កីឡាជាតិ
ជាតិ
កត្តា ២ យ៉ាង ធ្វើឲ្យ ស៊ិន សុវណ្ណមករា ក្លាយជាកីឡាករវ័យក្មេងមានសមត្ថភាព
03, Sep 2023 , 9:19 am        
រូបភាព
ស៊ិន សុវណ្ណមករា ពាក់អាវលេខ ១៤ ក្នុងការប្រកួតក្រុមជម្រើសជាតិកម្ពុជា ក្រោម២៣ ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រូបពី សហព័ន្ធបាល់ទាត់កម្ពុជា
ស៊ិន សុវណ្ណមករា ពាក់អាវលេខ ១៤ ក្នុងការប្រកួតក្រុមជម្រើសជាតិកម្ពុជា ក្រោម២៣ ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រូបពី សហព័ន្ធបាល់ទាត់កម្ពុជា
កីឡាករ ស៊ិន សុវណ្ណមករា ខ្សែបម្រើក្លិបវិសាខា បាននិយាយថា ការលើកទឹកចិត្តពីឪពុកម្ដាយ បងប្អូន ជាផ្នែកមួយធ្វើឲ្យរូបគេ មានឆន្ទៈ ក្នុងការលេងបាល់។ ខ្សែបម្រើ វ័យ១៩ឆ្នាំរូបនេះ បន្ថែមទៀតថា ការប្រឹងប្រែងដោយខ្លួនឯង ស្ដាប់តាមការណែនាំរបស់គ្រូបង្វឹក និងយកគំរូ រៀមច្បងក្នុងវិស័យនេះ ជាផ្នែកមួយក្នុងការអភិវឌ្ឍ និងកើនសមត្ថភាព របស់ខ្លួន។

ប្រាប់សារព័ត៌មានថ្មីៗតាម ហ្វេសប៊ុក កីឡាករ ស៊ិន សុវណ្ណមករា បង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលជាប់ជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ សម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍ AFC U-23 Asian Cup Qatar 2023។ 
 
ត្រឹមអាយុ ១៩ឆ្នាំ ខ្សែបម្រើការពាររូបនេះ បានជាប់ជាមួយក្រុមជម្រើសជាតិកម្ពុជា ជាច្រើនលើក ទាំងឈុតតូច និងឈុតធំ ដោយគិតតាំងពីឆ្នាំ២០១៩ មកទល់ពេលនេះ មានចំនួន ១៥លើក ដោយគិតទាំងការត្រៀមបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ AFC U-23 Asian Cup Qatar វគ្គចែកពូល នៅប្រទេសអារ៉ាប៊ូ សាអូឌីត នាថ្ងៃទី៦-១២ ខែកញ្ញា ឆ្នាំ២០២៣។ 
 
ការជាប់ជម្រើសជាតិ ១៥លើកនោះ មាន៖ AFF U15 ចំនួន ១លើក, AFF U16 ចំនួន ២លើក, Sea Games ចំនួន ២លើក, AFF Suzuki Cup ១លើក, AFC Asian Cup ១លើក, AFC Asian Cup U23 ១លើក, AFC U20 ១លើក, AFF U19 ១លើក, Merlion ១លើក, AFF U23 ២លើក, AFC Asian Cup (India) ១លើក និង AFC U23 Asian Cup Qatar នេះ។
 
ខ្សែបម្រើការពាររូបនេះ បានប្រាប់ដូច្នេះថា កត្តា ២យ៉ាង ដែលធ្វើឲ្យខ្លួនមានស្មារតីខ្ពស់ និងឆន្ទៈប្រឹងប្រែងសមត្ថភាពខ្លួនឲ្យកាន់តែខ្លាំង គឺទី១ ការលើកទឹកចិត្តពីគ្រួសារ អ្នកគាំទ្រ និង ទី២ ការស្ដាប់គ្រូបង្វឹក ហើយយកគំរូតាមរៀបច្បង ដែលមានសមត្ថភាព ទាំងកីឡាករជាតិ និងកីឡាករអន្តរជាតិពីតំបន់អឺរ៉ុប។ ស៊ិន សុវណ្ណមករា បានពន្យល់ថា ឪពុកម្ដាយរបស់ខ្លួន តែងលើកទឹកចិត្ត ជាពិសេសតែងមកគាំទ្រនៅទីលានប្រកួតតែម្តង។ 
 
