ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណៈរដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត មានឧបនាយករដ្ឋមន្ត្រី១០រូប ទេសរដ្ឋមន្ត្រី២១រូប និង៣០ក្រសួង
22, Aug 2023 , 10:27 am        
រូបភាព
ដោយ: រួបរួម
រដ្ឋសភា នីតិកាលទី៧ នាសម័យប្រជុំព្រឹកថ្ងៃទី២២ ខែសីហា នេះ បានអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។ គណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រី១០រូប និងទេសរដ្ឋមន្ត្រី១៨រូប រួមជាមួយរដ្ឋមន្ត្រី ស្ថាប័នក្រសួង២៨ និង​រដ្ឋលេខាធិការដ្ឋាន​២។


លោក ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីផ្លូវការចាប់ពីថ្ងៃទី២២ ខែសីហា នេះ ដោយបន្តពីសម្តេច ហ៊ុន សែន។ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកាន់តំណែងជាប្រមុខរដ្ឋាភិបាលអស់រយៈពេល១៤០៩៩ថ្ងៃ ឬ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មក។

 
លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឡើងជាឧបនាយករដ្ឋមន្ត្រី
 
ក្នុងបញ្ជីគណៈរដ្ឋមន្ត្រីចំនួន១០រូប លោក អូន ព័ន្ធមុនីរ័ត្ន គឺជាឥស្សរជនតែមួយរូបគត់ ដែលបន្តតំណែងជាឧបនាយរដ្ឋមន្ត្រីដដែល រីឯឧបនាយករដ្ឋមន្ត្រីផ្សេងទៀត ភាគច្រើនជាយុវជនជំនាន់ក្រោយ និងជារដ្ឋមន្ត្រីនៅតាមបណ្តាក្រសួងនានា។ ឧបនាយករដ្ឋមន្ត្រី៩រូបផ្សេងទៀត រួមមាន លោក នេត សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន, លោក សុខ ចិន្តាសោភា, លោក វង្សី វិសុទ្ធ, លោក កើត រិទ្ធ, លោក សាយ សំអាល់, លោក ទៀ សីហា, លោក ស សុខា, លោក ហង់ ជួនណារ៉ុន, លោក ស៊ុន ចាន់ថុល។

រីឯទេសរដ្ឋមន្ត្រីទាំង២១រូបរួមមាន លោក កែវ រ៉េមី, លោក ឈាង យ៉ាណារ៉ា, លោក លី ធុច, លោក ស្វាយ ស៊ីថា, លោក អូស្មាន ហាស្សាន់, លោក ព្រុំ សុខា, លោក អៀង មូលី, លោក អ៊ុក រ៉ាប៊ុន, លោក គន់ គីម, លោក ហូ សិទ្ធី, លោក ឱម យ៉ិនទៀង, លោក ថោង ខុន, លោក សក់ សេដ្ឋា, លោក អ៊ុក ប្រាថ្នា, លោក ឆៃ ស៊ីណារិទ្ធ, លោក ឆែម គាតរិទ្ធី, លោក សុក ស៊ីផាន់ណា, លោក គី តិច, លោក អ៊ី ឈាន, លោក អ៊ុច បូររិទ្ធ, លោក ពេជ សោភ័ន។


លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឡើងជាឧបនាយករដ្ឋមន្ត្រី



ក្នុងចំណោមរដ្ឋមន្ត្រីទាំង៣០ ឥស្សរជន៣រូប មានឋានៈជាឧបនាយករដ្ឋមន្ត្រី ហើយបន្តគ្រប់គ្រងក្រសួងដដែល ដែលក្នុងនោះរួមមាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក កើត រិទ្ធ ដែលបន្តជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រី៥រូបទៀត មានឋានៈជាឧបនាយករដ្ឋមន្ត្រី រួមមាន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ប្រាក់ សុខុន, លោក វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសលោក ប៊ិន ឈិន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពីលោក ជា សុផារ៉ា, លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តពីសម្តេច ទៀ បាញ់, លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្តពីសម្តេច ស ខេង។

រដ្ឋមន្ត្រី៥រូបទៀត បន្តរក្សាតំណែងពីអណត្តិចាស់រួមមាន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


លោក ទៀ សីហា ពីអភិបាល​ខេត្តសៀមរាប ទៅជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ




រដ្ឋមន្ត្រីដែលពីរដ្ឋលេខាធិការនៅក្រសួងដដែលរួមមាន  លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជំនួសសម្តេច ម៉ែន សំអន, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជំនួសលោក លឹម គានហោ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំនួសលោក ប៉ាន សូរស័ក្តិ, លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំនួសលោក សាយ សំអាល់, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំនួសលោក ស៊ុន ចាន់ថុល, លោក ហេង សួរ ជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពីលោក អ៊ិត សំហេង។

 
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង​ឡើងឋានៈជាឧបនាយករដ្ឋមន្ត្រី
 
លោក ហែម វណ្ឌី ពីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តពីលោក ចម ប្រសិទ្ធ, លោក នេត្រ ភក្ត្រា ពីរដ្ឋលេខាធិការក្រសួងបរិស្ថាន ទៅជារដ្ឋមន្ត្រីក្រសួងព័ត៌មានជំនួសលោក ខៀវ កាញារីទ្ធ, លោក សុខ សូកេន ពីរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទៅជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំនួសលោក ថោង ខុន, លោក ឡាំ ជា ពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន។

រដ្ឋមន្ត្រីដែលចេញពីតំណាងរាស្ត្រអណត្តិមុនរួមមាន លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំនួសលោក ព្រុំ សុខា, លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជំនួសលោក ឈិត សុខុន។ ក្រៅពីនេះ លោក ឈាង រ៉ា ពីប្រធានមន្ទីរពេទ្យកាល់ម៉ែត ទៅជារដ្ឋមន្ត្រីក្រសួងសុខាភិបាលជំនួសលោក ម៉ម ប៊ុនហេង, លោក ជា សុមេធី ពីអភិបាលខេត្តព្រៃវែងទៅជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជំនួសលោក វង សូត, លោក កែវ រតនៈ ពីអគ្គនាយកអគ្គិសនីកម្ពុជាទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជំនួសលោក ស៊ុយ សែម,លោក ឆាយ ឫទ្ធិសែន ពីអគ្គនាយករៀបចំដែនដី និងនគរូបនីយកម្មទៅជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទជំនួសលោក អ៊ុក រ៉ាប៊ុន, លោក ប៊ិន ត្រឈៃ ពី ប្រធានក្រុមការងារយុវជននៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាទីស្តីការគណៈរដ្ឋមន្ត្រី ទៅជារដ្ឋមន្ត្រីក្រសួងផែនការជំនួសលោក ឆាយ ថន៕


លោក គន់ គីម ឡើងជាទេសរដ្ឋមន្ត្រី
 

លោក ហ៊ុន ម៉ានី ពីប្រធានគណៈកម្មការរដ្ឋសភា ទៅជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​លោក កែវ រតនៈ ក្រសួង​រ៉ែ និងថាមពល


លោក សាយ សំអាល់ ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានទៅជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដីនគរូបនីយកម្ម និងសំណង់


លោកស្រី អ៊ឹង កន្ថាផារី រក្សាតំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី

© រក្សាសិទ្ធិដោយ thmeythmey.com