ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អង្គ វង្សវឌ្ឍានា, លោក ប៉ា សុជាតិវង្ស ឡើងជាប្រធានគណៈកម្មការជំនាញសភា
22, Aug 2023 , 3:52 pm        
រូបភាព
លោក អង្គ វង្សវឌ្ឍានា (ស្តាំ) និង​លោក ប៉ា សុជាតិវង្ស ឡើង​ជា​ប្រធានគណៈកម្មការទី៦ និងទី៧ រដ្ឋសភា
លោក អង្គ វង្សវឌ្ឍានា (ស្តាំ) និង​លោក ប៉ា សុជាតិវង្ស ឡើង​ជា​ប្រធានគណៈកម្មការទី៦ និងទី៧ រដ្ឋសភា
ដោយ: រួបរួម
សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ បានបោះឆ្នោតជាកញ្ចប់ជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តដល់សមាសភាពរាជរដ្ឋាភិបាល។



សម្រាប់សមាសភាពថ្នាក់ដឹកនាំសភា លោកស្រី ឃួន សុដារី ក្លាយជាប្រធានរដ្ឋសភា ជំនួសសម្តេច ហេង សំរិន ដែលត្រូវបានតែងតាំងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ លោក ជាម យៀប រក្សាតំណែងអនុប្រធានទី១ រីឯ លោក វង សូត អតីតរដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ក្លាយជាអនុប្រធានទី២ ជំនួសលោកស្រី ឃួន សុដារី។

សម្រាប់សមាសភាពគណៈកម្មការជំនាញទាំង១០ មានតែ២គណៈកម្មការប៉ុណ្ណោះដែលប្តូរសមាសភាពប្រធាន ហើយ៧គណៈកម្មការប្តូរសមាសភាពអនុប្រធាន។ លោក អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្លាយជាប្រធានគណៈកម្មការទី៦ជំនួសលោក ប៉ែន បញ្ញា រីឯលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មការទី៧ជំនួសលោក ហ៊ុន ម៉ានី ដែលឡើងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ទី១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក សរ ចំរុង រក្សាតំណែងជាប្រធាន លោក សម តារា ឡើងជាអនុប្រធានជំនួសលោកស្រី ឯម ប៉ុណ្ណា។ ទី២ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម លោក ឈាង វុន នៅតែជាប្រធាន លោក ឡោក ហ៊ួរ ជំនួសលោក ចាយ បូរិន ក្នុងតំណែងជាអនុប្រធាន។

ទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក លោក ឡូយ សុផាត បន្តធ្វើប្រធាន លោក ម៉ា ឈឿន ជំនួសលោក ហ៊ូ ស្រ៊ី ជាតំណែងអនុប្រធាន។ ទី៤ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ លោក កែប ជុតិមា ជាប្រធាន និងលោក ច័ន្ទ សុផល ជាអនុប្រធានដដែល។

ទី៥ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ លោក សួស យ៉ារ៉ា ជាប្រធាន និងលោក នឹម ច័ន្ទតារា ជាអនុប្រធានដដែល។ ទី៦ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ជាប្រធានជំនួសលោក ប៉ែន បញ្ញា រីឯលោកស្រី គ្រួច សំអាន ជាអនុប្រធានដដែល។

ទី៧ គណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ គឺ លោក ប៉ា សុជាតិវង្ស ជំនួសលោក ហ៊ុន ម៉ានី សម្រាប់តំណែងប្រធាន រីឯលោកស្រី ខេង សំវ៉ាដា ជំនួសលោក សំ រិទ្ធី ជាតំណែងអនុប្រធាន។ ទី៨ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី លោកស្រី ឡោក ខេង រក្សាតំណែងប្រធាន លោក សោម ចិន ជំនួសលោក ប៉ាល់ សំអឿន ក្នុងតំណែងអនុប្រធាន។

ទី៩ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី និន សាផុន នៅតែជាប្រធាន រីឯលោក លី ឆេង ជំនួស លោក ពេជ្រ គឹមស្រ៊ាង ជាអនុប្រធាន។ ទី១០ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ លោក ប៉ែន ស៊ីម៉ន រក្សាតំណែងប្រធាន រីឯលោក កែវ វីរៈ ជំនួសលោកស្រី ត្រឹង ថាវី ជាតំណែងអនុប្រធាន៕






© រក្សាសិទ្ធិដោយ thmeythmey.com