ជាតិ
លោក​ស្រី ភឿង សកុណា៖ «កិច្ច​សហប្រតិបត្តិ​ការវប្បធម៌ ​មិន​មែន​ស្រួល​ដូច​ចិត្ត​យើង​គិត​​ទេ​»
31, Aug 2023 , 11:59 am        
រូបភាព
ភ្នំពេញ​៖ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ដែល​ជា​ឆ្នាំ​ដំបូង ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្នែក​វប្បធម៌ រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ កម្ពុជា​ទទួល​បាន​សមុច្ច័យ​​ជាង​១០០​ដុំ​ហើយ​ ពី​សហរដ្ឋ​អាមេរិក​។ ទោះ​ជា​យ៉ាង​ណា​ កិច្ច​ការ​ស្វែង​រក​វត្ថុ​បុរាណ​​ខ្មែរ មក​កាន់​ទឹក​ដី​កំណើត​វិញ​នេះ ពុំ​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ​​។ នោះក៏ដោយ​សារ​តែ​វត្ថុ​បុរាណ​ទាំង​នេះ មាន​តម្លៃ​ថ្លៃ​ខ្លាំង ដូច្នេះ​អ្នក​កាន់​កាប់​វត្ថុ​បុរាណ​ទាំង​នោះ ពុំ​ចង់​ផ្ដល់​មក​ឱ្យ​​កម្ពុជា​​​​វិញ​ទេ​​។



ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ​ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ លើក​ទី​៥ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​វប្បធម៌ រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ នៅ​សារមន្ទីរ​ជាតិ​ នាថ្ងៃ​ទី​៣០​ ខែ​សីហា ឆ្នាំ​២០២៣​។ នេះ​ជា​ការ​បញ្ជាក់​ជាថ្មី នូវ​ការ​ប្ដេជ្ញា​ចិត្ត​យូរ​អង្វែង​ របស់​សហរដ្ឋ​​អាមេរិក ក្នុង​ការ​អភិរក្ស និង​ជួស​ជុល​បេតិកភណ្ឌ​វប្បធម៌ ​ដ៏​សម្បូរ​​បែបរបស់​កម្ពុជា​។
  

 
ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​តែ​មួយ​គត់​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​មាន​កិច្ច​ព្រម​ព្រៀង​នេះ​។ អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​(MOU) ជា​លើក​ដំបូង​ត្រូវ​បាន​ចុះ​ហត្ថលេខា​​នៅ​ឆ្នាំ​២០០៣​។
 
លោក​ស្រី ភឿង សកុណា បាន​​មាន​ប្រសាសន៍​ ក្នុង​​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ លើក​ទី​៥ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​វប្បធម៌ រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក ថា អស់​រយៈ​ពេល​ជា​ច្រើន​​ទសវត្សរ៍​មក​ហើយ​ ដែល​វត្ថុ​​បុរាណ​​របស់​​កម្ពុជា ត្រូវ​បាន​លួច​ និង​ទទួល​ទិញ​ ដោយ​អ្នក​ធ្វើ​​សមុច្ច័យ​ ជា​លក្ខណៈ​ឯកជន​ និង​បណ្ដា​សារ​មន្ទីរ​ នៅ​ទូ​ទាំង​ពិភព​លោក​។ 
 
លោក​ស្រី​បន្ថែម​ថា វិធាន​ការ​​ដ៏​មាន​ប្រសិទ្ធិភាព​ ប្រឆាំង​នឹង​ការ​ជួញ​ដូរ​​ដោយ​ខុស​ច្បាប់​ នូវ​វត្ថុ​បុរាណ​ និង​សម្បត្តិ​វប្បធម៌​ ត្រូវពឹង​ផ្អែក​លើ​សហប្រតិបត្តិការ​ជិត​ស្និទ្ធ។ លោក​ស្រី​សង្កត់​ធ្ងន់​ថា កិច្ច​សហ​ការ​គ្នា​រវាង​​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា​ មាន​សារ​សំខាន់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​ការ​ជួញ​ដូរ​វត្ថុ​បុរាណ​ខុស​ច្បាប់​។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ស្រី​អះ​អាង​ថា កិច្ច​សហប្រតិបត្តិការ​​ផ្នែក​វប្បធម៌ មិន​ងាយ​ស្រួល​ដូច​ចិត្ត​ចង់​បាន​ឡើយ​ ព្រោះ​វត្ថុបុរាណ​​ទាំង​នោះមាន​តម្លៃ​​ថ្ងៃខ្លាំង ដូច្នេះ​អ្នក​កាន់​កាប់​ខ្លះ​ មិន​ចង់​ឱ្យ​​មក​កម្ពុជា​វិញ​ឡើយ​។ 
  
