ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចូលកាន់​តំណែង​ភ្លាម លោក ហ៊ុន ម៉ា​នី ប្រកាស​ពង្រឹង​ភាព​ស្អាតស្អំ​
28, Aug 2023 , 8:06 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ា​នី បាន​ប្ដេជ្ញា​ពង្រឹង​ភាព​ស្អាតស្អំ​នៅក្នុង​រដ្ឋបាល​សាធារណៈ ដូច​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​។ សេចក្តីប្រកាស​ប្ដេជ្ញាចិត្ត​របស់លោក​រដ្ឋមន្ត្រី ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​មុខងារសាធារណៈ​ជិត​១​ពាន់​នាក់​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​នេះ​។​

 
​ការកែទម្រង់​ស្ថាប័ន ការពង្រឹង​ធនធានមនុស្ស​ឱ្យមាន​ប្រសិទ្ធភាព ការពង្រឹង​ភាព​ស្អាតស្អំ​នៅក្នុង​រដ្ឋបាល​សាធារណៈ មិន​ត្រឹមតែ​ជា​ចំណុច​ស្នូល​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៧​ឡើយ​។ ចំណុច​ទាំងនេះ​គឺជា​ចក្ខុវិស័យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ ដែល​បានប្រកាសថា លោក​នឹង​ប្តេជ្ញា​អនុវត្ត​ចក្ខុវិស័យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​នេះ​។ លើសពីនេះ ដោយសារតែ ក្រសួង​មុខងារសាធារណៈ ត្រូវ​ដើរ​ជា​តួនាទី​ស្នូល​នៃ​កំណែទម្រង់​នេះ លោក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​មន្ត្រីក្រោមឱវាទ​ចូលរួម​ជាមួយ​លោក​។ 
 
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែល​ឡើង​មកពី​បណ្ដា​ខេត្ត​ផង​នោះ លោក ហ៊ុន ម៉ា​នី ថ្លែង​យ៉ាង​ដូច្នេះ​៖« ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ផ្តោតលើ​កំណែទម្រង់ និង​ពង្រឹង​អភិបាលកិច្ច ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ ឱ្យ​ក្លាយជា​រដ្ឋបាល​សាធារណៈ​ទំនើប ប្រកបដោយ​សមត្ថភាព​ខ្ពស់ វ័យឆ្លាត និង​ស្អាតស្អំ​។ ខ្ញុំ​ស្នើសុំ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ក្រសួង​មុខងារសាធារណៈ សូម​ផ្តល់​ជំនឿ​ទុកចិត្ត​ក្នុងការ​ដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​កិ​ត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។​»​។ 
 
​នៅក្នុង​ជំនួប​ទ្រង់ទ្រាយ​ធំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី លោក​រដ្ឋមន្ត្រី​ក៏មាន​ឱកាស​ពន្យល់​ប្រាប់​មន្ត្រី​របស់ខ្លួន​អំពី​របៀបរបប​នៃ​អនុវត្ត​ការងារ​របស់លោក​ផងដែរ​។ ជាពិសេស វេទិកា​នេះ​បានផ្ដល់​ពេលវេលា​ឱ្យ​លោក​រដ្ឋមន្ត្រី​អះអាង​អំពី​ភាព​ស្អាតស្អំ​របស់លោក​ផ្ទាល់ និង​របស់​សមាជិក​ខុទ្ទកាល័យ​របស់លោក​ផង​។​
 
​លោក ហ៊ុន ម៉ា​នី បាន​អធិប្បាយ​ថា​៖«​ឋានៈ​ជា​រដ្ឋមន្ត្រី មិនមែនជា​កេរ​របស់ខ្ញុំ​ទេ​។ ខ្ញុំ​ទទួល​បេសកកម្ម​ដើម្បី​ដឹកនាំ និង​លើកស្ទួយ​វិស័យនេះ​។ យើង​ត្រូវ​ខំប្រឹងប្រែង ក្នុង​ក្របខណ្ឌ​នៃ​នីតិកាល​ទី​៧​នេះ ដើម្បី​បន្ត​បេសកកម្ម​របស់​ឯកឧត្តម ពេជ្រ ប៊ុនធិន ឯកឧត្តម ព្រុំ សុខា ជាមួយនឹង​ស្មារតី​លើកស្ទួយ​វិស័យ​មុខងារសាធារណៈ ដើម្បី​ផលប្រយោជន៍​របស់​ប្រទេសជាតិ និង​អ្នកជំនាន់ក្រោយ​។​»​។ 
 
​ចំពោះ​លោក ហ៊ុន ម៉ា​នី ក្រសួង​របស់លោក​ជា​ក្រសួង​តូច ប៉ុន្តែ​មាន​តួនាទី​ស្នូល និង​អ​ម្រែ​ក​ធ្ងន់​ដែល​ធានា​និរន្តរភាព​របស់​ប្រទេស​ផងដែរ​៕

Tag:
 ហ៊ុន ម៉ា​នី​
  មុខងារសាធារណៈ​
  កែលម្អ​
  មន្ត្រីរាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com