អន្តរជាតិ
លោក សេដ្ឋា ជួបជាមួយលោក ប្រាយុទ្ធ ក្រោយក្លាយជានាយករដ្ឋមន្រ្តីថៃ
24, Aug 2023 , 4:29 pm        
រូបភាព
លោកស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ (ឆ្វេង) ជួបជាមួយលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅវិមានរដ្ឋាភិបាលថៃ ក្នុងថ្ងៃទី២៤ ខែសីហា។ រូបភាព Twitter_Khaosod English
លោកស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ (ឆ្វេង) ជួបជាមួយលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅវិមានរដ្ឋាភិបាលថៃ ក្នុងថ្ងៃទី២៤ ខែសីហា។ រូបភាព Twitter_Khaosod English
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី បានជួបជាមួយលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិជាលើកដំបូង នៅវិមានរដ្ឋាភិបាលនៅថ្ងៃទី២៤ ខែសីហា។ យ៉ាងណាមិញ មេដឹកនាំទាំងពីរនាក់មិនបានបញ្ជាក់ពីប្រធានបទ ដែលបានជជែកឡើយ។



មួយថ្ងៃក្រោយមហាក្សត្រតែងតាំងជានាយករដ្ឋមន្រ្តីទី៣០ លោក សេដ្ឋា ថាវីស៊ីន បានជួបជាមួយនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ជាលើកដំបូង។ ក្នុងជំនួបនៅវិមានរដ្ឋាភិបាល មេដឹកនាំទាំងពីរ បានជជែកគ្នាប្រមាណ៤៥នាទី។
 
ក្រោយកិច្ចសន្ទនា លោក ស្រេតថា បានជម្រាបលាលោកប្រាយុទ្ធ និងមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីប្រធានបទ ដែលបានលើកយកទៅពិភាក្សាឡើយ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English លោក សេដ្ឋា បានជួបជាមួយលោកប្រាយុទ្ធ ដើម្បីស្វះស្វែងរកការប្រឹក្សាយោបល់។ ការគ្រប់គ្រងប្រទេស សេដ្ឋកិច្ច ឬបញ្ហាផ្សេងៗ ដែលថៃកំពុងជួបប្រទះ អាចជាប្រធានបទរបស់មេដឹកនាំទាំងពីរ។ 

ប៉ុន្មានម៉ោងក្រោយជំនួបខាងលើ លោកសេដ្ឋា បានអះអាងថា លោកជាអ្នកស្នើជួបលោកប្រាយុទ្ធ នៅក្នុងថ្ងៃនេះ។ ក្នុងកិច្ចសន្ទនានោះ លោកប្រាយុទ្ធ បានបញ្ជាក់ប្រាប់លោកសេដ្ឋាពីភាពខុសគ្នារវាងការដឹកនាំប្រទេស និងធុរកិច្ច។ លោកប្រាយុទ្ធ ក៏បានបញ្ជាក់ផងដែរថា វាមានវិស័យជាច្រើន ត្រូវពិចារណា។ 
 
លោកប្រាយុទ្ធ បានផ្តល់អនុសាសន៍ឱ្យលោកសេដ្ឋាមានភាពអំណត់ក្នុងការដឹកនាំ រួមទាំងប្រកាន់យកគោលការណ៍ «ជាតិ, សាសនា និងព្រះមហាក្សត្រ»។ ជាការឆ្លើយតប លោកសេដ្ឋាថា លោកប្រាយុទ្ធ ជាបុគ្គលមួយរូប ដែលគួរតែទទួលបានការគោរព។
 
មុនជំនួបដោយផ្ទាល់នេះមួយថ្ងៃ លោក ប្រាយុទ្ធ បានអបអរនាយករដ្ឋមន្រ្តីថ្មី ហើយថែមទាំងជូនពរឱ្យលោក សេដ្ឋា ទទួលបានជោគជ័យក្នុងការដឹកនាំរដ្ឋាភិបាលទៀត។ 
 
បើទោះត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីក្ដី លោក សេដ្ឋា មិនទាន់អាចដឹកនាំរដ្ឋាភិបាលបានទេនៅពេលនេះ ដោយសារគណៈរដ្ឋមន្រ្តីរបស់លោក មិនទាន់ស្បថចូលកាន់តំណែង។ ម្យ៉ាងគណៈរដ្ឋមន្រ្តីថ្មី ក៏មិនទាន់រៀបចំរួចរាល់ផងដែរ។ តំណែងនាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់លោកប្រាយុទ្ធ ត្រូវបញ្ចប់ នៅពេលលោក សេដ្ឋា ស្បថចូលកាន់តំណែង។ 
 
បើទោះមិនទាន់មានការបង្ហាញពីសមាសភាពសមាជិករដ្ឋាភិបាលពីលោក សេដ្ឋា ប៉ុន្តែកន្លងមក បក្ស Bhumjaithai ចង់បានតំណែងរដ្ឋមន្រ្តីចំនួន៤ និងអនុរដ្ឋមន្រ្តីចំនួន ៤។ លោក Anutin Charnvirakul មេដឹកនាំបក្ស Bhumjaithai បានបង្ហាញក្តីសង្ឃឹមថា បក្សរបស់ខ្លួន ចង់កាន់តំណែងក្នុងក្រសួង ដូចមាននៅក្នុងរដ្ឋាភិបាលអាណត្តិមុនដែរ។ កន្លងមក បក្សBhumjaithai កាន់ក្រសួងសុខាភិបាល និងដឹកជញ្ជូន នៅក្នុងរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចន្ទអូចា៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com