ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាសម្រេចឱ្យបានដាច់ខាតតាមបណ្ដាំឪពុក
24, Aug 2023 , 9:06 am        
រូបភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តសម្រេចឱ្យបានតាមបណ្ដាំរបស់សម្ដេច ហ៊ុន សែន ដែលបានផ្ដាំផ្ញើឱ្យលោក ការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

 
«ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខានតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និង ភាពសុខសាន្តរបស់ប្រជាជន»។ នេះជាបណ្តាំរបស់សម្ដេច ហ៊ុន សែន ផ្ដាំទៅលោក ហ៊ុន ម៉ាណែត ដែលត្រូវចូលខ្លួនដឹកនាំប្រទេសជាតិ ជំនួសសម្ដេច។
 
អមជាមួយសារបណ្ដាំនេះ លោក ហ៊ុន ម៉ាណែត បានបង្ហោះរូបថតជូនបាច់ផ្កា និងសំពះសម្ដេច ហ៊ុន សែន នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី២២ សីហា ដោយភ្ជាប់ជាមួយសំណេរថា «បណ្ដាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ»។
 
កាលពីថ្ងៃទី២២ សីហា សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ក្រោយបំពេញការងារជាង៣៨ឆ្នាំមកនេះ បាននិយាយថា សម្ដេចចង់ឃើញកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយមានភាពស្អាតស្អំ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។  
 
«ខ្ញុំចង់ការចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងទៅប្រទេសចំណូលខ្ពស់តែម្ដង។ អត្រានៃភាពក្រីក្រត្រូវធ្លាក់មកដល់សូន្យ ឬក៏ទាបបំផុត។ ហើយក៏ចង់ឃើញអ្វីៗ ដែលជាសមិទ្ធផលថ្មី »។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេច ក៏ចង់ឃើញកម្រិតអប់រំនៅកម្ពុជា រីកចម្រើន, អភិបាលកិច្ច, ការកាត់បន្ថយអំពើពុករលួយ ហើយភាពស្អាតស្អំមួយត្រូវបង្កើតឡើង ដែលវាជាភារកិច្ចដ៏លំបាកមួយទៀត សម្រាប់អ្នកបន្តវេន។
 
កម្ពុជាមានគោលដៅអភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
 

Tag:
 ហ៊ុន ម៉ាណែត
  ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com