កីឡាករវ័យ ១៩ឆ្នាំ បន្ថែមទៀតថា ការស្ដាប់តាមការណែនាំរបស់គ្រូបង្វឹក គឺសំខាន់ណាស់សម្រាប់កីឡាករ ក្នុងការអនុវត្ត និងហ្វឹកហាត់។ សមាជិកក្រុមវិសាខា បន្ដថា ការមើលតាមការអនុវត្តល្អៗរបស់រៀមច្បងក្នុងវិស័យបាល់ទាត់ គឺអាចជួយពង្រឹងចំណុចខ្វះខាត ម្យ៉ាងវិញទៀត កីឡាកររូបនេះ ក៏តែងអនុវត្តតាមកីឡាករល្អៗ នៅតំបន់អឺរ៉ុប ផងដែរ។ 
 
«កត្តាទីមួយ គឺការផ្តលកម្លាំងពីរគ្រួសាររបស់ខ្ញុំ។ កត្តាទីពីរ គឺការខិតខំប្រឹងប្រែងហាត់ទាំងនៅក្នុងក្លឹបក៏ដូចជាពេលទំនេហើយព្យាយាមធ្វើអ្វី ដែលគ្រូចង់បានមួយទៀតគឺការមើលពីរបៀបលេងរបស់កីឡាករដែលពួលគាត់លេងនៅក្លឹបធំៗរបស់អឺរ៉ុបហើយយកទៅអនុវត្តនៅពេលហ្វឹកហាត់។»។ កីឡាករ ស៊ិន សុវណ្ណមករា បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កីឡាករ ស៊ិន សុវណ្ណមករា គឺជាម្នាក់ក្នុងចំណោម ២៣នាក់ ត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup Qatar វគ្គចែកពូល។ 
សមាសភាពកីឡាករ U23 កម្ពុជាទាំង ២៣ ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ សម្រាប់ការប្រកួតវគ្គជម្រុះ AFC U23 Asian Cup មកពី ១១ក្លិប ក្នុងនោះមាន៖
 
វិសាខា មានចំនួន ៥រូប ៖ ស៊ិន សុវណ្ណមករា, សារទី, ឡេង ណូរ៉ា, ស រតនា និង ភឿក ថាតថៃ
 
បឹងកេត មានចំនួន ២រូប ៖ តាំង ប៊ុនឆៃ និង កយ សាលីម
 
ភ្នំពេញក្រោន មានចំនួន ១រូប គឺ កើត ពេជ្រ
 
ណាហ្គាវើលដ៍ មានចំនួន ៤រូប៖ ជា សុខម៉េង, ហួត វ៉ាន់ណេត, ផាត សុខា និង រ៉េត លីហេង
 
ព្រះខ័នរាជ ស្វាយរៀង មានចំនួន ៣នាក់៖ ជូ ស៊ីនទី, មិន រតនៈ និង វីរៈ ដារ៉ា
 
អង្គរថាយហ្គឺរ មានចំនួន ៣នាក់៖  អ៊ីម រ៉ាឃីម, សុផល ឌីម៉ង និង សុវណ្ណ ដូណា
 
គិរីវង់សុខសែនជ័យ មាន ១រូប គឺ អ៊ាន ពិសី
 
ព្រៃវែង មាន ២រូប គឺ វឿន វ៉ា និង ចាន់ សារ៉ាពេជ្រ
 
អាយ អេស អាយ ដង្កោសែនជ័យ ១ រូប គឺ ហាវ សុខនេត្រ
 
សាលាបាល់ទាត់ជាតិបាទី មានចំនួន ១រូប គឺ អ៊ីត សូនី៕
 

Tag:
 ស៊ិន សុវណ្ណមករា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com