លោកស្រី ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 
លោក​ស្រី ភឿង សកុណា ពន្យល់​បន្ថែម​៖«​វត្ថុបុរាណ​​​របស់​ខ្មែរ ដែល​នៅ​សហរដ្ឋ​អាមេរិក មាន​ទាំង​នៅ​ក្នុង​ផ្ទះ​​ប្រជា​ជន​ធម្មតា​ និង​នៅ​ក្នុង​សារមន្ទីរ​។ កិច្ច​សហប្រតិបត្តិ​ការ ​មិន​មែន​ស្រួល​ដូច​ចិត្ត​យើង​គិត​​ទេ​ណា។ យើង​ត្រូវ​ជជែក​ពិភាក្សា​គ្នា​តឹង​តែង​ ព្រោះ​ជួន​កាល​នៅ​លើ​ដៃ​គេ គេ​មិន​ចង់​ឱ្យ​ក៏​មាន​ដែរ។ អ្នក​ខ្លះ​គេ​យល់ ​គេ​ស្ម័គ្រ​ចិត្ត​ឱ្យ។ អ្នក​ខ្លះ​គេ​មិន​ស្ម័គ្រ​ចិត្ត​ឱ្យ​ទេ ដូច្នេះ​​ត្រូវ​ការ​ពិភាក្សា​គ្នា​ ត្រូវ​ការ​ពន្យល់​គ្នា​ច្រើន​។ ពិបាក​ជជែក​ទាំង​ខាង​សារមន្ទីរ ទាំង​ខាង​ប្រជា​ជន​ធម្មតា​។ ព្រោះ​វត្ថុ​ទាំង​នោះ​ថ្លៃ​ៗ​ខ្លាំង​ណាស់​»។ 
 
លោក​ W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូត​អាមេរិក ​បាន​ប្រកាស​​ក្នុង​ពិធីចុះ​ហត្ថលេខា​ខាង​លើ​ នូវ​ជំនួយ​ថវិកា ចំនួន​ ៤៥​ ម៉ឺន​ដុល្លារ​ របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក តាម​រយៈ​មូល​និធិ​ឯក​អគ្គរដ្ឋ​ទូត​ សម្រាប់​ការ​អភិរក្ស​វប្បធម៌ ជូន​ដល់​ក្រសួង​​វប្បធម៌​កម្ពុជា សម្រាប់​បន្ត​ការ​ងារ​អភិរក្ស​ នៅ​ប្រាសាទ​ភ្នំ​បាខែង​។
 
លោក Murphy បន្ថែម​ដូច្នេះ​៖«ប្រទេស​យើង​ទាំង​ពីរ​ មើល​ឃើញ​​អំពី​អំណាច​​នៃ​វប្បធម៌​ ក្នុង​​ការ​ធ្វើ​ឱ្យ​មនុស្ស​មាន​ការ​រួប​រួម​គ្នា​។ សហរដ្ឋ​អាមេរិក​​ មាន​មោទកភាព​ចំពោះ​ការ​រួម​​ចំណែក​របស់​ខ្លួន ក្នុង​ការ​ជួស​ជុល​ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ នៃ​ព្រះ​រាជាណាចក្រ​ សម្រាប់​មនុស្ស​​ជំនាន់​ក្រោយ​ៗ​ទៀត​»។

 លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ​កម្ពុជា

លោក​ស្រី​ ភឿង សកុណា បាន​កោត​សរសើរ​ដល់​សហរដ្ឋ​អាមេរិក ដែល​ប្រឹង​ប្រែង​​ជួយ​កម្ពុជា ក្នុង​ការ​ប្រមូល​​​វត្ថុ​បុរាណ​ខ្មែរ ត្រឡប់​មក​កម្ពុជា​វិញ​។ 
 
«សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​សកម្ម ក្នុង​ការ​ជួយរឿង​​នេះ ដូច្នេះ​មាន​ជាង​១០០​រូប​ហើយ​ ដែល​យើង​បាន​​ទទួល។ ឥឡូវ​វត្ថុ​បុរាណ​មួយ​ចំនួន​ យើង​កំពុង​តម្កល់​ទុក​នៅ​អាមេរិក ពេល​បាន​ជុំ​គ្នា យើង​នឹង​ដឹក​មក​​ម្ដង​ទៀត​។ ​នេះ​ជា​ការ​រៀន​សូត្រ​មួយ​ សម្រាប់​​​យុវជន​ជំនាន់​ក្រោយ ថា​សង្គ្រាម​​នាំ​មក​នូវ​ការ​បែ​ប​បាក់​អ៊ីចឹង​។ នៅ​ពេល​មាន​សន្តិភាព​ មិន​មែន​មាន​តែ​ប្រជាជន​ទេ សូម្បី​តែ​វត្ថុ​បុរាណ​ក៏​អាច​ជួប​ជុំ​គ្នាបាន​ដែរ​។ នេះ​ជួយ​ទៅ​លើ​សេដ្ឋ​កិច្ច​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ ដើម្បី​ការ​កសាង​ប្រទេស​យើង​ ដែល​មាន​សារ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល​តែ​ម្ដង​»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​លោកស្រី សកុណា​​។
 
ការ​បន្ត​ MOU រវាង​សហរដ្ឋ​អាមេរិក និង​ព្រះ​​រាជាណាចក្រ​កម្ពុជា​លើក​ទី​៥​នេះ ទាក់​ទង​នឹង​ ការ​ដាក់​កម្រិត​​ហាម​ប្រាម​ នូវ​ការ​នាំ​ចូល​ប្រភេទ​វត្ថុ​បុរាណ និង​វត្ថុ​ជាតិ​ពិន្ធុវិទ្យា​ និង​កាត់​​បន្ថយ​ការ​លួច​ប្លន់​​ វត្ថុ​បុរាណ​​ដ៏​ល្អ​ឯក ពី​ប្រទេស​កម្ពុជា​។ MOU នេះ ​នឹង​បន្ត​ការ​ផ្លាស់​ប្ដូរ​គ្នា​ នូវ​វត្ថុ​បុរាណ​ និង​វត្ថុ​​ជាតិ​ពិន្ធុ​សាស្ត្រ​ សម្រាប់​បំណង​ផ្នែក​វប្បធម៌ អប់រំ និង​វិទ្យា​សាស្ត្រ​ ដើម្បី​ធ្វើ​ឱ្យ​សាធារណជន​ កាន់​តែ​យល់​ និង​ផ្ដល់​តម្លៃ​ ហើយ​​ស្វែង​យល់​ ពី​បេតិ​កភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​​កម្ពុជា​។
  

 
២០​ឆ្នាំ​កន្លង​មក MOU រវាង​កម្ពុជានិង​សហរដ្ឋ​​អាមេរិក​ ផ្នែក​វប្បធម៌​ បាន​ជួយ​សម្រួល​ ដល់​ការ​បញ្ជូន​​ត្រឡប់​មក​កម្ពុជា​វិញ​ នូវ​វត្ថុ​បុរាណ​​ដ៏​មាន​តម្លៃចំនួន​ជាង ១០០ ដុំ​ និង​បាន​កសាង​សមត្ថភាព​របស់​ជន​ជាតិ​ខ្មែរ​ ដែល​ធ្វើ​ការ​ងារ​ថែរក្សា​ ​និង​គាំពារ​បេតិកភណ្ឌវប្បធម៌​។
 
