ជាតិ
អង្គការធំៗ​២ ព្រ​មាន​ពីការធ្លាក់ចុះយ៉ាងគំហុក​នៃការបំបៅកូនដោយទឹ​ក​ដោះ​ម្តាយ​នៅ​កម្ពុជា
25, Aug 2023 , 8:19 pm        
រូបភាព
រូបភាពពី​យូនីសេហ្វ
រូបភាពពី​យូនីសេហ្វ
ភ្នំពេញ៖ អង្គការយូនីសេហ្វ និង​អង្គការ​ទស្សនៈពិភព​លោក​អន្តរជាតិ និងដៃគូនានា បាន​ព្រ​មាន​​ពី​ការ​ថយចុះយ៉ាងគំហុក នៃអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា ដែល​បង្ហាញ​​ក្នុងការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាចុងក្រោយ ២០២១-២០២២។ ទន្ទឹម​នឹងការព្រមាននេះ ស្ថាប័នអន្តរជាតិទាំង២ ក៏ទទូចឱ្យភាគីពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ ដើម្បី​ស្រោចស្រង់បញ្ហានេះ។

 
នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានរួមគ្នា ចេញផ្សាយនៅថ្ងៃទី​២៥ សីហានេះ យូនីសេហ្វ និង​អង្គការ​ទស្សនៈពិភព​លោក​អន្តរជាតិ បានយក​ការ​អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ចុងក្រោយ ២០២១-២០២២ មកធ្វើជាអំណះអំណាង។ ​ ការ​អង្កេតប្រជាសាស្ត្រ និង​សុខភាព​កម្ពុជានេះ ​​បង្ហាញថា​​ ការបំបៅកូនដោយទឹកដោះម្តាយភ្លាមៗក្រោយសម្រាល ពោលគឺការផ្តល់​ទឹកដោះម្តាយ​ដល់ទារកក្នុងអំឡុង ១ ម៉ោងដំបូងក្រោយសម្រាល បាន​ថយ​ចុះពី៦៦ភាគរយ មក ៥៤ភាគរយ ក្នុងទសវត្សរ៍ចុងក្រោយនេះ។ ដោយ​ឡែក​ ការបំបៅកូន​ដោយទឹកដោះម្តាយតែមួយមុខគត់​នៅក្នុងរយៈពេល ៦ខែដំបូង ​ថយចុះពី ៧៤ភាគរយ មក ៥០ភាគរយ​។ 
 
តាម​រយៈ​លទ្ធផលទាំងនេះ យូនីសេហ្វ និង​អង្គការទស្សនៈពិភពលោកអន្តរជាតិ ចាត់​ទុក​ការ​ថយចុះនេះ ថាជារឿងគួរឱ្យ​បារម្ភ ដ្បិតការបំបៅកូនដោយទឹកដោះម្តាយ គឺ​ជាវិធីមួយ​ក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុត ដើម្បីជួយឱ្យកុមាររស់រាន និង​មានសុខភាព​មាំមួន នៅពេលជីវិតរបស់ពួកគេបានចាប់ផ្តើម។ បើតាមការប៉ាន់ប្រមាណជាសកល គេ អាច​សង្គ្រោះ​ជីវិតកុមារប្រមាណ ៨២០ ០០០នាក់ ជារៀងរាល់ឆ្នាំ ប្រសិនបើការ​បំបៅ​កូនដោយទឹកដោះម្តាយ មានការកើនឡើងរហូតដល់កៀកនឹងកម្រិតសកល។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ។  
  
រូបភាពពី​យូនីសេហ្វ

លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា លើកឡើងថា៖​ «ទឹកដោះម្តាយ គឺ​ជាអំណោយដ៏ពិសិដ្ឋមួយ ដែលម្តាយអាចផ្តល់ឱ្យកូនរបស់ខ្លួន។ ទារកបៅទឹកដោះម្តាយ ច្រើន​តែបន្តរស់រាន ទទួលបានការការពារកាន់តែប្រសើរ ទប់ទល់នឹងជំងឺ ដែលបង្កការ គំរាម​ កំហែងដល់ជីវិត និងអាចចម្រើនវ័យ ក្លាយជាមនុស្សពេញវ័យ ដែលមានសុខភាពមាំ មួន»។
 
ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០២១-២២ រកឃើញថា កត្តា​ជាច្រើន​ដែល អាចរួមចំណែកនាំឱ្យ អត្រាបំបៅកូនដោយទឹកដោះម្តាយមានការថយចុះ មានដូចជា ការ បន្តផ្សព្វផ្សាយយ៉ាងគំហុក នៃផលិតផលជំនួសទឹកដោះម្តាយ កង្វះការយល់ដឹងអំពីអត្ថ ប្រយោជន៍ នៃការបំបៅកូនដោយទឹកដោះម្តាយ។ លើសពីនេះ ការគាំទ្រតិចតួចដល់ម្តាយ ដែលកំពុងបំបៅដោះកូន ពេលពួកគេវិលចូលធ្វើការវិញ។ សេចក្ដី​ប្រកាស​ព័ត៌មានខាង​លើ បន្តថា ការថយចុះការបំបៅកូនដោយទឹកដោះម្តាយ ត្រូវបានគេសង្កេតឃើញថា មានការ ថយចុះរួចទៅហើយ សូម្បីតែមុនពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
 
