ជាតិ
រដ្ឋមន្រ្តីអប់រំកម្ពុជា នឹងចែករំលែកបទពិសោធន៍កែទម្រង់សាលារៀន ដល់ប្រទេសម៉ាលី
03, Sep 2023 , 11:29 am        
រូបភាព
កម្ពុជា នឹងចែករំលែកបទពិសោធន៍ការកែទម្រង់សាលារៀន ដល់ប្រទេសម៉ាលី ដើម្បីលើកកម្ពស់ការអប់រំរវាងប្រទេសទាំងពីរថែមទៀត។ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួន ណារ៉ុន បានជួបពិភាក្សាការងារជាមួយលោកស្រី លោកស្រី អេវ៉ា មីស្លីវីក អតីតស្ថាបនិកអង្គការបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាCDRI និងលោកលោក មហាម៉ាត់ ឌៀររ៉ា នាយកសាលា Samdech Hun Sen School Complex ដែលមកពីប្រទេសម៉ាលី កាលពីថ្ងៃទី២ កញ្ញា នៅទីស្តីការក្រសួង។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី EVa Mysliwiec និងលោកនាយកសាលា Samdech Hun Sen School Complex មានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាលានៅកម្ពុជា។ ឆ្លើយតបនឹងបំណងនេះ រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា បង្ហាញការគាំទ្រ។ 
 
លោក ហង់ ជួន ណារ៉ុន សន្យានឹងបង្កើតកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍របស់កម្ពុជា នៅក្នុងការធ្វើកំណែទម្រង់សាលារៀន។ ជាពិសេសការបង្រៀនផ្នែកវិធីសាស្ត្រ នៃការបង្រៀន, បច្ចេកវិទ្យា ,ការបណ្ដុះបណ្ដាលគ្រូ ,ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ,ការបណ្ដុះសិស្ស នៅក្នុងការលើកកម្ពស់សមត្ថភាពសតវត្សទី២១ ដើម្បីលើកកម្ពស់គុណភាពអប់រំ។
 
ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ៖«កិច្ចសហប្រតិបត្តិការមួយនេះ អាចធ្វើឱ្យប្រទេសទាំងពីរមានឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក»។
កាលពីឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ សម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ រដ្ឋធានីនៃប្រទេសម៉ាលី។ សាលារៀននោះ ត្រូវបានឱ្យឈ្មោះថា Samdech Hun Sen School Complex។
 
សាលា CSSHS ដែលមានទីតាំងលើផ្ទៃដី១ហិកតានៅក្រុងបាម៉ាកូ ត្រូវបានសម្ពោធកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡាកម្ពុជា លោក ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីក្រសួងអប់រំជាតិម៉ាលី លោកស្រី Togola Jacqueline Marie Nana ដែលតំណាងឲ្យប្រមុខរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។
Relate 122718
 

Tag:
 ហង់ ជួន ណារ៉ុន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com