សូម​បញ្ជាក់​ថា ក្រៅ​ពី​សហរដ្ឋ​អាមេរិក កម្ពុជា​​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ ជា​មួយ​ប្រទេស​ផ្សេង​ទៀត​ដែរ ដូច​ជា​ប្រទេស​ថៃ និង​​ចិន​ ប៉ុន្តែ​ពុំ​ទាន់​បាន​សកម្ម​ដូច​សហរដ្ឋ​អាមេរិក​ឡើយ ព្រោះ​ទើប​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ៗ​នេះ​។ នៅ​ថ្ងៃ​ខាង​មុខ កម្ពុជា​ក៏​មាន​បំណង​ពង្រីក ​កិច្ច​សហប្រតិបត្តិ​ការ​វប្បធម៌​បែប​នេះ ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ទៀត​ ដែល​មាន​រក្សា​ទុក​វត្ថុ​បុរាណ​របស់​កម្ពុជា ​​។
 
លោក​ស្រី​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា ការ​​ស្វះ​ស្វែង​​រក​វត្ថុ​បុរាណ​ ត្រឡប់​មក​កម្ពុជា​វិញ គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ ក្នុង​ការ​​ប្រមូល​ផ្ដុំ​ដួង​ព្រលឹង​​របស់​ដូន​តា ឱ្យ​មក​ជុំ​គ្នា​ក្នុងទឹក​ដី​កំណើត​។ 
 
លោក​ស្រី បន្ថែម​ដូច្នេះ​៖«ការ​ប្រមូល​វត្ថុបុរាណ​មក​វិញ មាន​សារសំខាន់​សម្រាប់​ជាតិ គឺ​អនុញ្ញាត​ឱ្យ​កម្ពុជា បាន​ស្វែង​រក​ដួង​ព្រលឹង​វិញ្ញាណ​ខណ្ឌ​របស់​ដូន​តា វត្ថុ​បុរាណ​របស់​ខ្មែរ ដែល​បាន​បាត់​ បែក​បាក់ ​ខ្ចាត់​ខ្ចាយ​ក្នុង​សម័យ​សង្គ្រាម​ ត្រឡប់​មកទឹក​​ដី​កំណើត​វិញ​។ បាន​ឱ្យកូន​ខ្មែរ​បាន​រៀន​សូត្រ​ និង​គោរព​អ្វីដែល​ជា​មរតកដូន​តា នូវ​ផ្នែក​ស្មារតីដួង​ព្រលឹង និង​ជា​ការ​វិល​ជួប​ជុំ​គ្នា​វិញ ​របស់​​វត្ថុ​បុរាណ​ខ្មែរ ដែល​បាន​បែក​បាក់​រាប់​សតវត្សរ៍​​មក​ហើយ​​។
  

 
សូម​រំលឹក​ថា តាំង​ពី​ឆ្នាំ​២០០១មក សហរដ្ឋ​អាមេរិក​ បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​ជិត​ ៦​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​អភិរក្ស​វប្បធម៌​​នៅ​កម្ពុជា ដែល​រួម​មាន​ជំនួយ​ជា​ថវិកា សម្រាប់​ជួស​ជុល​​ប្រាសាទ​ភ្នំ​បាខែង និង​ប្រាសាទព្រះ​វិហារ។ ជាពិសេសជួយ​ដល់​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ បង្កើត​បញ្ជី​សារពើភណ្ឌ​តាម​ប្រព័ន្ធ​អនឡាញ​នៃ​វត្ថុ​សិល្បៈ​ នៅ​សារមន្ទីរ​តាម​ខេត្ត​នានា និង​អប់រំ​​ផ្សព្វ​ផ្សាយ​ ដល់​សាធារណជន​ លើ​ការ​ការ​ពារ​បេតិកភណ្ឌ​វប្បធម៌​៕
 

Tag:
 សិល្បៈ​
  វប្បធម៌​
  រូប​ចម្លាក់​
  សមុច្ច័យ​
  វត្ថុ​បុរាណ​
  សហរដ្ឋ​អាមេរិក
 
© រក្សាសិទ្ធិដោយ thmeythmey.com