កីឡាជាតិ
ជាតិ
រឿង សោភ័ណ្ឌ ចង់ប្រកួតជាមួយជើងខ្លាំង Alex និង Saenchai មុនចូលនិវត្ត
02, Sep 2023 , 8:19 pm        
រូបភាព
កីឡាករ រឿង សោភ័ណ្ឌ រូបពីហ្វេសប៊ុក រឿង សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ រូបពីហ្វេសប៊ុក រឿង សោភ័ណ្ឌ
កីឡាករប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ បង្ហាញបំណងចង់ប្រកួតជាមួយកីឡាករខ្លាំងៗ ២រូបមុនខ្លួនចូលនិវត្ត ប៉ុន្តែមិនមែនជាកីឡារកររួមជាតិកម្ពុជាទេ។ កីឡាករទាំងពីររូបដែលម្ចាស់មេដាយមាសកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ចង់ជួបនោះមាន Alex Bublea របស់រូម៉ានី និងកីឡាករថៃ Saenchai។

 
ក្នុងបទសម្ភាសជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រឿង សោភ័ណ្ឌ កីឡាករគុនខ្មែរវ័យ ៣៥ឆ្នាំ បាននិយាយថា វ័យរបស់ខ្លួន កាន់តែជ្រេ ដូច្នេះការចូលនិវត្តពីអាជីពជាកីឡាករ នៅមិនយូរនោះទេ។ ដោយឡែក កីឡាកររូបនេះ មិនទាន់អាចកំណត់អាយុ និងពេលវេលា សម្រាប់បញ្ចប់អាជីពមួយនេះនៅឡើយទេ ដោយរង់ចាំមើលលើសុខភាពជាក់ស្ដែងរបស់ខ្លួន។
 
«វា មិនយូទៀតទេ វា មិនទាន់ទៀង ចាំមើលសុខភាពប៉ុណ្ណោះ ព្រោះអីពេលនេះ យើង អត់ទាន់កំណត់បានទេ។ យើង ចាំមើលជាក់ស្ដែង នៅពេលប្រកួត មានបញ្ហាអ្វី ឧទាហរណ៍ ឆាប់អស់ស្ទុះ ហត់ខ្លាំង និងបន្ទាប់ពីប្រកួតឈឺខ្លួន ទ្រុតទ្រោមខ្លាំងពេក ព្រោះឥឡូវនេះ យើងចាប់ផ្ដើមទ្រុតទ្រោមបណ្ដើរៗហើយ ណាមួយ យើង គិតថាថា អាយុច្រើនដែរហើយ ខ្សែក្រវ៉ាតក៏ច្រើនដែរ។ ក្នុងស៊ីហ្គេមនេះ ខ្ញុំ ក៏បានមេដាយមាស១ សម្រាប់ជូនប្រទេសជាតិយើង និងប្រជាជនកម្ពុជា របស់យើង អ៊ីចឹងវាច្រើនដែរហើយ។»។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បាននិយាយដូច្នេះ។
 
កីឡាករ រឿង សោភ័ណ្ឌ ក៏បានបន្ថែមទៀតថា ប្រសិនជាមានព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវ៉ាត់ធំៗ ក្នុងឆ្នាំនេះ ខ្លួន នៅតែមានមហិច្ឆតាដណ្ដើមដែរ។ ប៉ុន្ដែ បើឈានទៅដល់ ១ ទៅ២ឆ្នាំទៀត សោភ័ណ្ឌ បារម្ភថាខ្លួនមិនអាចប្រជែងឈ្នះកីឡាករ ក្មេងៗ ដែលមានកម្លាំងខ្លាំងជាង។ 
 
ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ បាននិយាយក្នុងវីឌីអូសម្ភាស ដូច្នេះថា៖«បើប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ក្នុងឆ្នាំនេះ គឺអាច ប៉ុន្ដែបើទុក ១-២ឆ្នាំទៀត ប្រហែលជាមិនអាចទេ ព្រោះបារម្ភ យើងចាស់ហើយ គេក្មេង មានកម្លាំងជាងយើង។ អ៊ីចឹង យើង ព្រួយបារម្ភច្រើនដែរ ប៉ុន្ដែបើឥឡូវៗ ក្មេងប៉ុណ្ណា ក៏អាចវាយបានដែរ។»។
 
បើទោះជាមិនទាន់កំណត់ពេលវេលាណាមួយបញ្ចប់អាជីពប្រដាល់ លោក រឿង សោភ័ណ្ឌ បញ្ជាក់ថាមិនចង់ប្រកួតជាមួយកីឡាករកម្ពុជាទេ ដោយសារតែខ្លួនធ្លាប់មានបទពិសោធន៍ប្រកួតរួចហើយ។ ម្យ៉ាងវិញទៀត កីឡាកររូបនេះ​ និយាយថា រូបលោក គឺជា Super Star មួយរូបក្នុងកម្ពុជា ដូច្នេះ មុនពេលបញ្ចប់អាជីពលោកចង់ប្រកួតជាមួយកីឡាករ បរទេស ដែលមានសមត្ថភាពខ្លាំងៗ។
 
«កីឡាករក្នុងស្រុក ខ្ញុំ លែងចង់ជួបហើយ។ កាលពីមុន ខ្ញុំ ធ្លាប់ជួបពួកគាត់អស់ហើយ ព្រោះដោយសារ យើងជាលំដាប់ប្រទេសមួយៗហើយ បានន័យថា យើងជា Super Star សម្រាប់គីឡូមួយៗ ហើយ។ ដូច្នេះ ខ្ញុំ មិនចង់ជួបជាមួយកីឡាករ ខ្មែរទេ។ ជាជាក់ស្ដែង អំឡុងពេលកូវីដ គេបើកប្រកួតតែកីឡាករក្នុងស្រុក សម្រាប់ខ្ញុំ ខ្ញុំ អត់ប្រកួតទេ ដោយសារតែគ្នាឯង។

មុនចូលនិវត្ត ខ្ញុំ ចេះតែចង់ជួបអ្នកខ្លាំងៗ ឲ្យដឹងពីកម្រិតយើង មុនយើងភ្ជួរកង់ចោល។ វា មានន័យថា ចង់ឲ្យក្មេងៗ ឃើញថាចាស់ តែនៅវាយបាន។»។ លោក រឿង សោភ័ណ្ឌ បាននិយាយដូច្នេះ។
 
កីឡាករបរទេស ២រូប ដែល សោភ័ណ្ឌ ចង់ប្រកួតជាមួយនោះ គឺ Alex Bublea និង Sanchai។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ និយាយថាការប្រសិនជាបានប្រកួតជាមួយកីឡាទាំង២នេះ រូបលោក អាចដឹងពីកម្រិតរបស់ខ្លួន ហើយប្រសិនជាមានឱកាសប្រកួតពិតមែន ទោះឲ្យលោក សោភ័ណ្ឌ ចេញទៅប្រកួតនៅក្រៅប្រទេស ក៏រូបលោក ព្រមទៅដែរ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  រឿង សោភ័ណ្
© រក្សាសិទ្ធិដោយ thmeythmey.com