អន្តរជាតិ
លោកយូនថា ការគំរាមរបស់កូរ៉េខាងជើងធ្វើឱ្យកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុនកាន់តែសហការគ្នា
21, Aug 2023 , 2:40 pm        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព Yonhap
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ការកើនឡើងនៃការគំរាមកំហែងរបស់កូរ៉េខាងជើង នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការត្រីភាគីអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន កាន់តែរឹងមាំប៉ុណ្ណោះ។ បើតាមលោកយូន កិច្ចសហប្រតិបត្តិការត្រីភាគីនេះ ជួយកាត់បន្ថយហានិភ័យនៃការគំរាមកំហែងរបស់កូរ៉េខាងជើង។

 
លោក យូន សុកយ៉ល់ ទើបវិលត្រលប់ពីកិច្ចប្រជុំត្រីភាគីអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង កន្លែង​សម្រាក​វិស្សមកាល Camp David របស់ប្រធានាធិបតីអាម៉េរិក ក្នុងរដ្ឋ Maryland ទីដែលប្រទេសឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីប្រឈមមុខការគំរាមរបស់កូរ៉េខាងជើង។
 
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២១ ខែសីហា មេដឹកនាំកូរ៉េខាងត្បូង និយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីរវាងរដ្ឋាភិបាលក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ នឹងជួយកាត់បន្ថយហានិភ័យនៃសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង និងជួយពង្រឹងសន្តិសុខរបស់ប្រទេសទាំងបី។ 
 
«ការបង្កសកម្មភាពគំរាមកំហែងរបស់កូរ៉េខាងជើងកាន់តែខ្លាំង ការរៀបចំកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន កាន់តែរឹងមាំឡើង»។ លោក យូន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា កិច្ចសហប្រតិបត្តិការត្រីភាគីនេះ នឹងជួយលើកតម្កើងសន្តិភាព វិបុលភាព ទាំងនៅក្នុងតំបន់ និងក្រៅតំបន់។ 
 
បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានព្រមានផងដែរថា ក្រុងព្យុងយ៉ាង នឹងមិនខ្លាច ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងមធ្យោបាយផ្សេងទៀតឡើយ ដើម្បីសម្រេចគោលដៅរបស់ខ្លួននៅក្នុងសង្រ្គាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ពីកិច្ចប្រជុំនៅកន្លែងសម្រាកវិស្សមកាល Camp David មេដឹកនាំអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្កើតកិច្ចព្រមព្រៀងជាច្រើន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ច រួមទាំងការប្តេជ្ញាលើកិច្ចពិភាក្សាភា្លមៗក្នុងករណីប្រទេសមួយរងការគំរាមកំហែង និងកិច្ចព្រមព្រៀងធ្វើសមយុទ្ធរួមផង។ 
 
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីខាងលើ ធ្វើឡើងស្របពេលកូរ៉េខាងត្បូង រៀបចំសមយុទ្ធការពារប្រជាជនស៊ីវិល Ulchi រយៈពេល ៤ថ្ងៃនៅទូទាំងប្រទេស ដោយមានការចូលរួមពីមន្រ្តីប្រមាណ ៥៨ម៉ឺននាក់ ពីស្ថាប័ន និងទីភ្នាក់ងាររដ្ឋាភិបាលប្រមាណ ៤ពាន់កន្លែង ដើម្បីពង្រឹងភាពត្រៀមខ្លួនសម្រាប់សង្រ្គាម និងហេតុការណ៍ផ្សេងៗ៕ 
 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com