ជាតិ
លោក ពឹង គិ​ម​ឆេន អតីត​នាយកសាលា​​វត្ត​បូព៌ ក្លាយជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​
22, Aug 2023 , 10:51 pm        
រូបភាព
លោក ពឹង គិមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ក្នុងខេត្តសៀមរាប។ រូបថត៖ ញឹក ស្រីល័ក្ខ
លោក ពឹង គិមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ក្នុងខេត្តសៀមរាប។ រូបថត៖ ញឹក ស្រីល័ក្ខ
​ភ្នំពេញ​៖ លោក ពឹង គិ​ម​ឆេន អតីត​នាយក​បឋម​វត្ត​បូព៌ ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​អាណត្តិ​ទី​៧​នេះ​។ មុន​ក្លាយជា​អនុរដ្ឋលេខាធិការ លោក ពឹង គិ​ម​ឆេន មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​អប់រំ​ផងដែរ​។


​លោក ពឹង គិ​ម​ឆេន ជា​អតីត​នាយក​សាលាបឋមសិក្សា​វ​ត្ត​បូព៌ ក្នុង​ខេត្តសៀមរាប ដែលមាន​ភាពលេច​ធ្លោ​ក្នុងការ​អប់រំ និង​ការពង្រឹង​វិន័យ​ដល់​សិស្ស​។ ក្នុង​ព្រះរាជក្រឹត្យ​តែងតាំង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​អាណត្តិ​ទី​៧ ដែល​ចុះ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​២២ សីហា​នេះ លោក ពឹង គិ​ម​ឆេន ស្ថិតនៅ​លេខ​រៀង​ទី​២០ ក្នុងចំណោម​អនុរដ្ឋលេខាធិការ ២០​រូប​។ 
 
​លោក ពឹង គិ​ម​ឆេន មានបទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ជាង ៤០​ឆ្នាំ​មកហើយ​។ លោក បាន​ចូលនិវត្តន៍​ក្នុង​អាជីព​ជា​គ្រូបង្រៀន និង​នាយក​សាលា​កាលពី​ឆ្នាំ​២០២១​។ ជាមួយគ្នានេះ កាលពី​ខែកក្កដា ឆ្នាំ​២០២១ លោក ពឹង គិ​ម​ឆេន ត្រូវបាន​រដ្ឋាភិបាល​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ឋានៈ​ស្មើ ប្រធាន​នាយកដ្ឋាន​។​
 
​សូមបញ្ជាក់ថា ក្នុង​អាណត្តិ​ទី​៧​នេះ លោក ហង់​ជួន ណា​រ៉ុន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដដែល​។ តាម​ព្រះរាជក្រឹត្យ​ខាងលើ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​រដ្ឋលេខាធិការ​មាន​ចំនួន ១៤​រូប និង​អនុរដ្ឋលេខាធិការ​ចំនួន ២០​រូប​៕

© រក្សាសិទ្ធិដោយ thmeythmey.com