ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត នឹងចុះទទួលទានអាហារជាមួយពលរដ្ឋ ដោយមិនឱ្យរៀបចំទុកមុន
29, Aug 2023 , 10:33 am        
រូបភាព
«ខ្ញុំច្រណែន សម្ដេច (ហ៊ុន សែន) មួយ នៅកន្លែងហ្នឹង គាត់បានចុះហូបបាយជាមួយពលរដ្ឋ តែខ្ញុំមិនទាន់ តែខ្ញុំត្រូវតែចុះទៅ»។ នេះបើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលគ្រោងចុះទៅពិសាបាយជាមួយកម្មករ កម្មការិនីរោងចក្រ។



ប៉ុន្តែលោក ហ៊ុន ម៉ាណែត ចង់ចុះទៅពិសាបាយជាមួយពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ ដោយមិនឱ្យមានការរៀបចំទុកមុននោះទេ ។ បានន័យថា លោកនាយករដ្ឋមន្រ្តី នឹងលួចចុះទៅត្រួតពិនិត្យ ហើយពិសាបាយជាមួយពលរដ្ឋ ដោយមិនជូនដំណឹងប្រាប់អ្នកណាមុនទាំងអស់។  
 
«ថ្ងៃមុន កេះឯកឧត្តម ហេង សួរ ទៅដើម្បីត្រួតពិនិត្យមើល ប៉ុន្តែសំខាន់ចង់ដឹងពីស្ថានភាពជាក់ស្ដែង ហើយកុំភរ ខ្ញុំ។ ហើយពេលខ្លះ ខ្ញុំចូលទៅមើលកន្លែងជាក់ស្ដែង ដោយមិនព្រៀងទុក។ កាលខ្ញុំនៅកងទ័ព ខ្ញុំចុះទៅពិនិត្យព្រំដែន កន្លែងខ្លះ ដោយមិនចាំបាច់(ប្រាប់មុន) ហើយមេទ័ពរត់តាមខ្ញុំទេ …។ ខ្ញុំចប់ការត្រួតពិនិត្យហើយ បានមេទ័ពរត់ទៅដល់។ ហើយចូលទៅបានដឹងការគ្រប់គ្រងកម្លាំងទ័ព និងការត្រៀមលក្ខណៈជាក់ស្ដែង»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា ទោះលោកមិនចុះផ្ទាល់ ក៏មានក្រុមការងារដែលនៅចំណុះផ្ទាល់របស់លោក ចុះតាមដានជាប្រចាំដែរ។
 
លោក ហ៊ុន ម៉ាណែត ឱ្យតម្លៃលើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែងជាប្រចាំ ទើបការអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់។ សម្រាប់លោក ម៉ាណែត ការពិនិត្យតែលើរបាយការណ៍ ហើយយកមកវាយតម្លៃនោះ វាមិនសូវផ្ដល់ផលវិជ្ជមានឡើយ។ «ព្រោះខ្ញុំជឿថា ស្អីក៏ដោយត្រូវធានាប្រសិទ្ធភាព តាមរយៈ យន្តការតាមដានត្រួតពិនិត្យជាប់ជាប្រចាំ។ បើអត់មាន(យន្តការ)នេះទេ យើងអត់ជោគជ័យប៉ុន្មានទេ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ថ្លែងនៅចំពោះមុខកម្មករ-កម្មការិនី ១៨ ០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា។
 
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏ដាក់ចេញផែនការរៀបចំកែលម្អកន្លែងទារកដ្ឋាន និងអាហារដ្ឋាននៅតាមរោងចក្រ ដែលទើបបង្កើតឡើងថ្មីៗ ដើម្បីជួយសម្រួល និងដោះស្រាយការលំបាករបស់កម្មករ កម្មការិនីរោងចក្រទៀតផង។ បើតាមលោក ម៉ាណែត ការរៀបចំទារកដ្ឋាននេះ គឺអាចជួយឱ្យកម្មការិនី ដែលមានកូនតូចៗ ក្នុងបន្ទុកអាចយកទៅកន្លែងធ្វើការបាន ជាពិសេសកាត់បន្ថយថ្លៃចំណាយឱ្យអ្នកដទៃ ជួយមើលថែកូនៗរបស់ពួកគេ រួមទាំងជួយលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ និងទារក៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com