កីឡាជាតិ
ជាតិ
លោក ហេង សុខឃន មើលឃើញផលចំណេញមក កម្ពុជា តាមរយៈការផ្សព្វផ្សាយ គុនខ្មែរ នៅចិន
02, Sep 2023 , 9:19 am        
រូបភាព
លោក ហេង សុខឃន ពាក់អាវផ្ទៃមេឃ ឈរនៅកណ្ដាល មកទទួលប្រតិភូកីឡាចិន រូបពី ហ្វេសប៊ុក ហេង សុខឃន
លោក ហេង សុខឃន ពាក់អាវផ្ទៃមេឃ ឈរនៅកណ្ដាល មកទទួលប្រតិភូកីឡាចិន រូបពី ហ្វេសប៊ុក ហេង សុខឃន
លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការយ៉ាងជិតស្និត ជាមួយចិន ក្នុងការផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសនោះ។ លោក សុខឃន មើលឃើញថា  ការសហការនេះ នឹងនាំភាពរីកចម្រើន ដល់វិស័យប្រដាល់គុនខ្មែរ ជាពិសេសទៀត ការផ្សព្វផ្សាយឲ្យពិភពលោក ស្គាល់កាន់តែច្រើនឡើង។ ចិន ក៏បានស្នើសុំ គ្រូបង្វឹកគុនខ្មែរ ចំនួន២រូប ទៅបង្វឹកនៅប្រទេសចិនផងដែរ។



លោក ហេង សុខឃន បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ប្រតិភូកីឡាចិន ចំនួន ៥នាក់ បានមកស្វែងយល់បន្ថែមពីគុនខ្មែរ ដើម្បីអនុវត្តកិច្ចសហការផ្សព្វផ្សាយពីគុនខ្មែរ នៅប្រទេសរបស់ពួកគេ។
 
 កិច្ចសហការផ្សព្វផ្សាយនោះ មាន ២ចំណុច គឺទី១ ចិន បានស្នើសុំសហព័ន្ធប្រដាល់គុនខ្មែរ នូវគ្រូបង្វឹកកម្ពុជា ២រូប ដើម្បីទៅបង្ហាត់នៅប្រទេសចិន និងទី២ ការដកស្រង់បទពិសោធន៍ តាមរយៈការប្រកួតរវាងកីឡាករចិន និងកីឡាករកម្ពុជា។ នេះជាការបញ្ជាក់របស់លោក ហេង សុខឃន។
 
ចំពោះសំណើរសុំគ្រូបង្វឹកកម្ពុជា ២រូបនេះ សហព័ន្ធ បានយល់ស្រប ប៉ុន្ដែចំពោះសមាសភាពវិញ សហព័ន្ធ មិនទាន់អាចសម្រេចថា យកគ្រូបង្វឹករូបណា នៅឡើយទេ ព្រោះត្រូវការព្រមព្រៀងសម្រេច និងស្ម័គ្រចិត្ត ពីសាមីខ្លួន។ នេះ បើតាមការបញ្ជាក់របស់ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ។
 
អគ្គលេខាធិការរូបនេះ បានបន្ដទៀតថា បន្ទាប់ពីចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ សហព័ន្ធប្រដាល់គុនខ្មែរ បានប្រឹងប្រែងយ៉ាងសកម្មក្នុងការពង្រឹងធនធានកីឡាករ-កីឡាការិនី និងបន្ថែមការផ្សព្វផ្សាយកាន់តែខ្លាំង។ លោក សុខឃន យល់ថា ការសហការជាមួយចិន កម្ពុជា នឹងចំណេញច្រើន ហើយការផ្សព្វផ្សាយគុនខ្មែរ គឺកាន់តែឆាប់រហ័ស ទៅកាន់អន្ដរជាតិ ព្រោះចិន ជាមហាអំណាចមួយ ដែលមានប្រជាជនច្រើនជាងគេ លើពិភពលោក។
 
អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖«កីឡា នាំមកនូវមិត្តភាព ដូច្នេះ ការផ្លាស់ប្ដូរកីឡា ធ្វើឲ្យយើង ចំណេញច្រើន ក្នុងការផ្សព្វផ្សាយក្បាច់គុនខ្មែរ នៅលើឆាកអន្ដរជាតិ។ ចំណែកចិន ប្រទេសមហាអំណាច១ ដែលមានប្រជាជនច្រើន ដូច្នេះ យើងចំណេញ ទៅលើក្បាច់គុនយើង។ ពីមុន យើង មិនសូវយកចិត្តទុកដាក់ ប៉ុន្ដែ សម័យកាលនេះ យើង យកចិត្តទុកដាក់ខ្លាំង ក្នុងការផ្សព្វផ្សាយ។»៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ហេង សុខឃន
© រក្សាសិទ្ធិដោយ thmeythmey.com