កីឡាជាតិ
ជាតិ
លោក រិទ្ធ ឌីកា មិនពេញចិត្តការជ្រើសរើសកីឡាករទាំង២៧រូប របស់លោកគ្រូ Felix
29, Aug 2023 , 5:09 pm        
រូបភាព
លោក រិទ្ធ ឌីកា អាវខ្មៅ លោក Felix G.Dalmas (អាវខៀវ)
លោក រិទ្ធ ឌីកា អាវខ្មៅ លោក Felix G.Dalmas (អាវខៀវ)
ដោយ:
លោក រិទ្ធ ឌីកា មន្រ្តីបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យល់ថាគ្រូជម្រើសជាតិកម្ពុជាលោក Felix G.Dalmas គួរតែជ្រើសរើសកីឡាករដែលប្រកបអាជីពក្នុងលីគកំពូលកម្ពុជា ហើយមានសមត្ថភាពលេងពេញម៉ោង សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុង និងម៉ាកាវ នៅខែកញ្ញា។


នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ចំនួន២៧រូប ត្រៀមប្រកួតមិត្តភាព ជាមួយហុងកុង និងម៉ាកាវ នាខែកញ្ញាខាងមុខនេះ ដោយក្នុងចំណោមនោះ សម្បូរដោយកីឡាករចំណូលថ្មី ស្របពេលសមាសភាព កីឡាករ ពីព្រះខ័នរាជស្វាយរៀង មានតែ៣រូបប៉ុណ្ណោះ។ 
 
«ខ្ញុំគិតថាការជ្រើសរើសកីឡាករបែបនេះ ប្រហែលជាគ្រូគាត់មិនបានមើលការប្រកួតនៅតាមលីគទេ។ ព្រោះកីឡាករមួយចំនួនដែលអាចលេងបាន ៩០នាទី ពេញសុទ្ធតែមិនមានវត្តមានក្នុងជម្រើស២៧រូប»។ លោក រិទ្ធ ឌីកា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះនៅថ្ងៃទី២៩ ខែសីហា តាមប្រព័ន្ធទូរសព្ទ ពោលគឺភ្លាមៗក្រោយ FFC បង្ហាញសមាសភាពកីឡាករទាំង២៧រូប។
 
លោក ឌីកា យល់ថា ការជ្រើសរើសកីឡាករបែបនេះ ហាក់មិនមានសមភាពជាមួយនឹងសមត្ថភាពរបស់កីឡាករ ដែលកំពុងប្រកបអាជីពក្នុងលីគកំពូលកម្ពុជា ដែលមួយចំនួនមានសមត្ថភាពលេងលើទីលានបានរហូតដល់៩០នាទីពេញ។
 
ប្រធានបច្ចេកទេសរបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លើកឡើងថា៖ «ការជ្រើសរើសបែបនេះវាអាចប៉ះពាល់ទៅដល់ទឹកចិត្តកីឡាករដែលលេងល្អ និងមានសក្តានុពលក្នុងលីគ។ ប៉ុន្តែខ្ញុំមិនដឹងថាគ្រូធំគាត់យល់បែបណាទេ?»។ យ៉ាងណា អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ យល់មថា នេះប្រហែលជាការតេស្តសមត្ថភាពកីឡាករទើបគ្រូជម្រើស​ជាតិលោក Felix មានការរៀបចំជ្រើសរើសបែបនេះ។
 
លោក ឌីកា ដែលអតីតគ្រូជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ១៩ឆ្នាំ ពន្យល់ថា ការមិនយល់ស្របជាមួយនឹងការជ្រើសរើសបែបនេះគឺព្រោះតែលោកមើលឃើញពីធនធានកីឡាករមានសមត្ថភាព ដែលកំពុងលេងក្នុងលីគកំពូលកម្ពុជាមានច្រើន ដែលគ្រូជម្រើសជាតិ គួរតែមានការប្រមូលផ្តុំហ្វឹកហាត់ជម្រុះ ដើម្បីចម្រាញ់យកកីឡាករមានសមត្ថភាពខ្ពស់។
 
កីឡាករជម្រើសជាតិឈុតធំកម្ពុជា ទាំង២៧រូប នឹងជ្រើសរើសយកតែ២៣រូបចុងក្រោយ សម្រាប់លេងទល់នឹងភ្ញៀវមកពីហុងកុង នៅថ្ងៃទី៧ ខែកញ្ញា និងក្រុមម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីកម្តៅសាច់ដុំត្រៀមការប្រកួតជម្រុះ ពានរង្វាន់កីឡាបាល់ទាត់ FIFA World Cup ទ្វីពអាស៊ីឆ្នាំ២០២៦។
 
សមាសភាពកីឡាករ២៧រូបបណ្តោះអាសន្នរួមមាន
កីឡាករមកពីក្រុមវិសាខា៖ កែវ សុខសិលា ហ៊ុល គឹមហ៊ុយ(អ្នកចាំទី) ស៊ិន កក្កដា រ៉ឹង ប៊ុនហៀង ស៊ិន សុផាណាត់ អ៊ុក សុវណ្ណ ឆេង ម៉េង និងអ៊ិន សូដេវីដ។
កីឡាករមកពីក្រុមព្រះខ័នរាជស្វាយរៀង៖ គួច ដានី ថេឡរ ឌឿងនីកូឡាស និង សឿយ វិសាល។
កីឡាករមកពីក្រុមភ្នំពេញក្រោន៖ ផាច សុជាវីឡា ជួន ចាន់ចាវ យ៉ើ មូស្លីម លឹម ពិសុទ្ធ អ៊ន ចាន់ប៉ូលីន ។
កីឡាករមកពីក្រុមណាហ្គាវើលដ៍៖ ឈង់ ប៊ុនណាត គួច សុកុម្ភៈ។
កីឡាករមកពីក្រុមបេងកេត៖ ចាន់ វឌ្ឍនាកា វ៉ាន់ តៃឡាម៉ឺ ជា វេសលី ចន្ធា ចន្ទាកា ឃាន់ សុប៉ិន និងកាន់​ពិសាល។
កីឡាករមកពីក្រុមព្រៃវែង៖ គីម ចាន់វាសនា(អ្នកចាំទី) គង់ លីហ៊ួរ។
 

Tag:
 កីឡាបាល់ទាត់
 រិទ្ធ ឌីកា
© រក្សាសិទ្ធិដោយ thmeythmey.com