អន្តរជាតិ
លោកប្រាយុទ្ធថា ចង់ចំណាយពេលជាមួយគ្រួសារ និងក្លាយជាពលរដ្ឋសាមញ្ញ ពេលចុះចេញពីតំណែង
30, Aug 2023 , 11:39 am        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកចុងក្រោយ នៅវិមានរដ្ឋាភិបាល ក្នុងថ្ងៃទី២៩ ខែសីហា។ រូបភាព Twitter_Khaosod English
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកចុងក្រោយ នៅវិមានរដ្ឋាភិបាល ក្នុងថ្ងៃទី២៩ ខែសីហា។ រូបភាព Twitter_Khaosod English
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចុងក្រោយ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ នៅថ្ងៃទី២៩ ខែសីហា បានអះអាងថា លោកនឹងក្លាយជាពលរដ្ឋសាមញ្ញដោយគ្មានឯកសិទ្ធិពិសេស ។ លោកក៏ចង់សម្រាក និងចំណាយពេលជាមួយគ្រួសារ។



សល់ពេលមិនយូរឡើយរដ្ឋាភិបាលថ្មី នឹងចូលកាន់តំណែង។ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ នឹងចុះចេញពីតំណែងក្រោយកាន់អំណាចជិត ១ទសវត្សរ៍។ 
 
នៅថ្ងៃទី២៩ ខែសីហា លោក ប្រាយុទ្ធ បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកចុងក្រោយ ដោយអះអាងថា លោកមានការពេញចិត្តចំពោះការបំពេញតួនាទីរបស់រដ្ឋាភិបាលលោក ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ ក្រោយកិច្ចប្រជុំនោះ អ្នកសារព័ត៌មានក៏បានសួរមេដឹកនាំត្រៀមចុះចេញពីតំណែងរូបនេះ ពាក់ព័ន្ធនឹងផែនការនៅពេលខាងមុខផង។ 
 
«ខ្ញុំនឹងក្លាយជាប្រជាជនសាមញ្ញ ដោយគ្មានឯកសិទ្ធិពិសេស»។ លោកប្រាយុទ្ធ បានឆ្លើយតបបែបនេះ នៅវិមានរដ្ឋាភិបាលថៃ ក្នុងថ្ងៃទី២៩ ខែសីហា​ ដោយបន្តថា លោកចង់សម្រាក និងចំណាយពេលឱ្យកាន់តែច្រើនជាមួយគ្រួសារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ទន្ទឹមនេះ លោកប្រាយុទ្ធ ក៏ត្រូវបានអ្នកសារព័ត៌មានសួរសំណួរជុំវិញការរំពឹងទុកលើរដ្ឋាភិបាលថ្មីផង។ បើតាមមេដឹកនាំថៃ បញ្ហាដែលមាន គួរតែជាការងាររបស់រដ្ឋាភិបាលថ្មីសម្រាប់ដោះស្រាយ។ 
 
ស្របគ្នានេះ លោក ប្រាយុទ្ធ បានសរសើរសមាជិកគណៈរដ្ឋមន្រ្តីរបស់លោកផង ដោយមន្រ្តីម្នាក់ៗធ្វើការជាមួយគ្នាល្អ និងតែងតែនិយាយដោយមានភ្ជាប់ជាមួយហេតុផល។ 
 
នៅក្នុងខែកក្កដា កន្លងមក លោកប្រាយុទ្ធ បានប្រកាសដើរចេញពីនយោបាយផងដែរ ក្រោយកាន់អំណាចចាប់តាំងពីឆ្នាំ២០១៤មក។ 
 
ក្នុងថ្ងៃដដែលនោះ អ្នកសារព័ត៌មាន ក៏បានសួរលោក Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តីថៃផង ទាក់ទងនឹងបរិយាកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកចុងក្រោយ។ ជុំវិញបញ្ហានេះ លោកឧបនាយករដ្ឋមន្រ្តីថៃ បានអះអាងថា លោកប្រាយុទ្ធ និងរដ្ឋមន្រ្តីផ្សេងទៀត មិនបាននិយាយអ្វីសំខាន់ឡើយ។ 
 
បន្ថែមពីនេះ លោក Wissanu បានយល់ថា គណៈរដ្ឋមន្រ្តីថ្មីសុទ្ធតែជាបុគ្គលមានសមត្ថភាព ហើយលោកជឿលើភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាលថ្មី និងអាចបំពេញការងារបានត្រឹមត្រូវ។ 
 
សូមបញ្ជាក់ថា បក្សភឿថៃ នៅល្ងាចថ្ងៃទី២៨ ខែសីហា បានបញ្ចេញសមាសភាពគណៈរដ្ឋមន្រ្តីថ្មីចុងក្រោយដោយមានសមាជិកចំនួន៣៦រូប។ លោកសេដ្ឋា ថាវីស៊ីន ត្រូវកាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ បន្ថែមពីលើតួនាទីនាយករដ្ឋមន្រ្តី។ ក្នុងគណៈរដ្ឋមន្រ្តីថ្មីនេះ ឧបនាយករដ្ឋមន្រ្តីមានចំនួន៧រូប, រដ្ឋមន្រ្តីចំនួន២១រូប និងអនុរដ្ឋមន្រ្តីចំនួន ១៤រូប៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com