ជាតិ
នយោបាយជាតិ
បក្សនយោបាយចំនួន២៨ហើយ សុំចូលក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ 
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាពេលកន្លងមក។ រូបពី ហ្វេសប៊ុកលោក ពេជ្រ ស្រស់
×![]()
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤កញ្ញានេះ មានបក្សនយោបាយចំនួន២៨ហើយ បានដាក់ពាក្យសុំចូល ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ នេះបើតាម លោក ឈឹម ផលវរុណ ប្រធានលេខាធិការរដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ។
បក្សទាំង២៨នេះ ក្នុងចំណោមបក្សនយោបាយជាង៤០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ បានស្នើសុំចូលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ លោក ឈឹម ផលវរុណ សុំមិនបង្ហាញឈ្មោះបក្សទាំងនេះឡើយ។
ចំពោះការឈប់ទទួលពាក្យស្នើសុំចូលអង្គភាព គឺមានរយៈពេល១៤ថ្ងៃ ក្រោយព្រះរាជក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអនុម័តចេញជាផ្លូវការ កាលពីថ្ងៃទី២៦ សីហា។ ដូច្នេះ នៅសល់៤ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការដាក់ពាក្យសុំចូលអង្គភាពនេះ។
លោក ឈឹម ផលវរុណ បានបញ្ជាក់ថា ក្រោយពេលបញ្ចប់ការទទួលពាក្យ ខាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងពិនិត្យសំណើរ ដែលបានដាក់ទាំងអស់។ ចំពោះការប្រជុំជាមួយបណ្ដាបក្សនយោបាយ ដែលបានដាក់ពាក្យស្នើសុំ លោកពុំទាន់ដឹង ឬកំណត់ថ្ងៃបានឡើយ។
បក្សនយោបាយនៅកម្ពុជា ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានជាង៤០បក្ស ហើយក្នុងនោះមាន១៨បក្ស បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ ទាក់ទិននឹងការចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាពេលថ្មីៗ ឃើញមានបក្សខ្លះ ដែលធ្លាប់បានចូលរួម កាលពីអាណត្តិមុន បានស្នើសុំឱ្យមានកែប្រែនីតិវិធីធ្វើការងារមួយចំនួន។ ចំណែក បក្សខ្មែររួបរួមជាតិ គេឃើញមានការបែកបាក់ផ្ទៃក្នុង ដោយសារមានមតិផ្ទុយគ្នា ពាក់ព័ន្ធនឹងការសម្រេចឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់៕
© រក្សាសិទ្ធិដោយ thmeythmey.com