កីឡាជាតិ
ជាតិ
ល្បុក្កតោ បាល់ទាត់ តេក្វាន់ដូ​ និង៩ប្រភេទកីឡាទៀត ត្រូវដាក់ក្នុងកម្មវិធីកីឡាសិស្សមធ្យមសិក្សា
01, Sep 2023 , 6:59 pm        
រូបភាព
លោក ហួត  សេងទ្រី  ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា រូបពីអគ្គនាយកដ្ឋានកីឡា
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា រូបពីអគ្គនាយកដ្ឋានកីឡា
ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៣ នឹងត្រូវរៀបចំប្រកួត ចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយពិធីបើការ​ប្រកួតជាផ្លូវការ នឹងចាប់ផ្ដើមនៅដដែរនេះ វេលាម៉ោង ៣ រសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់កីឡា ចំនួន ១២ ប្រភេទ ដែលមាន ១០៥ វិញ្ញាសា សម្រាប់ព្រឹត្តិការណ៍នេះ ដោយមានប្រតិភូកីឡាចូលរួមទាំងអស់ ៣២៥៧នាក់។



កីឡា ១២ប្រភេទ ដែលក្រសួងខាងលើនេះ បានដាក់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៣ មានដូចជា៖ កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, តេក្វាន់ដូ ITF, ប៊ូល និងប៉េតង់, ល្បុក្កតោ, ហែលទឹក និង ការ៉ាតេ។ ១២កីឡានេះ សរុបជាវិញ្ញាសា មានចំនួន ១០៥ ដោយមានប្រតិភូកីឡា មកពី ២៥រាជធានី ខេត្ត-ក្រុង ចំនួន ៣២៥៧នាក់។
 
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថា ការបង្កើតសកម្មភាពប្រកួតកីឡាក្នុងស្ថាប័នអប់រំ មានជារៀងរាល់ឆ្នាំ។ ដោយឡែកការរៀបចំលក្ខណៈប្រកួត ដែលមានកីឡាច្រើនប្រភេទ គឺទើបតែមានចាប់ពីឆ្នាំ២០១៩ មកទល់ពេលនេះ។ លោក សេងទ្រី បន្ថែមថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ត្រូវខកខាន នៅឆ្នាំ២០២០-២០២២ ដោយសារតែបញ្ហាការរីករាលដាលជម្ងឺកូវីដ-១៩។
 
ប្រធាននាយកដ្ឋានរូបនេះ លើកឡើងថា គោលដៅសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា នេះឡើងមានចំនួន៤ ក្នុងនោះ៖ ទី១.បំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី-ខេត-ក្រុង។ ទី២.ជួយឲ្យសិស្សានុសិស្ស មានសុខមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសម្ដៅដណ្ដើមបានលទ្ធផលល្អ ប្រសើលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។
 
ទី៣.លើកទឹកចិត្តដល់អ្នកលេងកីឡា ដើម្បីជ្រើសរើសបានជាកីឡាករ និងកីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ចូលរួមហ្វឹកហាត់ ត្រៀមប្រកួតលើឆាកអន្ដរជាតិ។ និងទី៤ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា  ដើម្បីចងមិត្តភាព និងសាមគ្គីភាព រស់នៅក្នុងសង្គមជាមួយគ្នា យ៉ាងចុះសម្រុង។
 
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទីតាំង ១០កន្លែងសម្រាប់ការប្រកួតនេះ ដោយក្នុងនោះ រួមមាន៖ 
 
១-ពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់កីឡាដូចជា៖ បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, ប៊ូល និងប៉េតង់, តេក្វាន់ដូ WT, តេក្វាន់ដូ ITF និង ហែលទឹក។
២-វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សម្រាប់កីឡា៖ បាល់ទាត់, បាល់ទះ និងអត្ដពលកម្ម
៣-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ បាល់ទាត់, ការ៉ាតេ និងគុនល្បុក្កតោ
 
៤-វិទ្យាល័យច្បារអំពៅ៖ បាល់ទាត់
៥-វិទ្យាល័យជា ស៊ីម បឹងកេងកង៖ បាល់ទាត់
៦-វិទ្យាល័យបឹងត្របែក៖ បាល់ទាត់
៧-មជ្ឈមណ្ឌកីឡាកងយោធពលខេមរភូមិន្ទ៖ បាល់ទាត់
 
៨-វិទ្យាល័យជ្រោយចង្វារ៖ បាល់ទាត់
៩-សាលាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៖ បាល់បោះ
១០-វិទ្យាល័យវត្តកោះ៖ បាល់ទះ៕
 

Tag:
 កីឡាសិស្សមធ្យមសិក្សា
  ហួត សេងទ្រី
© រក្សាសិទ្ធិដោយ thmeythmey.com