ជាតិ
និស្សិតកម្ពុជា២៥៥នាក់ទៀត បានទៅហាត់ការជំនាញកសិកម្មនៅអ៊ីស្រាអែល
01, Sep 2023 , 8:19 pm        
រូបភាព
និស្សិតកម្ពុជា២៥៥នាក់ ត្រៀមចេញទៅហាត់ការជំនាញកសិកម្មរយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល។ រូបភាព៖ ក្រសួងកសិកម្ម
និស្សិតកម្ពុជា២៥៥នាក់ ត្រៀមចេញទៅហាត់ការជំនាញកសិកម្មរយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ និស្សិតកម្ពុជា ២៥៥នាក់ទៀត បានចេញទៅហាត់ការជំនាញកសិកម្មរយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំក្រុមនិស្សិតឱ្យពង្រឹងសមត្ថភាព និងយកជំនាញដែលរៀនពីអ៊ីស្រាអែល មកជួយវិស័យកសិកម្មកម្ពុជាវិញ។



និស្សិតដែលបានទៅហាត់ការនៅអ៊ីស្រាអែល នឹងមានឱកាសរួមចំណែកជួយដល់វិស័យកសិកម្មកម្ពុជា តាមរយៈគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧ គឺការពង្រាយអ្នកជំនាញកសិកម្មនៅតាមគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយបញ្ហានានាក្នុងផលិតកម្មបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតទាំង ២៥៥នាក់ កាលពីថ្ងៃទី៣១ ខែសីហា។ 
 
លោករដ្ឋមន្រ្តី គាំទ្រចំពោះកម្មវិធីហាត់ការខ្លីនេះ ដោយរំពឹងថា និស្សិតទាំងនោះនឹងយកជំនាញដែលបានរៀនពីអ៊ីស្រាអែល មកជួយដល់អភិវឌ្ឍវិស័យកសិកម្មកម្ពុជាវិញ។ និស្សិត ដែលចេញទៅហាត់ការជំនាញកសិកម្មនៅអ៊ីស្រាអែលមាន ២៥៥នាក់ ក្នុងនោះស្រី ៣៩នាក់។ 
 
នាឱកាសនោះ លោក ឌិត ទីណា បានណែនាំដល់និស្សិតឆ្នើមទាំងអស់ ត្រូវមានទំនាក់ទំនងល្អ ខិតខំរៀនសូត្រ ជាពិសេស ពង្រឹងសមត្ថភាពទាំងជំនាញ និងភាសា។ 
 
លោក ថ្លែងបន្ថែមថា៖«ប្អូនៗត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន មានភាពម្ចាស់ការ។ ពិសេសត្រូវពិចារណាថា តើការងារ និងបទពិសោធដែលរៀនសូត្របានពីបរទេស អាចយកមកអនុវត្តបានយ៉ាងដូចម្ដេចនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យមានភាពរីកចម្រើនឡើងបន្ថែមទៀត»។ 
 
ចាប់តាំងពីឆ្នាំ២០០៨មក ​មាននិស្សិតកម្ពុជាជិត២ពាន់នាក់ហើយ ដែលបានឱកាសទៅហាត់ការងារ ផ្នែកកសិកម្មនៅអ៊ីស្រាអែល។ និស្សិតកសិកម្មទាំងនោះ ភាគច្រើនត្រូវបានបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកទេសកសិកម្មទាំងទ្រឹស្ដី និងការអនុវត្ត៕  
 

Tag:
 កសិកម្ម
  អ៊ីស្រាអែល
  សាកលវិទ្យាល័យភូមិន្ទកសិកម្ម
  ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com