លោកស្រី ក្រាណា ពូ សែវវី   ប្រធានបច្ចេកទេសផ្នែកអាហារូបត្ថម្ភ នៃអង្គការទស្សនៈ ពិភពលោកអន្តរជាតិនៅកម្ពុជា បាន​បញ្ជាក់ថា តាមរយៈកម្មវិធីសុខភាព និងអាហារូបត្ថម្ភ អង្គការទស្សនៈពិភពលោក បានសហការជាមួយមណ្ឌលសុខភាព មាតាបិតា អ្នកផ្តល់ការ ថែទាំ និងតំណាងសហគមន៍ ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ។ 
  
លោកស្រី ក្រាណា ពូ សែវវី   ប្រធានបច្ចេកទេសផ្នែកអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា។ រូបភាពពី​អង្គការ​អង្គការទស្សនៈពិភពលោក

ប្រធានបច្ចេកទេសផ្នែកអាហារូបត្ថម្ភរូបនេះ បន្តថា៖ «ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការទទួលខុសត្រូវរួម ហើយចាំបាច់ត្រូវមានការគាំទ្រពីគ្រប់ផ្នែកទាំងអស់នៃសង្គម។ យើងសូមជំរុញឱ្យគ្រប់គ្នាយកចិត្តទុកដាក់វិនិយោគ លើការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីកម្ពុជា កាន់តែមានការរីកចម្រើនប្រកបដោយចីរភាព»។
 
យូនីសេហ្វ និងដៃគូអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ចាត់វិធានការជាក់លាក់ ដើម្បី ស្រោចស្រង់ការថយចុះនៃការបំបៅកូនដោយទឹកដោះម្តាយ តាមរយៈការបង្កើតនូវ បរិយាកាស កាន់តែប្រសើរ ដើម្បីឱ្យសហគមន៍ គ្រួសារ និងឪពុកម្តាយ ជួយសម្រួល ដល់ការបំបៅកូនដោយទឹកដោះម្តាយ និងដើម្បីឱ្យម្តាយអាចបំបៅកូនរបស់ខ្លួនបាន។ 
 
យូនីសេហ្វ ជំរុញភាគីពាក់ព័ន្ធ ពង្រឹងការអនុវត្តលិខិតបទដ្ឋានជាតិ ដែលមាន​ស្រាប់ ​ ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងផលិតផលផ្សេងៗទៀត ដែលអាចនាំឱ្យការបំបៅកូនដោយទឹកដោះម្តាយមានការថយចុះ។
 
ជាមួយគ្នានេះ យូនីសេហ្វ ចង់ឱ្យ​​គំាទ្រដល់ម្តាយដែលនៅកំពុងបំបៅដោះកូន នៅតាម ទី កន្លែងធ្វើការ តាមរយៈការផ្តល់ការសម្រាកមាតុភាពដោយមានប្រាក់ឈ្នួល យ៉ាងហោច ណាស់រយៈពេល ៦ ខែ, ការផ្តល់ម៉ោងធ្វើការដោយមានភាពបត់បែន, បន្ទប់បំបៅដោះកូន និង​ទារកដ្ឋាន។ លើសពីនេះ ផ្តល់ប្រឹក្សាអំពីការបំបៅកូនដោយទឹកដោះម្តាយ ដោយអ្នក ជំនាញ និងផ្តល់ការគាំទ្រឱ្យម្តាយអាចបំបៅដោះកូនបាន ចាប់ពីពេលសម្រាល និងក្រោយ ពេលម្រាល។
 
យូនីសេហ្វ ចង់ឱ្យ​មានការ​បង្កើនការយល់ដឹងរបស់សាធារណជន និងពង្រឹងការកៀរគរ ចលនាសង្គម ផ្តោតលើសារសំខាន់នៃការឆាប់បំបៅកូនដោយទឹកដោះម្តាយ និងការបំបៅ កូនដោយទឹកដោះម្តាយតែមួយមុខគត់ ដោយប្រើប្រាស់ច្រកអប់រំផ្សព្វផ្សាយនានា។ ជាពិ​សេស​ជំរុញឱ្យសមាជិកគ្រួសារ ឪពុក ជីដូន និងអ្នកផ្តល់ការថែទាំដទៃទៀត ចូលរួមផ្សព្វ ផ្សាយពីការបំបៅកូនដោយទឹកដោះម្តាយ និងជួយឱ្យម្តាយសម្រេចចិត្ត ផ្អែកលើព័ត៌មាន ត្រឹមត្រូវអំពីការបំបៅកូនដោយទឹកដោះម្តាយ។ នេះ​បើតាម​សេចក្ដី​ប្រកាសដដែល៕
 

Tag:
 ការ​បំបៅកូន​ដោយ​ទឹកម្ដាយ
© រក្សាសិទ្ធិដោយ thmeythmey.com