ជាតិ
សមាជិកសភា,សមាជិករដ្ឋាភិបាល,ទីប្រឹក្សា និងជំនួយការចាស់-ថ្មី មានពេល៣០ថ្ងៃប្រកាសទ្រព្យសម្បត្តិ និងបំណុល
29, Aug 2023 , 7:27 pm        
រូបភាព
ភ្នំពេញ៖ សមាជិកសភា, សមាជិករដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា និងជំនួយការចាស់-ថ្មី មានពេល៣០ថ្ងៃយ៉ាងយូរ ដើម្បីប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយចូលកាន់តំណែង។ នេះបើតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចេញផ្សាយថ្ងៃទី២៩ សីហានេះ។



អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតឆ្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា, សមាជិករដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា និងជំនួយការ អំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ សមាជិកសភា មានរយៈពេល ៣០ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់តំណែង ចាប់ពីថ្ងៃទី២១ សីហាតទៅ ដើម្បីប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា១៨។
 
ដោយឡែក សមាជិកសភា, សមាជិករដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា និងជំនួយការ ក៏មានពេល ៣០ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់តំណែង ចាប់ពីថ្ងៃទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។ ACU បន្តថា ចំពោះសមាជិកសភា, សមាជិករដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា និងជំនួយការថ្មី ដែលមិនធ្លាប់ទទួលបានតួនាទីអ្វីផ្សេង ត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងពេល៣០ថ្ងៃយ៉ាងយូរ ក្រោយចូលកាន់តំណែងផងដែរ។
 
ជាមួយគ្នានេះ សមាជិកសភា, សមាជិករដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា និងជំនួយការចាស់ ដែលបានជាប់ឆ្នោតថ្មី ឬបានតែងតាំងថ្មី មិនចាំបាច់ប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងពេលនេះនោះទេ។ ប៉ុន្តែត្រូវប្រកាស តាមរបប២ឆ្នាំ គឺនៅខែមករា ឆ្នាំ២០២៤ សម្រាប់អ្នកដែលបានប្រកាស កាលពីឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៥ សម្រាប់អ្នកដែលបានប្រកាស ក្នុងឆ្នាំ២០២៣។
 
ក្រៅពីនេះ សមាជិកសភា, សមាជិករដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា និងជំនួយការចាស់ក្នុងអាណត្តិទី៦ មិនឈរឈ្មោះជាបេក្ខជនជាថ្មី, លាឈប់ និងមិនទទួលបានការតែងតាំង ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយក្នុងអំឡុងពេល ៣០ថ្ងៃ ក្រោយបញ្ចប់តួនាទី។ 
 
គួរបញ្ជាក់ថា ការប្រកាសទ្យព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវអនុវត្តធ្វើ ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណែង។ ចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទីពីរ ត្រូវធ្វើនៅខែមករា ឆ្នាំទី៣ នៃការកាន់មុខតំណែង។ 
 
ការប្រកាសទ្យព្យសម្បត្តិ និង បំណុលចុងក្រោយ ត្រូវធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនប្រកាសមុនពេលចាកចេញពីមុខតំណែងបាន ដោយមូលហេតុមានការដកហូតមុខតំណែង ត្រូវប្រកាសយ៉ាងយូរ ៣០ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង។ នេះបើតាមមាត្រា១៨ របបប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕
 
 

Tag:
 អំពើពុករលួយ
  ប្រកាសទ្រព្យសម្បត្តិ និងបំ
© រក្សាសិទ្ធិដោយ thmeythmey.com