ជាតិ
ក្មេងស្រី ដែលជិះពោងស្នោទៅរៀន ទទួលបានការឧបត្ថម្ភពីអភិបាលខេត្តសៀមរាប
02, Sep 2023 , 3:19 pm        
រូបភាព
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ពេលចុះទៅជួបកុមារីនៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ដែលជាសហគមន៍បណ្ដែតទឹកនៃបឹងទន្លេសាប។ រូបភាពពីបណ្ដាញសង្គម
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ពេលចុះទៅជួបកុមារីនៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ដែលជាសហគមន៍បណ្ដែតទឹកនៃបឹងទន្លេសាប។ រូបភាពពីបណ្ដាញសង្គម
សៀមរាប៖ បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីរូបភាពក្មេងស្រីម្នាក់ ដែលជិះពោងស្នោ ជាក្បួន ឬមធ្យោបាយទៅសាលារៀននៅបឹងទន្លេសាបរួចមក អភិបាលខេត្តសៀមរាបលោក ប្រាក់ សោភ័ណ ក៏បានចុះទៅជួបក្មេងស្រី នោះផ្ទាល់ នៅថ្ងៃទី២ កញ្ញានេះ។ ក្មេងស្រីនោះទទួលបានទូកស្មាច់មួយគ្រឿង​ ពីរដ្ឋបាលស្រុកពួក ជំនួសមធ្យោបាយដែលកំពុងប្រើសព្វថ្ងៃ និងសម្ភារសិក្សា សំលៀកបំពាក់ រួមនិងអាហារមួយចំនួនទៀត។

 
អភិបាលស្រុកពួក លោក ស៊ិន ចាន់ថុល បានឱ្យសារព័ត៌មានថ្មីៗដឹងថា កុមារីខាងលើរៀននៅ​សាលាបឋមសិក្សាមេជ្រៃ ស្ថិតនៅភូមិពាមតាអួរ ឃុំកែវពណ៌ ដែលសាលានេះមានក្មេងៗរៀនជាង ២០០នាក់។ ជាភូមិបណ្ដែតទឹក ដូច្នេះសាលាក៏តែងចល័តចុះឡើង តាមចរន្តទឹកផងដែរ ដែលតម្រូវឱ្យ​សិស្សប្រើប្រាស់មធ្យោបាយជាទូក ដើម្បីធ្វើដំណើរទៅសាលារៀន។ នេះជាការបញ្ជាក់​ពីលោក ស៊ិន ចាន់ថុល។ 
 
លោកអភិបាលស្រុកបន្ថែមថា អំឡុងពេលចុះទៅជួបគ្រួសារកុមារីគន្ធា នៅពេលនោះ  អភិបាលខេត្តសៀមរាប​លោក ប្រាក់ សោភ័ណ ក៏បានឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យ និងការគាំពារដល់កុមារ ផ្សេងទៀត ដែលមានជីវភាពប្រហាក់ប្រហែលគ្នានេះដែរ។ ក្រៅពីនោះ សាលារៀនក៏ត្រូវមានការគាំពារ​ឡើងវិញ​ផងដែរ។ លោក ស៊ិន ចាន់ថុល បន្ថែមថា នៅថ្ងៃទី៣ កញ្ញា រដ្ឋបាលស្រុកនឹងបន្តចុះទៅ​ជួយ​កុមារចំនួន៧គ្រួសារទៀត ដែលមានជីវភាពខ្វះខាតដូចកុមារីគន្ធាដែរ៕
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com