ជាតិ
សង្គមជាតិ
លោកស្រី ជូ ប៊ុនអេង នឹងសួរ UN ពីភ័ស្តុតាង ដែលថា មនុស្ស១០ម៉ឺននាក់ ត្រូវបង្ខំឱ្យធ្វើការនៅកម្ពុជា
31, Aug 2023 , 2:39 pm        
រូបភាព
លោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ រូបពី NCCT
លោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ រូបពី NCCT
ភ្នំពេញ៖ លោកស្រី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចាត់ទុករបាយការណ៍អង្គការសហប្រជាជាតិ UN ធ្វើឡើងតាមអារម្មណ៍ ដោយពុំមានភាពច្បាស់លាស់ ដែលថាមនុស្ស១០ម៉ឺននាក់ រងការបង្ខំឱ្យធ្វើការខុសច្បាប់នៅកម្ពុជា។



 
មនុស្សរាប់ពាន់នាក់កំពុងត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងត្រូវបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌល​បោក​ប្រាស់តាមប្រព័ន្ធអនឡាញខុសច្បាប់ នៅតំបន់​អាស៊ី​អាគ្នេយ៍​។ យ៉ាងហោចណាស់ មានមនុស្សប្រហែល១០ម៉ឺននាក់ នៅកម្ពុជា អាចជាប់ផុង ឬបង្ខំឱ្យធ្វើការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ នេះបើតាម របាយការណ៍របស់ អង្គការសហប្រជាជាតិ (UN) មួយចេញផ្សាយនៅថ្ងៃទី ២៩ ខែសីហា។ 
 
សូមអញ្ជើញស្ដាប់បទសម្ភាសន៍ រវាងកញ្ញា ឡាយ សុភាវតី ជាអ្នករាយការណ៍នៃសារព័ត៌មានថ្មីៗ ( ThmeyThmey) ជាមួយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដូចតទៅ៖ 
 
 
ទាក់ទិននឹង របាយការណ៍នេះ លោកស្រី ជូ ប៊ុនអេង ដាក់ការងឿងឆ្ងល់ ពីតួលេខខាងលើ ហើយបានរៀបចំក្រុមជំនាញ ដើម្បីចោទសួរទៅខាង UN ឱ្យបង្ហាញទឡ្ហីករណ៍ច្បាស់លាស់។ «ករណីនេះ ប៉ះពាលកម្ពុជាខ្លាំងណាស់!»។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសង្កត់ធ្ងន់បែបនេះ ហើយបន្ថែមថា កម្ពុជា ជាប្រទេសរងគ្រោះ ដែលភាគច្រើនក្រុមឧក្រិដ្ឋជននិងជនរងគ្រោះ មិនមែនជនជាតិខ្មែរ។ 
 
លើសពីនេះ លោកស្រីពន្យល់បន្ថែមថា ក្រុមអ្នកសរសេររបាយការណ៍ដាក់បន្ទុកលើកម្ពុជា ខណៈកម្ពុជា ជាទីតាំងលំហូរនៃការប្រព្រឹត្តបទឧក្រិដ្ឋ។ ដូច្នេះ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពាវនាវឱ្យប្រទេស ដែលសង្ស័យថា ពលរដ្ឋខ្លួនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ត្រូវសហការជាមួយកម្ពុជា ដើម្បីដោះស្រាយ និងចាត់វិធានការច្បាប់៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com