ជាតិ
អាជ្ញាធររឹបអូសបាន គ្រឿងសមុទ្រ និងសាច់បង្កកខូចគុណភាពជាង៨តោននៅស្រុកត្រាំកក់ ខេត្តតាកែវ
28, Aug 2023 , 10:59 pm        
រូបភាព
បង្កកខូចគុណភាពជាង៨តោន ដែលអាជ្ញាធរចាប់បាននៅ ខេត្តតាកែវ។ រូបភាព៖ ក.ប.ប
បង្កកខូចគុណភាពជាង៨តោន ដែលអាជ្ញាធរចាប់បាននៅ ខេត្តតាកែវ។ រូបភាព៖ ក.ប.ប
មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) កាលពីថ្ងៃទី២៦ ខែសីហា បង្រ្កាបបានគ្រឿងសមុទ្រ និងសាច់បង្កកខូចគុណភាព​ ៨៨១២គីឡូក្រាម នៅស្រុកត្រាំកក់ ខេត្តតាកែវ។



តាមការបញ្ជាក់របស់ ក.ប.ប. គ្រឿងសមុទ្រ និងសាច់បង្កកទាំងនោះ ត្រូវបានរឹបអូសពីទីតាំងដីឡូដ៏មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែសីហា។ លុះមកដល់ថ្ងៃទី២៧ ខែសីហា មន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវ បានសហការជាមួយ នាយកដ្ឋានសវនកម្មគយ និងរដ្ឋាករកម្ពុជា ដុតបំផ្លាញទំនិញទាំងនេះចោលតែម្ដង។ 
 
មន្រ្តីជំនាញនៃស្ថាប័នទាំងពីរ តែងតែសហការគ្នាទប់ស្កាត់ និងហាមឃាត់ រាល់ទំនិញដែលគ្មានគុណភាព សុវត្ថិភាព ឬមិនអនុលោមតាមបទប្បញ្ញត្តិ ដើម្បីការពារនូវសុខុមាលភាព​ និងផលប្រយោជន៍ដល់ពលរដ្ឋដែលជាអ្នកប្រើប្រាស់។ នេះជាការអះអាងរបស់ ក.ប.ប.។ 
 
កន្លងទៅ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន ការចរាចរសាច់បង្កកពីបរទេសចូលមកកម្ពុជាមានការកើនឡើងខ្លាំង ខណៈសាច់ខ្លះគ្មានគុណភាព ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។ 
 
ក្រៅពីសុខុមាលភាពពលរដ្ឋ ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ មើលឃើញថា សាច់បង្កកក៏ធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹម និងទីផ្សារក្នុងស្រុកផងដែរ ដោយសារភាពសម្បូរនាំឱ្យឈ្មួញទម្លាក់តម្លៃ។ ស្របពេល ចំណី និងធាតុចូលផ្សេងៗឡើងថ្លៃខ្ពស់ វាកាន់តែដាក់បន្ទុកដល់កសិករកម្ពុជា។ 
 
បច្ចុប្បន្នអ្នកចិញ្ចឹមជ្រូកកម្ពុជាប្រមាណ ៧០ភាគរយបានរងក្ស័យធន  ខណៈកសិដ្ឋានធំៗខ្លះកំពុងកកស្ទះលក់មិនចេញ។ នេះជាការវាយតម្លៃរបស់ លោក ស្រ៊ុន ពៅ ដោយត្អូញត្អែរថា៖« ជ្រូកឥឡូវ សម្បូរណាស់ លក់មិនចេញ ក៏ព្រោះតែការនាំចូលសាច់បង្កក។ នៅពេលប៉ះពាល់ទីផ្សារ ឈ្មួញគេទម្លាក់តម្លៃ ខណៈចំណីវិញនៅតែឡើងថ្លៃ ដូច្នេះ ការផលិតមានតម្លៃខ្ពស់ ដែលធ្វើឱ្យកសិករស្ទើរតែរស់មិនបាន»។ 
 
ជារើយៗ លោក ស្រ៊ុន ពៅ តែងតែស្នើទៅកាន់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធនានា ឱ្យជួយទប់ស្កាត់ការនាំចូលសាច់បង្កកមកកម្ពុជា តែ មិនឃើញមានចំណាត់ការ៕   
 

Tag:
 សាច់បង្កក
  គ្រឿងសមុទ្រ
  អគ្គនាយកដ្ឋានគយ
  ស្រ៊ុន ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com