុងព្យុងយ៉ាងក៏បានបញ្ចូនប្រជាពលរដ្ឋខ្លួនឯងទៅធ្វើការនៅប្រទេសផ្សេងៗនៅ អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងប្រទេសមួយចំនួនទៀត ដូចជាចិន និងរុស្ស៊ី។ ប្រជាជនដែលធ្វើការនៅបរទេសត្រូវតែផ្ញើលុយដែលគេរកបានទៅឲ្យមេដឹកនាំផ្តាច់ការ ខណៈពេលដែលសមាជិកគ្រួសាររបស់ពួកគេត្រូវទទួលបានការគំរាមកំហែងដល់អាយុជីវិត ប្រសិនបើអ្នកដែលធ្វើការនៅបរទេសមានបំណងចង់រត់គេច។ ចំណូលដែលបានមកពីពលរដ្ឋរបស់ខ្លួនធ្វើការនៅក្រៅប្រទេស ត្រូវបានប្រើប្រាស់ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ។ នេះជាមូលហេតុមួយដែលកូរ៉េខាងជើងនៅតែអាចផលិតគ្រាប់បែកនុយក្លេអ៊ែបាន បើទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា​ពីសហគមន៍អន្តរជាតិ។ 
 
ដោយសារតែការដឹកនាំតាមបែបផ្តាច់ការយ៉ាងនេះហើយ ទើបលោក គីម ជុងអ៊ុន មិនដែលគិតថាខ្លួនមានសុវត្ថិភាពនោះឡើយ។ នេះជាមូលហេតុដែលលោក គីម ជុងអ៊ុន ព្យាយាមយ៉ាងខ្លាំងនៅក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ។ ប្រទេសកូរ៉េខាងជើងបានជោគជ័យនៅក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរនៅឆ្នាំ ២០០៦ ដែលពេលនេះមេដឹកនាំផ្តាច់ការនៅលើពិភពលោកជាច្រើនបានបាត់បង់អំណាច ដូចជានៅអ៊ីរ៉ាក់ និងលីប៊ី។
 
ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ជាមធ្យោបាយមួយនៅក្នុងការការពាររបបទីក្រុងព្យុងយ៉ាង ពីការលូកដៃពីប្រទេសខាងក្រៅ។ នៅឆ្នាំ ២០២២ ទីក្រុងព្យុងយ៉ាងបានអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យប្រទេសកូរ៉េខាងជើងប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ប្រសិនជាមេដឹកនាំនៅទីក្រុងព្យុងយ៉ាងបានទទួលការគំរាមកំហែងណាមួយ។ កត្តានេះបានបញ្ជាក់យ៉ាងច្បាស់ថា ការផលិតគ្រាប់បែកនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង គឺសម្រាប់តែការពាររបបផ្តាច់ការនៅទីក្រុងព្យុងយ៉ាងតែប៉ុណ្ណោះ បើទោះបីជាប្រជាពលរដ្ឋត្រូវលះបង់យ៉ាងណាក៏ដោយ។​ 
 
កូរ៉េខាងជើងបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរក្សានូវរបស់ខ្លួន រួមបញ្ចូលទាំងរំលោភសិទ្ធិមនុស្ស និងដាក់ប្រទេសរបស់ខ្លួនឲ្យនៅដាច់តែឯង។ រឿងនេះវាផ្ទុយស្រឡះពីប្រទេសកម្ពុជា ដែលជាប្រទេសសេរីអាស្រ័យរដ្ឋធម្មនុញ ហើយប្រជាពលរដ្ឋកម្ពុជាក៏បានទទួលសិទ្ធិសេរីភាពជាមូលដ្ឋានដូចជា សិទ្ធិនៅក្នុងការបញ្ចេញមតិ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនៅគោលនយោបាយមួយចំនួនក្នុងគោលបំណងពង្រឹងនៅស្ថិរភាពក្នុងតំបន់ និងរក្សានៅសណ្តាប់ធ្នាប់ពិភពលោក។
 
ទោះបីជាប្រជាជនកម្ពុជាបច្ចុប្បន្នរស់នៅក្នុងសុខសន្តិភាព តែប្រជាជនខ្មែរភាគច្រើនបានយល់យ៉ាងច្បាស់ពីទុក្ខវេទនារបស់ប្រជាជនកូរ៉េខាងជើង ពីព្រោះប្រជាជនខ្មែរក៏ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម និងសង្រ្គាមស៊ីវិលដែលអូសបន្លាយពេលពីឆ្នាំ ១៩៧៥ ដល់ ១៩៩៩។ 
 
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោកហ៊ុន ម៉ាណែត យល់ច្បាស់ពីរឿងនេះណាស់ ព្រោះរូបលោកផ្ទាល់ក៏បានកើតនៅក្នុងសម័យខ្មែរក្រហម ហើយឆ្លងកាត់កុមារភាពនៅពេលដែលកម្ពុជាកំពុងតែឆ្លងកាត់សង្រ្គាមស៊ីវិល។ ដោយហេតុនេះ លោកហ៊ុន ម៉ាណែត នឹងបង្កើតគោលនយោបាយដែលមានគោលដៅនៅក្នុងការពង្រឹងច្បាប់អន្តរជាតិ ជាពិសេសដាក់សម្ពាធទៅលើទីក្រុងព្យុងយ៉ាងឲ្យគោរពទៅតាមច្បាប់អន្តរជាតិ ជាពិសេសបោះបង់ចោលនូវមហិច្ឆតាក្នុងការផលិត និងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ។
 
 
លោក រុឹម សុខវី ជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព
 

© រក្សាសិទ្ធិដោយ thmeythmey.com