អន្តរជាតិ
លោកថាក់ស៊ីន ចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ
22, Aug 2023 , 4:42 pm        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ នៅអាកាសយានដ្ឋាន Don Mueang នៅថ្ងៃទី២២ ខែសីហា។ រូបភាព AFP
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ នៅអាកាសយានដ្ឋាន Don Mueang នៅថ្ងៃទី២២ ខែសីហា។ រូបភាព AFP
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី២២ ខែសីហា ចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ បន្ទាប់ពីលោកត្រលប់ចូលប្រទេសវិញ។



នៅព្រឹកថ្ងៃទី២២ ខែសីហា លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានវិលចូលប្រទេសវិញហើយ ក្រោយនិរទេសខ្លួន១៥ឆ្នាំ។ បន្ទាប់ពីទៅដល់ លោកថាក់ស៊ីន ត្រូវបានប៉ូលិសថៃចាប់ខ្លួនដើម្បីបញ្ជូនទៅតុលាការកំពូល។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ តុលាការកំពូលថៃ បានសម្រេចឱ្យអតីតមេដឹកនាំថៃរូបនេះជាប់ពន្ធនាគារចំនួន ៨ឆ្នាំ ក្រោមបទចោទចំនួន ៣ករណីដូចជា ការផ្តល់កម្ចីទៅរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងឆ្នាំ២០០៤, ការរំលោភអំណាច ពាក់ព័ន្ធនឹងការបើកឆ្នោតនៅចន្លោះឆ្នាំ២០០៣ និង២០០៦, រួមទាំងបំពានច្បាប់ប្រឆាំងអំពើពុករលួយ។ 
 
ពេលនេះ លោកថាក់ស៊ីន ត្រូវបានឃុំខ្លួននៅពន្ធនាគារ Bangkok Remand Prison និងត្រូវបានពិនិត្យសុខភាពផងដែរ ដោយសារលោកមានវ័យ ៧៤ឆ្នាំទៅហើយ។ 
 
នៅព្រឹកថ្ងៃទី២២ ខែសីហា លោកថាក់ស៊ីនបានចាកចេញពីសិង្ហបុរីតាមរយៈអាកាសយានដ្ឋាន Seletar Airport ហើយមកដល់នៅអាកាសយានដ្ឋានអន្តរជាតិ  Don Muang ក្នុងក្រុងបាងកក។ នៅអាកាសយានដ្ឋាន Don Muang អ្នកគាំទ្រលោកថាក់ស៊ីនជាច្រើនរូប បានទទួលទទួលរូបលោក ដោយមានពាក់អាវក្រហមផង។
 
គួររំឭកថា លោកថាក់ស៊ីន បានចាកចេញពីប្រទេសនៅក្នុងឆ្នាំ២០០៨ ក្រោយពេលមានរដ្ឋប្រហារយោធានៅចុងឆ្នាំ២០០៦៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com