ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះរាជក្រឹត្យតែងតាំងសម្តេច៥រូបជាប្រធានកិត្តិយស ប្រធាន និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
22, Aug 2023 , 1:33 pm        
រូបភាព
ដោយ: រួបរួម
ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី២២ ខែសីហា នេះ បានត្រាស់បង្គ្រាប់តែងតាំងឥស្សរជនកំពូល៥រូប ជាប្រធានកិត្តិយស ប្រធាន និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យដាច់ដោយឡែក។



សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានរដ្ឋសភា ត្រូវតែងតាំងជា ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ តាមព្រះរាជក្រឹត្យ សម្តេច ហេង សំរិន អាយុ៨៩ឆ្នាំ ដែលជាប់ជាតំណាងរាស្ត្រខេត្តត្បូងឃ្មុំ ត្រូវបានចាត់ទុកជាអគ្គមគ្គទេសក៍ដ៏ល្អ ជាពិសេសការដឹកនាំកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ។

រីឯសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទើបតែចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយដឹកនាំជាង៣៧ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ តាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ទ្រង់យល់ សម្តេច ហ៊ុន សែន ជាអគ្គមគ្គទេសក៍ដ៏ល្អប្រសើរ និងប៉ិនប្រសប់ឈ្លាសវៃ ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ជាពិសេសការសាងសន្តិភាពជាតិ និងដើរតាមទស្សនវិស័យនៃសង្គមរាស្ត្រនិយម។

ជាមួយគ្នានេះផងដែរ អនុប្រធានគណបក្សប្រជាជនកម្ពុជា៣រូបទៀត រួមមាន សម្តេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេច ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។

សម្តេច ស ខេង, សម្តេច ទៀ បាញ់, សម្តេច ម៉ែន សំអន ក៏ដូចជាសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ផងដែរ ត្រូវបានចាត់ទុកជាមេដឹកនាំឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា៕




© រក្សាសិទ្ធិដោយ thmeythmey.com