កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Haaland , Son និង Ferguson រកបានម្នាក់៣គ្រាប់ សម្រាប់ជ័យជម្នះរបស់ក្រុម
03, Sep 2023 , 10:59 am        
រូបភាព
កីឡាករ៣រូប បានសម្រេចគ្រាប់បាល់ Hat-Trick សម្រាប់ជ័យជម្នះរបស់ក្រុមពួកគេ ទៅលើគូប្រកួត នៃក្របខណ្ឌ Premier League នាសប្ដាហ៍៤ ថ្ងៃទី២ កញ្ញា។ កីឡាករទាំង៣រូបនោះ Erling Haaland , Heung-Min Son និង Evan Ferguson ។

សម្រាប់ការប្រកួតរវាងក្រុមមេឃខៀវ Man City ជាមួយ Fulham បានបញ្ចប់ដោយលទ្ធផល៥ ទល់១ ។ ក្នុងលទ្ធផលទាំង៥គ្រាប់នេះ កីឡាករខ្សែប្រយុទ្ធសញ្ជាតិន័រវេស Haaland រកបាន៣គ្រាប់ម្នាក់ឯង នៅនាទី៥៨ ៧០ និង៩០បូក៥នាទី។ ក្រៅពីរកបានគ្រាប់បាល់ហើយ Haaland ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម១គ្រាប់ដែរ ឱ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Julian Alvarez ដែលជាអ្នករកគ្រាប់បាល់ទីដំបូងឱ្យMan City នៅនាទី៣១ មុននឹងកីឡាករ Tim Ream របស់Fulham រកបានគ្រាប់បាល់១តាមស្មើភ្លាមៗ នៅនាទី៣៣។ មុនចប់តង់ទី១ នាទី៤៥បូក៥នោះ ខ្សែការពារ Nathan Ake រកបានគ្រាប់បាល់ទី២ឱ្យMan City បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Phil Foden ។
 
ក្នុងការប្រកួតនេះ ក្រុម Man City គ្រប់គ្រងបាល់បាន៦៤ភាគរយ ខណៈFulham មានតែ៣៦ភាគរយប៉ុណ្ណោះ។ ចំពោះការស៊ុតវិញ ក្រុមមេឃខៀវ ស៊ុត៧លើក ចំគោលដៅ៥លើក នឹងសម្រេចទីបាន៥គ្រាប់។ ចំណែកក្រុម Fulham មានឱកាសស៊ុត៦លើក ចំគោលដៅ៤លើក ហើយរកបាន១គ្រាប់។
 
ងាកទៅមួយគូទៀត រវាងក្រុម Burnley និង Tottemham Hotspur ឯណោះ ក៏មានការគ្រាប់បាល់ច្រើនដែរ។ ត្រឹម៤នាទីដំបូង ខ្សែប្រយុទ្ធ Lyle Foster បានរកគ្រាប់ដំបូងឱ្យ Burnley តាមរយៈការបញ្ជូនបាល់ពីខ្សែបម្រើស្លាបឆ្វេង Luca Koleosho ។ ការប្រកួតបាន១២នាទីក្រោយមក ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-min Son បានរកគ្រាប់បាល់តាមស្មើឱ្យវិញ តាមរយៈការបញ្ចូនបាល់ពីខ្សែបម្រើស្លាបឆ្វេង Manor Solomon មុននឹងខ្សែការពារ Cristian Romero បន្ថែមគ្រាប់ទី២ឱ្យ Spurs នៅនាទី៤៥បូក២នាទី។
 
ឈានចូលវគ្គទី២ ខ្សែបម្រើប្រយុទ្ធ James Maddison រកបានមួយគ្រាប់ទៀត ក្រោយពីការបញ្ជូលបាល់យ៉ាងល្អ ពីសំណាក់ខ្សែការពារ Destiny Udogie នៅនាទី៥៤ មុននឹងកីឡាករ Heung-min Son បន្ថែម២គ្រាប់ទៀត នៅនាទី៦៣ និង៦៦នាទី។ ជិតចប់ការប្រកួតទៅហើយកីឡាករ Josh Brownhill ដែលប្ដូរចូលជំនួសកីឡាករ Sander Bergeនោះ រកបានគ្រាប់បាល់ទី២ ឱ្យ Burnley នៅនាទី៩០បូក៤នាទី។ ចប់ការប្រកួត Spurs យកឈ្នះ Burnley ដោយលទ្ធផល៥ទល់២។
 
សម្រាប់ការប្រកួតនេះ Spurs គ្រប់គ្រងបាល់៥២ភាគរយ ហើយ Burnley គ្រងបាល់៤៨ភាគរយ ។ Spurs ស៊ុតបាន២២លើក ចំគោលដៅ១០លើក ហើយសម្រេចបាន៥គ្រាប់ ខណៈ Burnley ស៊ុត១៨លើក ចំគោលដៅ ៥លើក ។
 
ដោយឡែកជំនួបក្រុម Brighton និង Newcastle បានបញ្ចប់ដោយលទ្ធផល៣ទល់១ ។ ក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអៀឡង់ Evan Ferguson រកបាន៣គ្រាប់ម្នាក់ឯង នៅនាទី២៧ ៦៥ និង៧០ ឱ្យក្រុម Brighton មុននឹងខ្សែប្រយុទ្ធ Culum Wilson ស៊ុតបញ្ចូលទីតាមពីក្រោយ ឱ្យក្រុម Newcastle នៅនាទី៩០បូក២។
 
Brighton គ្រប់គ្រងបាល់៥៩ភាគរយ ហើយ Newcastle ៤១ភាគរយ ។ Brighton មានឱកាសស៊ុតបាល់១៥លើក ចំគោលដៅ៦លើក ខណៈ Newcastle ស៊ុតបាន៩លើក ចំគោលដៅ២លើក។
សម្រាប់លទ្ធផលបណ្ដោះអាសន្ន Man City ឈរលើកំពូលតារាង ដោយមាន១២ពិន្ទុ ក្រោយឈ្នះទាំង៤ប្រកួត តាមពីក្រោយដោយ Spurs និង West Ham មាន១០ពិន្ទុដូចគ្នា។ 
 
ដោយឡែកការប្រកួតនៅថ្ងៃទី៥ កញ្ញានេះ មាន៣គូទៀត រវាងក្រុម Crystal Palace Wolverhampton , Liverpool ត្រូវប៉ះ Aston villa និងជំនួបក្រុមធំ រវាងArsenal និងManchester United។
 

Tag:
 បាល់ទាត់
  Haaland
  Son
  Ferguson
© រក្សាសិទ្ធិដោយ thmeythmey.com