ជាតិ
ប្រទះឃើញស្លាកស្នាមខ្លះ នៅកម្រាលច្រាំងជណ្ដើរស្រះទឹកប្រាសាទបាយ័ន
26, Aug 2023 , 12:00 pm        
រូបភាព
កំណាយនៅស្រះទឹកខាងជើងប្រាសាទបាយ័ន។
កំណាយនៅស្រះទឹកខាងជើងប្រាសាទបាយ័ន។
សៀមរាប៖ អ្នកបុរាណវិទ្យាកំពុងធ្វើកំណាយនៅស្រះទឹកប្រាសាទបាយ័ន ស្របពេលដែលគម្រោងស្ដារឡើងវិញនៅទីតាំងនេះ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។ កំណាយនេះ អ្នកស្រាវ ជ្រាវបានប្រទះឃើញកម្រាលច្រាំងជណ្ដើរធ្វើពីថ្មភក់ និងតឹងតាងមួយចំនួនទៀត។

 
លោក អន សុភាព ជាបុរាណវិទូ បានឱ្យសារព័ត៌មានថ្មីៗដឹងថា កំណាយស្រាវជ្រាវនៅ ស្រះទឹកខាងជើងឈៀងខាងកើតនេះ ធ្វើឡើងនៅពេលដែលអាជ្ញាធរជាតិអប្សរា មានគម្រោងលើកតម្លៃស្រះ ត្រពាំង បឹង បារាយណ៍នានា ក្នុងតំបន់អង្គរឡើងវិញ។ ប្រាសាទ បាយ័ន មានស្រះទឹកចំនួនពីរ ទីមួយនៅខាងជើង និងត្បូងប៉ែកខាងកើត ឬច្រកចូល ប្រាសាទ។ តាមការបញ្ជាក់ពីលោក អន សុភាព នៅសម័យបារាំង ស្រះខាងជើង ធ្លាប់បាន ធ្វើកំណាយ ខ្លះដែរ តែពុំមានឯកសាររៀបរាប់លម្អិតពីរចនាសម្ព័ន្ធទេ។ ហេតុដូច្នេះទើប អាជ្ញាធរជាតិអប្សរា ធ្វើកំណាយដើម្បីដឹងពីព័ត៌មានលម្អិតនៃស្រះនេះ។ 
 


លោកបន្តថា ការស្រាវជ្រាវនៅពេលនេះ ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធទូទៅ របស់ស្រះ រូបរាង ទំហំ ក៏ដូចជាកំណកដី និងបន្ទាប់មកវាយតម្លៃថាតើស្ដារបានក្នុងកម្រិតណា។ ម្យ៉ាង ទៀតការស្រាវជ្រាវនេះ ក៏ចង់ប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធស្រះខាងត្បូង ដែលស្ថាប័នជប៉ុនធ្លាប់បាន ស្រាវជ្រាវរួចមកហើយដែរ។ លោក អន សុភាព ពន្យល់ដូច្នេះ ៖«អ្នកស្រាវ ជ្រាវបានសន្និដ្ឋានថា ស្រះខាងត្បូង ត្រូវបានគេចាក់ដីលុបមានជម្រៅ ៤ម៉ែត្រ។ […] ពេល នេះយើងបានឃើញរចនាសម្ព័ន្ធខាងលើរបស់ស្រះ ដែលស្រះនេះមានជណ្ដើរចុះទៅក្រោមច្រាំងថ្មខាងលើគឺថ្មភក់ និងកាំជណ្ដើរទីពីរថ្មបាយក្រៀម។ តែពេលនេះដល់ទឹកបាត់ យើង ពិបាកចុះទៅក្រោម។ តាមឯកសាររបស់អង្គការជប៉ុន គេបានរកឃើញជណ្ដើរដែរ ដោយ បានកាយជ្រុងខាងលិច ឃើញ៩កាំចុះទៅក្រោម។ បេសកកម្មរបស់យើង លើកនេះក៏ យើងចង់ដឹងដែរ តើស្រះនេះ មានរូបរាងដូចស្រះខាងត្បូងឬអត់? តើមានកាំជណ្ដើរ៩កាំដូចគ្នាឬអត់? »។ 


 
អ្នកជំនាញ ក៏ចង់ដឹងពីប្រវត្តិនៃការសាងសង់ថាតើស្រះនេះ សាងសង់មុន ផ្លូវដើរចូល ប្រាសាទបាយ័នឬយ៉ាងណា ក៏ដូចជាទំនាក់ទំនងរវាងសំណង់ស្រះ ជាមួយនឹងកំពែង នៅពីក្រៅ ដែលកសាងនៅសម័យក្រោយអង្គរផងដែរ។ នេះបើតាមការបន្ថែមរបស់ លោក អន សុភាព។



ស្រះខាងជើងប្រាសាទបាយ័ន មានរាងជាចតុកោណកែង ដែលមានប្រវែងបណ្ដោយ ៤០ ម៉ែត្រ និងទទឹង២០ម៉ែត្រ។ បេសកកម្មនៅពេលនេះ អ្នកស្រាវជ្រាវរំពឹងថា នឹងអាចធ្វើ កំណាយ តាមជ្រុងនីមួយៗនៃស្រះ ក្នុងនោះនៅបាតស្រះ អាចនឹងធ្វើកំណាយនៅរដូវប្រាំង ខាងមុខ ខណៈបច្ចុប្បន្នទីតាំងនេះមានទឹកដក់ច្រើន។



គួរបញ្ជាក់ថា ក្នុងបេសកកម្មស្ដារស្រះនេះដែរ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមរើគំនរថ្មនៅក្នុងស្រះពីចុងខែកក្កដាកន្លងទៅ។ បើតតាមលោក អន សុភាព មកទល់ពេលនេះ ការងាររើថ្ម សម្រេចបានប្រមាណ ១ ៧០០ដុំ ឬស្មើនឹងប្រមាណ ៥០ភាគរយ។ ថ្មទាំងនោះ គឺជា រចនាសម្ព័ន្ធប្រាសាទ ដែលបារាំងប្រមូលយកទៅគរនៅទីនោះ៕
 
 


Tag:
 ពាក្យគន្លឹះ៖ ស្រះទឹកបាយ័ន
  បាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com