ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃបកស្រាយពីបំណង លោក ស សុខា ដែលចង់ឱ្យសិក្សាលើការធ្វើបណ្ណបើកបរម៉ូតូកម្លាំង៦០CC
29, Aug 2023 , 2:12 pm        
រូបភាព
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ សីហា ២០២៣។ រូបពីហ្វេសប៊ុក លោក ស សុខា។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ សីហា ២០២៣។ រូបពីហ្វេសប៊ុក លោក ស សុខា។
ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺបកស្រាយពីបំណងរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ជុំវិញការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ចាប់ពីកម្លាំង៦០cc ឡើងទៅ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ។



ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិដល់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ សីហា លោក ស សុខា បានលើកឡើងពីរបាយការណ៍ធ្វើស្លាកលេខម៉ូតូ មានជាង១៧០០គ្រឿងក្នុងមួយថ្ងៃ ដែលបង្ហាញថា ម៉ូតូនៅកម្ពុជា មានចំនួនច្រើន ដែលអាចបង្កហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍។ ដោយសារមើលឃើញបែបនេះ ទើបរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកយកការសិក្សាធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំង៦០cc ឡើងទៅ មកពិចារណា។
 
លោកឧបនាយករដ្ឋមន្រ្តីរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖«ក្នុងន័យនេះ ខ្ញុំក៏បានឱ្យសិក្សាផងដែរ យើងឃើញហើយថា ម៉ូតូ១២០cc មិនចាំបាច់មានបណ្ណបើកបរទេ ប៉ុន្តែអនាគត ខ្ញុំគិតថាគួរតែមាន ព្រោះបើម៉ូតូ១២០ccនេះ បើយើងមើលកុងទ័រខ្លះ ១២០cc ខ្លះ១៣០cc ហើយមិនចាំបាច់បើកដល់១២០cc ឬ១៣០cc ទេ យើងបើកតែ(ល្បឿន) ៨០ ទៅ៩០ នេះ បុកតែគោ និងក្របី មួយ ក៏ទៅ(គ្រោះថ្នាក់)ដែរ។ នេះក៏ជាការគិតគូមួយបន្ថែមទៀត ដើម្បីជាវិធានការ នៃការគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត អាចត្រឹមថា ក្រោម៦០cc មិនបាច់បណ្ណបើកបរទេ តែ៦០cc ដល់១២០cc អាចថា តម្រូវការ(បណ្ណបើកបរ) ប្រភេទក ប្រភេទ ខ អ៊ីចឹងទៅ»។
 
បើតាមលោក ស សុខា ចំណុចទាំងនេះ នឹងត្រូវយកទៅជជែកជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមទៀត។ តាមរយៈការលើកឡើងរបស់លោករដ្ឋមន្រ្តីមហាផ្ទៃនេះ ត្រូវបានមហាជន រិះគន់ និងបង្ហាញការមិនសប្បាយចិត្ត ដោយស្នើឱ្យទម្លាក់ចោល នូវបំណងធ្វើបណ្ណបើកបរម៉ូតូកម្លាំង៦០cc នេះ ។
 
ក្រោយមានប្រតិកម្មពីមហាជនបែបនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញមកបកស្រាយបន្ថែមថា ការលើកឡើងរបស់លោក ស សុខា គឺចង់សង្កត់ធ្ងន់ទៅលើការសិក្សាឡើងវិញ នូវបទពិសោធន៍ និងលទ្ធផលនៃការអនវុត្តកន្លងមក។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ព្យាយាមពន្យល់ថា បើការសិក្សា សម្រាប់ការអនុវត្តនាពេលអនាគត រកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) មានអត្រាច្រើនគួរឱ្យកត់សម្គាល់នោះ ទើបក្រសួងមហាផ្ទៃ នឹងលើកយកមូលដ្ឋាននៃការសិក្សានេះ ទៅពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចធ្វើបណ្ណបើកបរ។
 
តាមរយៈការសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យមហាផ្ទៃ នាថ្ងៃទី២៩ សីហា បកស្រាយជុំវិញការលើកឡើងរបស់លោក ស សុខា ដូច្នេះថា៖«ជារូម ពុំមានលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់៦០cc ឡើងទៅ គឺសុទ្ធតែតម្រូវឱ្យមានបណ្ណបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយានជំនិះផងដែរ ដូចជាប្រភេទ ក, ខ ជាដើម នឹងត្រូវអនុវត្តជាជំហានៗបែបណា ឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង»។
 
ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជំរុញឱ្យអគ្គស្នងការនគរបាលជាតិ បណ្ដាស្នងការនគរបាលរាជធានី ខេត្ត សហការជាមួយតួអង្គពាក់ព័ន្ធនានា បង្កើតយន្តការបណ្ដុះបណ្ដាល ផ្សព្វផ្សាយអប់រំ ឱ្យបានទូលំទូលាយពីច្បាប់ចរាចរណ៍ បច្ចេកទេស និងក្រមសីលធម៌បើកបរ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ និងពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍ផង។
 
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ការលើកឡើងរបស់លោក ស សុខា នេះ គឺជាផែនការអនាគត ដែលត្រូវចាប់ផ្ដើមគិតគូពីពេលនេះទៅប៉ុណ្ណោះ ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ សម្រាប់ការអនុវត្តឡើយ។
 
បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ កើតឡើងសរុបចំនួន ១ ៥៤៨លើក ដោយគ្រោះថ្នាក់នៅពេលយប់៥៤ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួស ២ ០៧២នាក់ ក្នុងនោះរបួសធ្ងន់១ ៣៣២នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ មានការថយចុះ ៦១លើក ស្មើ៤ភាគរយ (១ ៦០៩លើក) ។ ចំណែកអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើ២០ភាគរយ (៩៤២នាក់) និងអ្នករបួសថយចុះ ១៦៣នាក់ ស្មើ៧ភាគរយ (២.២៣៥នាក់)។ នេះបើតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិកន្លងមក៕

Tag:
 ស សុខា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com