សេដ្ឋកិច្ច
អន្តរជាតិ
អតិផរណាតំបន់ចាយប្រាក់អឺរ៉ូរក្សាអត្រាខ្ពស់៥,៣ភាគរយ នៅខែសីហា
02, Sep 2023 , 8:59 pm        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
នៅថ្ងៃទី៣១ ខែសីហា ធនាគារកណ្តាលអឺរ៉ុប (ECB) ប្រកាសថា អតិផរណានៅប្រទេសចំនួន ២០ ដែលបានចាយប្រាក់អឺរ៉ូនៅតែមិនប្រែប្រួលដោយរក្សាក្នុងអត្រា ៥,៣ភាគរយនៅខែសីហា ឆ្នាំ២០២៣ ។ អ្នកវិភាគរំពឹងថា ECB អាចនឹងពិចារណាផ្អាកជាបណ្តោះអាសន្ននូវគោលនយោបាយដំឡើងអត្រាការប្រាក់ ក្នុងបរិបទការធ្លាក់ចុះខ្លាំងនៃកំណើនសេដ្ឋកិច្ច។

រយៈពេល ១៣ខែកន្លងមកនេះ ECB បានបន្តដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងអតិផរណា។ អ្នក​វិភាគ​រំពឹង​ថា​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​អាច​ពិចារណា​លើ​ការ​ផ្អាក​ការ​ដំឡើងអត្រា​ការ​ប្រាក់ ​ស្របពេល​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់នៃ​កំណើន​សេដ្ឋកិច្ច ។
 
ស្ថិតិបង្ហាញថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) របស់តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង ៩,៨ភាគរយចាប់តាំងពីខែសីហាឆ្នាំមុន។ ទន្ទឹមនឹងនេះ អតិផរណាស្នូលដោយមិនរាប់បញ្ចូលប្រេងឥន្ធនៈ និងអាហារបានធ្លាក់ចុះពី ៥,៥ភាគរយទៅ ៥,៣ភាគរយនៅខែសីហា។
 
លើសពីនេះ តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះ ៣,៣ភាគរយ ដោយសារតម្លៃប្រេងពិភពលោកមិនផ្លាស់ប្តូរ ហើយរដូវក្តៅកាត់បន្ថយតម្រូវការប្រេងឥន្ធនៈសម្រៅកំដៅបន្ទប់។
 
សេដ្ឋវិទូនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Capital Economics លោក​ Jack Allen-Reynolds បាននិយាយថា ៖ « កត្តាជះឥទ្ធិពលដល់អតិផរណានៅតំបន់នេះដោយសារតម្លៃថាមពលតែមួយគត់ ខណៈដែលអត្រាការប្រាក់មូលដ្ឋានបានធ្លាក់ចុះ។ យើង​មិន​គិត​ថា​តួលេខ​ទាំងនេះ ​នឹង​ជះឥទ្ធិពល​ដល់​ការសម្រេចចិត្ត​របស់ ECB ក្នុងការ​បង្កើន​ ឬ​រក្សា​អត្រា​ការប្រាក់​នៅក្នុង​កិច្ចប្រជុំ​នាពេលខាងមុខ​នោះទេ ​»​។
 
ជាមួយគ្នានេះ ប្រធានធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde លើកឡើងថា ការសម្រេចចិត្តលើអត្រាការប្រាក់នៅឯកិច្ចប្រជុំ ECB នាពេលក្រោយគឺអាស្រ័យលើទិន្នន័យដែលទទួលបាននាពេលខាងមុខ។
 
កំណើនសេដ្ឋកិច្ច​តំបន់​ចាយប្រាក់​អឺរ៉ូ​ ត្រូវបានរង​ប៉ះ​ពាល់​យ៉ាងខ្លាំងពីប្រទេសដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​តំបន់ ​គឺ​​អាល្លឺម៉ង់។ ផលិតផលក្នុងស្រុកសរុប (GDP) របស់អាល្លឺម៉ង់មិនមានកំណើននោះទេនៅត្រីមាសទីពីរនេះ បន្ទាប់ពីបានធ្លាក់ចុះ ០,៣ភាគរយកាលពីត្រីមាសទីមួយ។
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា អាល្លឺម៉ង់នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបន្តធ្លាក់ចុះ ០,៣ភាគរយនៅឆ្នាំនេះ។
 
អ្នកសេដ្ឋកិច្ចជាច្រើនមានការព្រួយបារម្ភថា គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងរបស់ ECB កំពុងថ្លឹងថ្លែងលើសកម្មភាពសេដ្ឋកិច្ចអឺរ៉ុប ដោយកាត់បន្ថយតម្រូវការឥណទាន រារាំងការវិនិយោគ និងការប្រើប្រាស់ជាដើម។
 
បន្ទាប់ពីការបង្កើនអត្រាប្រាក់បញ្ញើដល់ ៣,៧៥ភាគរយដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០១ ECB បន្តបើកទ្វារចំហសម្រាប់ការដំឡើងអត្រាការប្រាក់ថ្មីនៅខែកញ្ញា ឆ្នាំនេះ ដើម្បីសម្រេចបាននូវគោលដៅនៃការនាំយកអត្រាអតិផរណាទៅកម្រិត ២ភាគរយនៅរយៈពេលមធ្យម៕
 

Tag:
 អតិផរណា
  អឺរ៉ុប
  ធនាគារកណ្តាល
  ECB
© រក្សាសិទ្ធិដោយ thmeythmey.com